សិស្សជាង ២០០នាក់ត្រូវបានបញ្ជូនទៅពេទ្យ បន្ទាប់ពីហូបអាហារថ្ងៃត្រង់នៅសាលារៀនមួយ ក្នុងប្រទេសវៀតណាម
ហាណូយ៖ សិស្សសាលា ចំនួន ២៥៧ នាក់នៅសាលាមួយ នៅខេត្ត Khanh Hoa ភាគកណ្តាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីអាហារថ្ងៃត្រង់ ដែលបង្ហាញសញ្ញានៃការពុលអាហារ។
យោងតាមនាយកដ្ឋានសុខាភិបាលខេត្ត Khanh Hoa បានឱ្យដឹងថា បន្ទាប់ពីអាហារថ្ងៃត្រង់ ដោយមានសិស្ស នៅសាលារៀន Ischool ជាង ៩០០ នាក់បានចុះឈ្មោះសម្រាប់អាហារថ្ងៃត្រង់ ។
ក្រោយមក ពួកគេរាប់សិបនាក់បានចាប់ផ្តើមបង្ហាញសញ្ញានៃការឈឺពោះ ក្អួត រាគ និងក្តៅខ្លួន។ ពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាច្រើនកន្លែង។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ នាសប្តាហ៍នេះ។
លោក Pham Huu Binh នាយកសាលា ដែលមានថ្នាក់ចាប់ពីថ្នាក់ទី ១ដល់ថ្នាក់ទី ១២បាននិយាយថា គំរូអាហារនៃអាហារថ្ងៃត្រង់កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រដើម្បីធ្វើការវិភាគ។ អាហារថ្ងៃត្រង់មាន បាយ មាន់ស្ងោរ និងទឹកជ្រលក់ធ្វើពីស៊ុត និងប្រេង៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត