អ្នកនាំពាក្យ៖ គណបក្សប្រជាជនកម្ពុជា គ្មានការព្រួយបារម្ភចំពោះការចងសម្ព័ន្ធភាពរបស់គណបក្សនយោបាយមួយចំនួនទេ

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា គណបក្សប្រជាជនកម្ពុជា គ្មានការព្រួយបារម្ភចំពោះការចងសម្ព័ន្ធភាព ឬចូលពីគណបក្សមួយទៅគណបក្សមួយ ដើម្បីប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នោះទេ ហើយលើកទឹកចិត្តឱ្យអ្នកនយោបាយអនុវត្តនូវសិទ្ធិនយោបាយរបស់ខ្លួនដោយទូលំទូលាយ ដោយឆន្ទៈ និងគ្មានការភ័យខ្លាច។ ការអះអាងនេះ បានធ្វើឡើងស្របពេលដែលគណបក្សឆន្ទៈខ្មែរ នឹងធ្វើសមាជនៅថ្ងៃទី២០ ខែវិច្ឆិកាស្អែកនេះ បង្ហាញអំពីគោលជំហររបស់ខ្លួនក្នុងការចូលរួមជាមួយគណបក្សភ្លើងទៀន។

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះថា ចំពោះការចងសម្ព័ន្ធភាព ឬចូលពីគណបក្សមួយទៅគណបក្សមួយ គឺជាសិទ្ធិនយោបាយរបស់អ្នកនយោបាយ និងគណបណក្សនយោបាយ ដោយឡែកសម្រាប់គណបក្សប្រជាជនកម្ពុជា អត់មានយល់ទាស់ អត់មានរារាំង ថ្នាំងថ្នាក់អ្វីទេ គឺលើកទឹកចិត្តឱ្យអ្នកនយោបាយអនុវត្តនូវសិទ្ធិនយោបាយរបស់ខ្លួនដោយទូលំទូលាយ ដោយគ្មានការភ័យខ្លាច ដោយឆន្ទៈរបស់ខ្លួន។

ឯកឧត្តម សុខ ឥសាន បានបន្តថា គណបក្សប្រជាជនកម្ពុជា មិនមានការភ័យព្រួយចំពោះការប្រកួតប្រជែងជាមួយគណបក្សនយោបាយទាំងនោះទេ ហើយជាការធមម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស គឺវាតែងតែមានការប្រកួតប្រជែងហើយ និងជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យសេរី។

ដោយឡែក លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះថា សមាជនៅថ្ងៃទី២០ វិច្ឆិកា គឺបំពេញទៅតាមបែបបទ នីតិវិធី នៃគណបក្សនយោបាយ ក៏ដូចជាលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ នៅថ្ងៃស្អែកនេះ (២០ វិច្ឆិកា) គណបក្សឆន្ទៈខ្មែរ នឹងបង្ហាញអំពីគោលបំណងរបស់ខ្លួនក្នុងការចូលរួមជាមួយគណបក្សភ្លើងទៀន និងការជ្រើសរើសប្រធានគណបក្សថ្មី អនុប្រធាន អគ្គលេខាធិការ និងក្បាលម៉ាស៊ីនថ្មី សម្រាប់នៅដឹកនាំគណបក្សឆន្ទៈខ្មែរ (គណបក្សចាំផ្ទះ) ហើយដើម្បីអនុញ្ញាតឱ្យថ្នាក់ដឹកនាំមួយចំនួនរបស់គណបក្សអាចធ្វើការលាលែងពីគណបក្សឆន្ទៈខ្មែរ ដោយទៅចូលរួមជាមួយគណបក្សភ្លើងទៀន។

លោកបានបញ្ជាក់ថា “រហូតមកដល់ពេលនេះ យើងមិនទាន់បានជជែកគ្នាអំពីតួនាទីនៅឡើយទេ យើងបានជជែកគ្នាអំពីការរួមគ្នាដោយមិនមានការកំណត់គោលការណ៍ ការដាក់លក្ខខណ្ឌអ្វីជាមួយគ្នាទេ ហើយបើយកចំណុចហ្នឹងមកនិយាយ គឺយើងមិនអាចរួមគ្នាបានទេ។ ដូច្នេះហើយយើងធ្វើការរួមគ្នាសិន ហើយយើងនឹងជជែកគ្នានៅពេលដែលយើងបានចូលរួមជាមួយគណបក្សភ្លើងទៀន។

គួរបញ្ជាក់ថា ខណៈពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ឈានជិតមកដល់មានគណបក្សនយោបាយមួយចំនួនបានចងសម្ព័ន្ធជាមួយគ្នាក្នុងការរួមកកម្លាំងដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខនេះ ក្នុងនោះមានដូចជា គណបក្សកម្ពុជានិយម របស់លោកយ៉ែម បុញ្ញឫទ្ធិ បានទៅចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ របស់លោកញឹក ប៊ុនឆៃ ។ ចំណែកគណបក្សនយោបាយមួយចំនួនទៀតកំពុងតែស្វែងរកការបង្រួបបង្រួម ឬចងសម្ព័ន្ធភាព ក្នុងនោះមានដូចជា គណបក្សកែទម្រង់កម្ពុជា របស់ក្រុមលោក ប៉ុល ហំម និងអ៊ូ ច័ន្ទរ័ត្ន និងគណបក្សជាតិនិយម របស់លោក ផែង ហេង មេធាវីការពារលោកកឹម សុខា៕
ដោយ៖ពលជ័យ

ads banner