ខ្លាឃ្មុំផេនដាដែលចិនប្រគល់ជូនតៃវ៉ាន់ជាកាដូកាលពី ១៤ ឆ្នាំមុន បានស្លាប់ហើយ

តៃវ៉ាន់៖ សត្វខ្លាឃ្មុំផេនដាដែលប្រទេសចិនបានផ្តល់ជាកាដូជូនកោះតៃវ៉ាន់កាលពី ១៤ ឆ្នាំមុន ជានិមិត្តរូបនៃទំនាក់ទំនងដ៏កក់ក្តៅរវាងភាគីទាំងពីរ បានបាត់បង់ជីវិតហើយ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីបានឈឺប្រកាច់អស់ជាច្រើនថ្ងៃ។ នេះបើយោងតាមការលើកឡើងរបស់អ្នកថែទាំនៅក្នុងសួនសត្វទីក្រុងតៃប៉ិ។

ខ្លាឃ្មុំដែលបានស្លាប់នេះមានឈ្មោះថា ទួន ទួន (Tuan Tuan) និងខ្លាឃ្មុំដែលជាដៃគូឈ្មោះថា យួន យួន (Yuan Yuan) នៅមានជីវិតនៅឡើយ។ខ្លាឃ្មុំផេនដាទាំងពីរត្រូវបានទីក្រុងប៉េកាំងប្រគល់ជូនជាកាដូកាទូតដល់តៃវ៉ាន់នៅចុងឆ្នាំ២០០៨ ដែលជាពេលដែលទំនាក់ទំនងរវាងភាគីទាំងពីរនៅមានភាពស្និទ្ធស្នាលនៅឡើយ។

ប្រទេសចិនតែងតែចាត់ទុកកោះតៃវ៉ាន់ថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាថា នៅថ្ងៃណាមួយនាពេលខាងមុខ នឹងនាំយកកោះស្វយ័តប្រជាធិបតេយ្យមួយនេះ មកបង្រួបបង្រួមជាមួយចិនដីគោកវិញ ហើយប្រសិនបើកាលៈទេសៈបង្ខំ ចិនក៏បានគំរាមថានឹងប្រើប្រាស់កម្លាំងយោធាទៀតផង។

ដោយឡែក ឧទ្យានសួនសត្វបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ៖ «ក្រុមគ្រូពេទ្យរបស់យើងបានបញ្ជាក់ថា បេះដូងរបស់ ទួន ទួន បានឈប់លោតនៅម៉ោងប្រមាណជា ៥ និង៤៨នាទីល្ងាច»។

មន្ត្រីប្រចាំការនៅក្នុងសួនសត្វនោះបាននិយាយថា ៖ «ខ្លាឃ្មុំផេនដាមួយនេះត្រូវបានចាក់ថ្នាំសន្លប់យ៉ាងយូរ ដើម្បីស្កេនធ្វើកោសល្យវិច័យតាមកុំព្យូទ័រ នៅព្រឹកថ្ងៃសៅរ៍ ហើយក្រុមការងារបានសម្រេចឱ្យ ទួន ទួន បន្តដេកទៀត បន្ទាប់ពីលទ្ធផលបង្ហាញថាស្ថានភាពរបស់គាត់គឺ មិនអាចព្យាបាលបាន ហើយគាត់មិនអាចរស់នៅបានរឹងមាំដូចដើមនោះទេ»។

អ្នកនាំពាក្យលោក អេរិច តៅ(Eric Tsao) បាននិយាយថា ៖ «វាពិតជាឈឺចាប់ និងប្រថុយប្រថានខ្លាំងណាស់សម្រាប់ ទួន ទួន ក្នុងការសង្គ្រោះគាត់ពីការប្រើថ្នាំសន្លប់»។ ក្រុមគ្រូពេទ្យសត្វបានកត់សម្គាល់ឃើញថា ក្នុងវ័យ ១៨ ឆ្នាំរបស់ ទួន ទួន គាត់បានធ្លាក់ខ្លួនឈឺក្នុងខែសីហា នៅពេលដែលគាត់ចាប់ផ្តើមប្រកាច់ ហើយរាងកាយហាក់ដូចជាចុះខ្សោយខ្លាំង និងងងុយដេកកាន់តែខ្លាំង។ ជាលទ្ធផលនៃការស្កែនវេជ្ជសាស្ត្រ បានបង្ហាញថាគាត់មានដំបៅខួរក្បាល។

