តើការប្រើសញ្ញាដំរីក្បាលបីលើក្រដាសប្រាក់រៀលខ្មែរ ជាការចម្លងវប្បធម៌ពីឡាវ ឬយ៉ាងណា?

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ បន្ទាប់ពីធនាគារជាតិនៃកម្ពុជាបានចេញក្រដាសប្រាក់ពីររយរៀល ដោយមានបង្កប់រូបចម្លាក់ដំរីក្បាលបីមកជាមួយ មានមតិពីពលរដ្ឋខ្មែរមួយចំនួនយល់ថា រូបចម្លាក់ដំរីក្បាលបីនោះជាដំរីក្នុងវប្បធម៌ឡាវ ឬតំណាងជាតិឡាវ។ តើដំរីក្បាលបីនេះមានប្រវត្តិយ៉ាងណា? ។

ដំរីក្បាលបីនេះគេហៅថា ដំរីឯរាវ័ណ ហើយដែលយើងមើលឃើញក្នុងផ្ដែរនៃប្រាសាទបុរាណខ្មែរដូចជា ប្រាសាទបន្ទាយស្រី ប្រាសាទភ្នំព្រះវិហារ និងប្រាសាទបាពួនសុទ្ធតែមាន។ ដំរីក្បាលបីជានិមិត្តរូបអាទិទេពនៃព្រហ្មញ្ញសាសនា។ តម្លៃនៃដំរីក្បាលបី ជាតម្លៃបង្ហាញប្រាប់អំពីកម្លាំងអភិនិហា ក្នុងការតតាំងប្រឆាំងតបចំពោះសត្រូវ ដែលមានអទិទេពគង់នៅជាមួយ។ នេះបើតាមប្រសាសន៍លោក សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកបានអះអាងដូច្នេះថា ៖ «លុយ(ក្រដាសប្រាក់) ដែលមានរូបដំរីក្បាលបីជានិមិត្តរូបតំណាងរបស់ជាតិយើង ដែលរូបចម្លាក់នេះមានតាំងពីសវត្សទី៩ ទី១០មកម្ល៉េះ។ ចម្លាក់ដំរីក្បាលបីមានច្រើនជាងគេនៅតំបន់កោះកេរ នៅតំបន់ព្រះវិហារ នៅតំបន់បន្ទាយស្រី និងនៅតំបន់វត្តភូរ»។

លោក សំបូរ ម៉ាណារ៉ា បានបន្តថា វត្តភូ ជាតំបន់សម្គាល់សម័យចេនឡាន ប៉ុន្តែនៅសតវត្សទី៩ ទី១០ ព្រះបាទយសោវរ្ម័នទី១ ដែលលោកកសាងប្រាសាទអង្គរដំបូងគេ លោកបានដឹកនាំកសាងប្រាសាទបាក់ខែង ហើយលោកក៏បានដឹកនាំកសាងប្រាទវត្តភូរដែរ។ ចំណុចទាំងនេះបង្ហាញថា រូបដំរីក្បាលបី ឬដំរីឯរាវ័ណ ជានិមិត្តរូបចម្លាក់របស់ខ្មែរ មានឃើញជាក់ស្ដែងក្នុងប្រវត្តិសាស្ត្រ។

សូមបញ្ជាក់ថា វត្តភូ ជារបស់ខ្មែរកាលពីសម័យដើម ទោះបីបច្ចុប្បន្នឡាវជាអ្នកគ្រប់គ្រងក៏ពិតមែន ប៉ុន្តែឡាវនៅតែបញ្ជាក់ថា ប្រវត្តិវត្តភូ ជារបស់ខ្មែរ។

ខ្មែរមួយចំនួនមិនបានគិតពីសាវតារ ចំណុចនេះ លោកសាស្ត្រាចារ្យគូសបញ្ជាក់ថា ៖ «អ្វីដែលយើងត្រូវដឹង គឺសាវតារនៃរូបទាំងអស់ហ្នឹង។ ទោះបីជាយ៉ាងក៏ដោយ យើងនិយាយជារួម គឺមិនមែនឡាវទេ។ រឿងអ្វីយើងត្រូវយករបស់ឡាវមកដាក់លើលុយរបស់យើងនោះ? យើងមានរបស់យើងយ៉ាងពិតប្រាកដ»។

លោកបានបន្តថា ៖ «បើចង់ច្បាស់ សូមអញ្ជើញទៅដល់ប្រទេសឡាវ ទៅដល់វត្តភូ ទៅដល់ឈៀងម៉ៃ។ ចំពោះអ្នកដែលគិតថាជារបស់ឡាវ សូមឱ្យយកចិត្តទុកដាក់មើលឡើងវិញ គិតឡើងវិញ ថាឡាវកើតនៅពេលណា? ឡាវមានកំណើតលើទឹកដីនេះពេលណា? ហើយផ្ដែរប្រាសាទខ្មែរមានតាំងពីពេលណាមក? យើងមិនមែនមានមោទនភាពដែលយើងឱ្យតម្លៃជាតិផ្សេងធំខ្ពស់ទេ។ បើនិយាយពីប្រវត្តិសិល្បៈវប្បធម៌ជាតិសាសន៍យើង ដំរីក្បាលបីមានមុនជាតិឡាវមានកំណើត»។

ឡាវកើតឡើងនៅតំបន់ខាងជើងបំផុត គឺនៅជិតភូមាឯណោះ ហើយចុះមកឈៀងម៉ៃតរៀងមកទើបបង្កើតបាននរគមួយហៅថា «នគរឡានឆាង» រួចទើបបង្កើតបានជារដ្ឋផ្សេងទៀត។ ដូចនេះហើយបានជានៅតំបន់ប៉ាក់សេ ខេត្តចម្ប៉ាសាក់ ប្រទេសឡាវសព្វថ្ងៃ គេមានកន្លែងមួយបង្ហាញពីកំណើតនៃទីក្រុងប៉ាក់សេ មានសរសេរប្រាប់ត្រឹមសតវត្សទី១២ ទី១៣ នេះឯង? ចុះខ្មែរ? ខ្មែរមានចម្លាក់នេះតាំងបីសតវត្សទី៧ ទី៨ ទី៩ម្ល៉េះ។ ខ្មែរបានឮ បានឃើញថ្ងៃនេះ តើខ្មែរបានគិតពីអតីតកាលរបស់ខ្លួនដែរទេ?

លោកសង្កត់ធ្ងន់ថា ៖ «ខ្ញុំទទួលស្គាល់ថា ចម្លាក់ដំរីក្បាលបីពិតជាមានក្នុងប្រទេសឡាវសព្វថ្ងៃមែន ប៉ុន្តែកុំភ្លេចថា វប្បធម៌មានការចម្លងគ្នាទៅវិញទៅមក ហើយយើងត្រូវដឹងថាវប្បធម៌នោះកើតឡើងនៅពេលណា ចម្លងពីណាទៅណា ហើយអ្នកបង្កើតជាអ្នកណា? ហើយជាគ្រឹះដើមនៃដើមកំណើតនេះ យើងបានទទួលស្គាល់ថាគេបានលួចយកពីយើងទៅទេ? ខ្ញុំមិនមែនមានមោទនភាពថាត្រូវតែជារបស់យើងនោះទេ គឺមិនមែនអ៊ីចឹងទេ តែយើងត្រូវសិក្សាឱ្យបានច្បាស់»។

ទាក់ទិននឹងរូបចម្លាក់ដំរីក្បាលបី ឬដំឯរាវ័ណ នេះដែរ បណ្ឌិត ស៊ុំ ឈុំឡុង សាស្ត្រាចារ្យអក្សរសិល្ប៍បានបញ្ជាក់ផងដែរថាដំរីក្បាលបីជាយានជំនះរបស់ព្រះឥន្ទ្រ មិនត្រឹមតែប៉ុណ្ណោះទេ ក៏ប៉ុន្តែជាវត្ថុសិរីមង្គលមួយក្នុងបណ្តាសិរីមង្គលចំនួន១០៨ របស់ស្តេចចក្រពត្តិថែមទៀតផង ជាពិសេសដំរីស។

