នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ មនុស្ស ៤៨នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន
ភ្នំពេញ ៖ជនសង្ស័យចំនួន ៤៨នាក់ ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេស កម្ពុជា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ ដល់បណ្តាញព័ត៌មាននៅថ្ងៃទី១៩ ខែវិច្ឆិកា នេះ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៤៨នាក់នោះ មាន ១៦នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើស ព្រហ្មទណ្ឌ ០៨ករណី និងជនសង្ស័យ ៣២នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១៤ករណី។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះ ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។
ជាចុយក្រោយនោះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក “៣កុំ ១រាយការណ៍” មានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗ” ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕ ដោយ៖ ឆៃហួត និងប៊ុនធី