កាលពីខែមុន ក្រុមការងារកន្លែងសួនសត្វបានសង្ស័យថា ទួន ទួន មានដុះដុំសាច់ក្នុងខួរក្បាល ដូច្នេះហើយគាត់ក៏ត្រូវបានផ្លាស់ប្តូរទៅកាន់កន្លែងថែទាំ បន្ទាប់មក ការប្រកាច់បានកើតឡើងប៉ុន្មានថ្ងៃមុននេះកាន់តែញឹកញាប់ជាងមុន បើទោះបីជាបានចាក់ថ្នាំហើយក្ដី ក៏មិនអាចសម្រាលរោគសញ្ញានេះបានដែរ។

ចំណែកឯ នៅលើបណ្ដាញសង្គមឯណោះវិញ អ្នកតាមដានបានបង្ហាញការកាន់ទុក្ខចំពោះការស្លាប់របស់ ទួន ទួន ខណៈដែលអភិបាលក្រុងតៃប៉ិ លោក Ko Wen-je បានថ្លែងអំណរគុណដល់ខ្លាឃ្មុំផេនដាមួយនេះសម្រាប់ការនាំមកនូវសុភមង្គលដល់ប្រជាជនតៃវ៉ាន់ និងធ្វើឱ្យសួនសត្វតៃប៉ិកាន់តែអស្ចារ្យ។

សូមរំឭកថា គូស្នេហ៍ខ្លាឃ្មុំផេនដាទាំងពីរ ប្រសិនបើគេយកឈ្មោះគាត់ដាក់រួមបញ្ចូលគ្នា នោះមានន័យថា «ការរួបរួម»។ ពួកគេទាំងពីរបានក្លាយជានិមិត្តរូបនៅកោះតៃវ៉ាន់ ចាប់តាំងពីឆ្នាំ២០០៨ មក។ គួរដឹងដែរថា ខ្លាឃ្មុំភេទញី យួន យួន បានផ្តល់កំណើតដល់កូនភ្លោះញីពីរក្បាលបន្ថែមទៀតហើយ។

ប្រទេសចិនបានប្រើប្រាស់ ការទូតខ្លាឃ្មុំផេនដា ជាយូរយារណាស់មកហើយ។ អំណោយ ទួន ទួន និងយួន យួន គឺជាកាដូមួយដែលត្រូវបានគេមើលឃើញថា ជាការគាំទ្រដល់តំណែងប្រធានាធិបតីចិនលោក Ma Ying-jeou នាពេលនោះ។ កន្លងមក ទីក្រុងប៉េកាំងផ្តល់កម្ចី ឬប្រវាស់ខ្លាឃ្មុំផេនដាទៅឱ្យសួនសត្វនៅបរទេស ហើយបន្ទាប់ពីផ្ដល់កំណើតដល់កូនថ្មី ប្រទេសនោះត្រូវប្រគល់កូនក្នុងរយៈពេលពីរទៅបីឆ្នាំត្រឡប់ទៅចិនវិញ ដើម្បីបានចូលរួមក្នុងកម្មវិធីបង្កាត់ពូជរបស់ចិន។

ប៉ុន្តែសម្រាប់ករណីតៃវ៉ាន់វិញ ជាករណីលើកលែង ដោយចិនមិនបានយកកូន ឬចៅរបស់ខ្លាឃ្មុំផេនដាទៅវិញនោះទេ ដោយបានចាត់ទុកថានេះជាសំណងទៅលើការវាយលុករយៈពេលដ៏ខ្លីរបស់ប្រទេសចិនដែលបានកើឡើងនៅចុងទសវត្សរ៍ឆ្នាំ២០០០។ ទោះជាយ៉ាងណា ទំនាក់ទំនងរវាងចិន និងតៃវ៉ាន់បានធ្លាក់ចុះខ្លាំងចាប់តាំងពីឆ្នាំ២០១៦ ដោយទីក្រុងប៉េកាំងបានកាត់ផ្តាច់ទំនាក់ទំនងផ្លូវការ និងមិនត្រឹមតែប៉ុណ្ណោះ ដំណើរទស្សនកិច្ចរបស់រដ្ឋាភិបាលរវាងភាគីទាំងពីរក៏ត្រូវបានលុបចោលដូចគ្នា៕ ដោយ៖ ធា សុខណា

ads banner