ស៊ុយអែតរកឃើញដាននៃការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ដោយបានបញ្ជាក់ថា វាជាការប៉ុនប៉ងបំផ្ទុះដោយចេតនា
ស៊ុយអែត៖អាជ្ញាធរស៊ុយអែតបានលើកឡើងកាលពីថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកាថា ការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ដ៏អាថ៌កំបាំងកាលពីខែកញ្ញា ដែលធ្វើឲ្យបំពង់បង្ហូរឧស្ម័នពីរុស្ស៊ីទៅកាន់អឺរ៉ុប មិនអាចដំណើរការបាន។ ក្រោមលទ្ធផលស៊ើបអង្កេតបណ្ដោះអាសន្ន ការផ្ទុះបែកធ្លាយបំពង់បង្ហូរឧស្ម័ននេះបណ្តាលមកពីការប៉ុនប៉ងបំផ្ទុះដោយចេតនា នេះបើយោងតាមការរកឃើញនូវស្លាកស្នាម និងដាននៃគ្រឿងផ្ទុះមួយចំនួន។ យ៉ាងណាក៏ដោយ ការស៊ើបអង្កេតនៅមិនទាន់បានបញ្ចប់នៅឡើយទេ។
ព្រះរាជអាជ្ញាម្នាក់ឈ្មោះថា Mats Ljungqvist និងអង្គភាពសេវាសន្តិសុខស៊ុយអែត បានរាយការណ៍អំពីការត្រួតពិនិត្យរបស់ពួកគេលើបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 នៅក្នុងសមុទ្របាល់ទិក ដោយបានរកឃើញថា វាមានការខូចខាតយ៉ាងដំណំ ហើយពួកគេក៏បានបង្ហាញអំពីសំណល់ជាតិផ្ទុះដែលផលិតនៅបរទេសមួយចំនួនផងដែរ។ យ៉ាងណាក៏ដោយ ការលើកឡើងរបស់ពួកគេមិនបានឆ្លើយតបទៅនឹងសំណួរដែលថា តើនរណាជាអ្នកទទួលខុសត្រូវ? ហើយ តើជនបង្កទៅបំផ្ទុះនៅបាតសមុទ្របានដោយរបៀបណា?
អង្គភាពសេវាសន្តិសុខស៊ុយអែតបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «ការងារវិភាគកម្រិតខ្ពស់កំពុងដំណើរការនៅឡើយ ដើម្បីអាចទាញការសន្និដ្ឋានឱ្យបានច្បាស់លាស់បន្ថែមទៀតអំពីឧប្បត្តិហេតុនៃបំពង់បង្ហូរឧស្ម័ន Nord Stream នេះ។ ការស៊ើបអង្កេតមានលក្ខណៈទូលំទូលាយ និងស្មុគស្មាញ ហើយពេលបញ្ចប់បេសកកម្មនេះ អាចនឹងបង្ហាញថាតើនរណាម្នាក់នឹងត្រូវបានសង្ស័យ ហើយក្រោយមក នឹងត្រូវបានកាត់ទោសចំពោះទង្វើនេះ»។
គួរដឹងដែរថា ការបំផ្ទុះបានកើតឡើងនៅភាគខាងត្បូងនៃដែនដីគោកប្រទេសស៊ុយអែត ត្រូវជាភាគខាងកើតនៃកោះ Bornholm របស់ប្រទេសដាណឺម៉ាក។ ការស៊ើបអង្កេតជាច្រើនកំពុងដំណើរការ ហើយអាជ្ញាធររបស់ដាណឺម៉ាក និងអាល្លឺម៉ង់ក៏បាននឹងកំពុងប្រមូលភស្តុតាងបន្ថែមទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា មន្ត្រីអឺរ៉ុបបានចាប់ផ្តើមប្រើពាក្យ «ការប៉ុនប៉ងបំផ្ទុះដោយចេតនា» ក្នុងរយៈពេលប៉ុន្មានម៉ោងនៃការផ្ទុះដំណាលគ្នាកាលពីចុងខែកញ្ញា។ អ្នកជំនាញផ្នែករញ្ជួយដីបានលើកឡើងថា «ទិន្នន័យបានចង្អុលបង្ហាញពីការផ្ទុះ។ វាមិនមែនជាការរញ្ជួយដីដែលកើតឡើងដោយធម្មជាតិ ឬការរអិលបាក់ដីនោះទេ»។ លើសពីនេះ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៧ ខែកញ្ញាថា «ទាំងនេះគឺជាសកម្មភាពដោយចេតនា មិនមែនជាឧបទ្ទវហេតុនោះទេ»។
ដោយឡែក មេដឹកនាំអឺរ៉ុបបានចង្អុលទៅកាន់រុស្ស៊ីថា ជាតួអង្គតែមួយគត់ដែលមានសមត្ថភាពបច្ចេកទេស និងបំណងចង់បំផ្លាញបំពង់បង្ហូរ Nord Stream តាមរយៈការបំផ្ទុះនៅក្រោមបាតសមុទ្រ។
គួររំលេចឡើងផងដែរថា ការធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream មិនមានផលប៉ះពាល់ភ្លាមៗដល់ការផ្គត់ផ្គង់ថាមពលរបស់អឺរ៉ុបនោះទេ ព្រោះរុស្ស៊ីបានកាត់ផ្តាច់លំហូរឧស្ម័នអំឡុងពេលដែលទំនាក់ទំនងជាមួយអ៊ឺរ៉ុបកាន់តែយ៉ាប់យ៉ឺនដោយសារបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ ដូច្នេះហើយ កាលនោះបណ្តាប្រទេសដែលពឹងផ្អែកលើឧស្ម័នពីមុនរបស់រុស្ស៊ី បានព្យាយាមបង្កើតឃ្លាំងស្តុក និងរក្សាទុកនូវថាមពលជំនួសរួចស្រេចហើយ។
មេដឹកនាំអឺរ៉ុបបានលើកឡើងថា ការបំផ្ទុះបំពង់ឧស្ម័ននេះ គឺមានគោលបំណងគំរាមកំហែង និងជាសារមួយបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ឺរ៉ុបអាចនឹងងាយរងគ្រោះ ប្រសិនបើពួកគេបន្តគាំទ្រអ៊ុយក្រែន។ ចាប់តាំងពីពេលនោះមក អ៊ឺរ៉ុបបានរឹតបន្តឹងសន្តិសុខជុំវិញតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបានជំរុញប្រតិបត្តិការកងទ័ពជើងទឹកឱ្យមានភាពសកម្មជាងមុន។
ទោះយ៉ាងណាក៏ដោយ រុស្ស៊ីបានបដិសេធការទទួលខុសត្រូវ និងបានចោទសួរបែបចំអកទៅកាន់អឺរ៉ុបវិញផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី បានចាប់ផ្តើមដំណើរការនីតិវិធីទៅតាមផ្លូវច្បាប់ចំពោះអំពើភេរវកម្មអន្តរជាតិមួយនេះ។
គួររម្លឹកឡើងវិញថា ក្រុមហ៊ុនថាមពលរុស្ស៊ី ឈ្មោះថា Gazprom បានបញ្ឈប់ការបង្ហូរឧស្ម័នតាមរយៈបំពង់បង្ហូរឧស្ម័ន Nord Stream 1 កាលពីដើមឆ្នាំនេះ ដោយលើកឡើងពីបញ្ហាបច្ចេកទេស ខណៈដែលមេដឹកនាំអឺរ៉ុបបានចោទប្រកាន់ទីក្រុងមូស្គូថា ទង្វើរបស់រុស្ស៊ីជាការគំរាមកំហែង។ ដោយឡែក សម្រាប់បំពង់បង្ហូរ Nord Stream 2 ដែលទើបនឹងសាងសង់ហើយថ្មី មិនទាន់ត្រូវបានអនុម័តឱ្យបើកដំណើរការនៅឡើយទេ ដោយសារអាល្លឺម៉ង់បានផ្អាកគម្រោងនេះ ក្រោមហេតុផលបញ្ហាសង្រ្គាមនៅអ៊ុយក្រែន។
គួរដឹងដែរថា ការផ្ទុះបំពង់បង្ហូរឧស្ម័នទាំងពីរ បានធ្វើឱ្យលេចធ្លាយឧស្ម័នមេតានដ៏ច្រើនបំផុតដែលមិនធ្លាប់មានទៅក្នុងបរិយាកាស។ ប៉ុន្តែអ្នកជំនាញផ្នែកថាមពល និងអាកាសធាតុ មិនបានគិតថាវានឹងជះឥទ្ធិពលខ្លាំងដល់ការប្រែប្រួលអាកាសធាតុនោះទេ៕
ដោយ៖ធា សុខណា