លោកបានប្រាប់ថា ៖ «ដំរីឯរាវ័ណ ជាវប្បធម៌ព្រហ្មញ្ញសាសនា យើងមានមុនឡាវ ឡាវយកពីយើងរទៅ ប្រភពដើមគឺចេញពីយើង។ ធនាគារជាតិយើងដាក់នោះគឺគ្មានអ្វីខុសទាស់ទេ»។

ចំណែកបណ្ឌិត អុីវ ថុង សាស្ត្រាចារ្យអរិយធម៌ខ្មែរ បានលើកឡើងថា៖ «ដំរីក្បាលបី ឬដំរីឯរាវ័ណ មានប្រភពនៅខ្មែរច្បាស់លាស់ណាស់ ជាក់ស្ដែងយើងឃើញនៅលានជល់ដំរីឯប្រាសាទបាយ័ន។ ការកសាងដំរីក្បាល ក្នុងប្រព័ន្ធគំនិតបុរាណ ដំរីតំណាងឱ្យភាពត្រជាក់ត្រជុំ ព្រោះជានិមិត្តរូបនៃទឹកភ្លៀង ហើយវាក៏ជាប្រភពនៃភាពផូរផង់ ឬក៏ទ្រព្យសម្បត្តិផងដែរ។ លានជល់ដំរីស្ថិតនីខាងមុខនៃគោបុរៈខាងកើតនៃកំពែងព្រះបរមរាជវាំង»។

លោកបានបន្តថា លានជល់ដំរីនេះបានស្ថាបនាឡើងនៅចុងសតវត្សទី១២ នៃគ្រិស្តសករាជ ដោយព្រះបាទជ័យវរ្ម័នទី៧។ នៅទីនេះមានរូបចម្លាក់ដំរីនិងហ្មរជាច្រើន។

លោក អ៊ីវ ថុង មានប្រសាសន៍ថា ៖ «វប្បធម៌តែងតែមានការចម្លង ប៉ុន្តែឡាវកើតក្រោយខ្មែរយើង ហើយដើមឡើយទឹកឡាវសព្វគឺព្រះមហាក្សត្រខ្មែរជាអ្នកគ្រប់គ្រង និងកសាងប្រាសាទវត្តភូ ដូច្នេះដំរីក្បាលបីជានិមិត្តរូបរបស់ខ្មែរមិនខុសទេ យើងត្រូវសិក្សារកប្រភពដើមវិញ កុំគិតថាអ្នកណាចម្លងអ្នកណានោះ ហើយយើងត្រូវមើលដំណាក់កាលប្រវត្តិសាស្ត្រ អ្នកណាកើតមុន ជារបស់អ្នកនោះហើយ»។

ដំរីឯរាវ័ណ តាមវចនានុក្រមខ្មែរ ឯរាវ័ណ(អេរ៉ាវ័ន) ជានាមសព្ទ (បាលីអាន ឯរាវណ, សំស្ក្រឹតអាន ឰរាវណ) ឈ្មោះដំរីមានក្បាលបីជាព្រះទីន័ងព្រះឥន្ទ្រ។ ដំរីឯរាវ័ណ គម្ពីរពុទ្ធសាសនាប្រាប់សេចក្ដីថា ក្នុងឋានសួគ៌គ្មានសត្វតិរច្ឆានមែនទែនទេ ដែលហៅថា ដំរីឯរាវ័ណ នេះជាឈ្មោះនៃទេវបុត្តម្នាក់ដែលតែងតែនិម្មិតខ្លួនជាដំរីមានក្បាលបីមួយដងមួយកាល។

សូមរំឭកដែរថា ដើម្បីរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ និងបង្ហាញពីចម្លាក់ដំរីឯរាវ័ណជារបស់ខ្មែរ អ្នករចនាគំនូរលើក្រដាសប្រាក់គួរតែថតចម្លងចម្លាក់ដំរីនេះពីផ្ដែរនៃប្រាសាទខ្មែរ ឬយកពីលានជល់ដំរីមកគួរឡើងវិញឱ្យដូចនឹងអ្វីដែលខ្មែរមានពុំគួរចម្លងពីអ្វីដែលមានសម្រាប់ដូចទងជាតិឡាវអំឡុងពេលដែលព្រះរាជាណាចក្រឡាវប្រើនោះឡើយ៕ ដោយ៖ ហ៊ួន ស៊ីឡូន

ads banner