រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការប្រឡងបាក់ឌុបនៅឆ្នាំនេះ នៅតែតឹងរឹង និងមានអ្នកសង្កេតជាង ៤៧០០នាក់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំ២០២២នេះ នៅតែមានភាពតឹងរឹង ហើយនឹងមានអ្នកសង្កេតការ របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងយុវជនសរុបជាង ៤៧០០នាក់ នឹងចូលរួមសង្កេតការណ៍ ក្នុងសម័យប្រឡងនេះ ។

ក្នុងសន្និសីទស្តីពីការប្រឡងបាក់ឌុប នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអប់រំ មានប្រសាសន៍ថា ការប្រឡងបាក់ឌុបឆ្នាំនេះនៅទូទាំងប្រទេស មានបេក្ខជនចូលរួមប្រឡងប្រមាណជាង ១២ម៉ឺននាក់ ហើយការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២ ។

ឯកឧត្តមបានបន្តថា ចំពោះការប្រឡងនេះ រាល់បទបញ្ញតិ្ត ឬបទបញ្ជាទាំងអស់ ត្រូវអនុវត្តតាម ដែលមានការហាមមិនឲ្យយកសំណៅ ឬឯកសារសំណេរ ការលួចចម្លង ឬចម្លងតាមគ្នា ការ ប្រឡងជំនួស ការសូកប៉ាន់ជាដើម ដោយករណីខ្លះបើរកឃើញ នឹងត្រូវបញ្ឈប់ឲ្យប្រឡង ឬមានការអនុវត្តតាមច្បាប់ផងដែរ ។

ឯកឧត្តម ហង់ ជួនណារ៉ុន បានបន្ថែមថា ការប្រឡងគឺត្រូវអនុវត្តវិធានការសុខាភិបាល មាន ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែមិនត្រូវឲ្យបេក្ខជនតេស្តមុនការប្រឡងមួយថ្ងៃនោះទេ ហើយសម្រាប់បេក្ខជនដែលមានវិជ្ជមានកូវីដ-១៩ គឺក្រសួងនឹងរៀបចំទីតាំងប្រឡងដាច់ដោយឡែក មិនឲ្យមានហានិភ័យ ឬការព្រួយបារម្ភដល់បេក្ខជនដទៃ ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា សម្រាប់លទ្ធផលនៃការប្រឡងបាក់ឌុប គឺនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល នឹងត្រូវប្រកាសនៅថ្ងៃទី២៧ ខែធ្នូ ហើយសម្រាប់ខេត្តផ្សេងៗទៀត នឹងត្រូវប្រកាសនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ហើយការប្រឡងនេះទៀតសោត មិនមានកំណត់ថា ឆ្នាំនេះយកប៉ុណ្ណោះភាគរយ ឆ្នាំនោះយកប៉ុណ្ណោះភាគរយ គឺប្រឡងជាប់ប៉ុណ្ណា យកប៉ុណ្ណឹង ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner