សមត្ថកិច្ចអំពាវនាវឱ្យប្រពលរដ្ឋរួមចំណែកលើការងារសន្តិសុខនាកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅសៀមរាប

អត្ថបទដោយ៖
CPA

សៀមរាប៖សមត្ថកិច្ចជំនាញបានអំពាវនាវឱ្យពលរដ្ឋរួមចំណែកលើការងារសន្តិសុខសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀតនៅក្នុងខេត្តសៀមរាបដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ នៅខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានផ្សព្វផ្សាយក្នុងទំព័រហ្វេសផ្លូវការរបស់លោក។

លោក អេង ហ៊ី លើកឡើងថា  អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសស្នើសុំសាធារណជនទាំងអស់ ជាពិសេសភូមិសាស្ត្រក្នុងខេត្តសៀមរាបចូលរួមដោយសេចក្តីស្មោះត្រង់ ក្នុងការរួមចំណែកការពារសន្តិសុខ រក្សាសណ្ដាប់​ធ្នាប់ សុវត្ថិភាពជូនគណៈប្រតិភូជាតិ អន្តរជាតិ។ លោកស្នើឱ្យពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវ សូមមេត្តាប្រុងប្រយ័ត្ន កុំឆ្លងកាត់ត្រូវអេបស្តាំ អំលុងពេលដែលក្បូនរបស់គណៈប្រតិភូធ្វើដំណើរមកដល់។លោកក៏ស្នើឱ្យពលរដ្ឋកុំរំខានដល់គណៈប្រតិភូនៅចំណុចទីតាំងអាកាសយានដ្ឋានអន្តរជាតិ, កន្លែងស្នាក់នៅ, កន្លែងប្រជុំ, កន្លែងទស្សនកិច្ច និងទីលានកីឡា…។ល។

លោកអេង ហ៊ី បញ្ជាក់ទៀតថា «បុគ្គលដែលគ្មានភារកិច្ច ឬសមត្ថកិច្ចក្នុងកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់នេះ សូមកុំរំខានកងកម្លាំង ឬមន្ត្រីដែលកំពុងបំពេញភារកិច្ចនេះ»

លោកបានបន្ថែមថា ៖«យើងខ្ញុំទាំងអស់គ្នា សង្ឃឹមជឿជាក់ទុកចិត្តចំពោះសាធារណជន ប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ប្រទេស ជាពលរដ្ឋល្អ នឹងចូលរួមយ៉ាងសកម្ម ដើម្បីកិត្តិយស កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាយើងទាំងអស់គ្នា»

សេចក្តីសម្រេចរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ស្តីពីការតែងតាំងសមាសភាព តួនាទី និងភារកិច្ចរបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការនានា នៃគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២បានចាត់តាំមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេនាយឧត្តមសេនីយ៍ សៅ សុខា ជាអនុប្រធានគណៈកម្មការអន្តរក្រ​សួង និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាល។

រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី២០ខែវិច្ឆកា  បានជូនដំណឹងស្តីពីការបញ្ចៀសការធ្វើដំណើរឆ្លងកាត់ខ្សែផ្លូវមួយចំនួនអំឡុងពេលការធ្វើដំណើររបស់ប្រតិភូចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។រដ្ឋបាលខេត្តនឹងផ្អាកការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៦ ជាបណ្តោះអាសន្នចាប់ពីព្រលានយន្តហោះរហូតដល់សុខាសៀម​រាប និងកន្លែងមួយចំនួនទៀតក្នុងអំឡុងពេលការធ្វើដំណើរ និងការស្នាក់នៅរបស់ប្រតិភូ ដូចមានក្នុងផែនទី និងមានការបញ្ជាការចរាចររបស់សមត្ថកិច្ចតាមគោលដៅនីមួយៗ ​

រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា ៖«ការបិទចរាចរទូទៅនេះ គឺធ្វើឡើងតែក្នុងពេលការធ្វើដំណើររបស់ប្រតិភូតែប៉ុណ្ណោះ បន្ទាប់ពីប្រតិភូឆ្លងកាត់រួច ចរាចរនឹងបើកដំណើរការធម្មតា លើកលែងតែគោលដៅទីតាំងប្រជុំ ឬការស្នាក់នៅតាមការចាំបាច់របស់សមត្ថកិច្ចជាក់ស្តែង។ »

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិបង្ហាញថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ (9″ ADMM-Plus) និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាបនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២។ ក្រសួងការពារជាតិកម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) ដែលកិច្ចប្រជុំនេះ ដឹកនាំដោយលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ។

ខេត្តសៀមរាប ក៏នឹងទទួលវត្តមានរបស់មេដឹកនាំយោធាប្រទេសមហាអំណាចលើលោក ដែលមានរដ្ឋមន្ត្រីការពារជាតិចិន និងរដ្ឋមន្ត្រីការពារជាតិអាមេរិក មកចូលរួមប្រជុំជាមួយបណ្ដារដ្ឋមន្ត្រីការពារជាតិរបស់នានាផ្សេងទៀត ដែលកិច្ចប្រជុំទាំងអស់នោះផ្តោតលើកិច្ចការងារសន្តិសុខតំបន់និងពិភពលោក៕

ដោយ៖វណ្ណ ស័ក្ដិ

ads banner