ខ្សែភាពយន្ត «វិលវិញសេអ៊ូល» របស់លោក ជូ ដេវី ចាប់ផ្ដើមចាក់បញ្ចាំងនៅតាមរោងភាពយន្តនៅទូទាំងប្រទេសកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖«វិលវិញសេអ៊ូល»របស់​សមិទ្ធករ​ភាពយន្ត​កូន​ខ្មែរ​កាត់​បារាំង ជូ ដេវី ដែលត្រូវ​បាន​ជ្រើស​រើស​ជា​ខ្សែ​ភាពយន្ត​តំណាង​ប្រទេស​កម្ពុជា ទៅ​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​ពិភពលោកក្នុង​កម្មវិធី​ពាន​រង្វាន់​អូស្កា​លើក​ទី​៩៥​ បានចាប់ផ្ដើមចាក់បញ្ចាំងនៅតាមរោងភាពយន្តនានាក្នុងប្រទេសកម្ពុជាហើយចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅ។

បើតាមការ​ឱ្យ​ដឹង​ពី​​ផលិតកម្ម Anti-Archive ការ​ចាក់​បញ្ចាំង​​ខ្សែ​ភាពយន្ត​ «វិលវិញ​សេអ៊ូល»​ នៅ​តាម​រោង​ភាពយន្ត​ទូទាំង​ប្រទេសកម្ពុជា នា​ថ្ងៃ​ទី​ ១៨ ខែ​វិច្ឆិកា ឆ្នាំ​ ២០២២នេះ គឺ​ជា​ការ​ចាក់​បញ្ចាំង​តាម​រោងកុន​ជា​លើក​ដំបូង​ក្នុង​ពិភពលោក​។ ចំណែក​នៅ​អាមេរិក​ខាង​ជើង ក្រុម​ហ៊ុន Sony Pictures Classics បាន​ទទួល​ទិញ​សិទ្ធិ​ផ្ដាច់​មុខ​ទៅ​លើ​ភាពយន្ត​នេះ ហើយ​នឹង​មាន​គម្រោង​ចែកចាយ​នៅ​សហរដ្ឋ​អាមេរិក​ នា​ពេល​ខាង​មុខ​។

សូម​ជម្រាប​ថា ខ្សែ​ភាពយន្ត «វិលវិញ​សេអ៊ូល» ផលិត​ដោយ​មាន​កិច្ច​សហការ​រួម​គ្នា​រវាង​ផលិតកម្ម​ភាពយន្ត​បារាំង Aurora Films រួម​សហការ​​ផលិត​ជាមួយ​ផលិតកម្ម​ភាពយន្ត​ខ្មែរ Anti-Archive ផលិតកម្ម​អាល្លឺម៉ង់ Vandertastic Films ផលិតកម្ម​បែលហ្ស៊ិក Frakas Pictures និង​ផលិតកម្ម​កូរ៉េ នៃ MereCinema។ ខ្សែភាពយន្តនេះ ឆ្លុះ​បញ្ចាំង​ពី​ខ្សែ​ជីវិត​របស់​នារី​ជនជាតិ​បារាំង​ដើមកំណើត​​កូរ៉េ​ម្នាក់​ឈ្មោះ ហ្វ្រេតឌី។ ហ្វ្រេតឌី​ត្រូវ​បាន​គ្រួសារ​បារាំង​យក​ទៅ​ចិញ្ចឹម​តាំង​ពី​តូច ហើយ​អំឡុង​ពេល​ដែល​រូប​នាង​វិល​ត្រឡប់​មក​ប្រទេស​កូរ៉េ​វិញ​ជា​លើក​ដំបូង ហ្វ្រេតឌី បាន​សម្រេច​ចិត្ត​តាម​ស្វែង​រក​ដើម​កំណើត​ខ្លួន​។ ដ្បិត​តែ​​មាន​ដើម​កំណើត​ជា​ជនជាតិ​កូរ៉េ នារី​រូប​នេះ​ ស្គាល់​តិច​តួច​ណាស់​ពី​វប្បធម៌​របស់​កូរ៉េ​។

ចាប់តាំងពីចាក់បញ្ចាំងជាផ្លូវការលើកដំបូងនៅក្នុងមហោស្រពភាពយន្តទីក្រុងកាន ប្រទេសបារាំង នៅ​ចុងខែឧសភា ឆ្នាំ២០២២ នៅក្នុងផ្នែក Un Certain Regard រួច​មក «វិលវិញ​សេអ៊ូល» បាន​បន្ត​ចាក់​បញ្ចាំង​នៅ​តាម​មហោស្រព​ភាពយន្ត​ធំ​ៗ​នៅ​ទូទាំង​ពិភពលោក រួម​មាន ទីក្រុង​តូរុនតូ ញូវយ៉ក និងប៊ូសាន​ និងបានទទួលពានរង្វាន់ជាច្រើន។

ខ្សែភាពយន្ត «វិលវិញ​សេអ៊ូល» បាន​ទទួល​ពាន​រង្វាន់​ប្រជាប្រិយភាព​នៅ​មហោស្រព​ភាពយន្ត​អន្ដរជាតិ​ហាំតុន ក្នុង​ទីក្រុងញូវ​យ៉ក សហរដ្ឋអាមេរិក និង​ទទួល​បាន​រង្វាន់​ខ្ពស់​បំផុត​ នៅ​មហោស្រព​ភាពយន្ត​អន្ដរជាតិ​ទីក្រុង​អាថែន ក្នុង​ប្រទេស​ក្រិក​។ ខ្សែ​ភាពយន្ត​ដដែល​នេះ ត្រូវ​បាន​ជ្រើស​រើស​ឈរ​ឈ្មោះ​ប្រកួត​យក​ពាន​រង្វាន់២ គឺ​ខាង​ផ្នែកខ្សែ​ភាពយន្ត​ឆ្នើម​ជាង​គេ និង​អ្នក​ដឹក​នាំ​ឆ្នើម​ជាង​គេ នៅ​ក្នុង​ការ​ប្រគល់​ពាន​រង្វាន់​ភាពយន្ត​អាស៊ី​ប៉ាស៊ីហ្វិក ដែល​នឹង​ធ្វើ​ឡើង​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២២​នេះ៕

ដោយ៖កែវ កិរិយា

ads banner