អាជ្ញាធរមីន​ ប្រារព្ធខួប​ ៣០ ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាន​ថ្លែង​ឱ្យដឹងថា ការរក្សាទុក និងការតាំងប​ង្ហាញនូ​វប្រ​វត្តិ​សង្គ្រាម ស្វែងរកសន្តិភាព និងសកម្មភាពមីន ផ្តល់ប្រយោជន៍ជាច្រើនដល់សង្គមជាតិមួយ ដូចជាលើកក​ម្ពស់​កា​​រយល់ដឹងពីប្រភពខ្លួន ទុកជាមេរៀន និងបទពិសោធន៍សម្រាប់អភិវឌ្ឍខ្លួន និងជាមោទនភាពសម្រាប់សមិទ្ធ​ផល​ដែល​សម្រេចបាន។

លោកបាន​លើកឡើង​ដូចនេះ ក្នុងពិធីបើកពិព័រណ៍​ខួប​ ៣០​ ឆ្នាំ​ នៃ​សកម្មភាពមីននៅ​កម្ពុជា ​នា​មជ្ឈមណ្ឌល​សន្និ​បា​ត និងពិព័រណ៍កោះពេជ្រ កាល​ពី​ថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២២​ ដោយលោក​បាន​បញ្ជាក់ថា បេសកកម្មនៃ​ស​កម្ម​ភា​ព​មីនរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា, ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភា គីពាក់ព័ន្ធ ក្នុងរយៈពេល៣០ឆ្នាំនេះ ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយផលប៉ះពាល់ដោយ សារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា។

ពិព័រណ៍​ខួប ៣០ឆ្នាំនេះ មានការបង្ហាញ​ពី​​​​សមិទ្ធផល​សកម្មភាព​មីន​​, ​ឧបករណ៍, ម៉ាស៊ីន, គ្រឿ​ងចក្រ​បោសស​ម្អាតមីន, ការបង្ហាញការដោះមីនដោយដៃ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធហិតរកមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយសត្វ (សុនខ និងកណ្តុរ​)​។

បន្ថែមលើនេះ ក៏មានការបង្ហាញពីកិច្ចសង្គ្រោះជនរងគ្រោះ ការអប់រំកាត់បន្ថយគ្រោះថ្នាក់ កា​រប្រើ​ប្រាស់​ច្ចេកវិទ្យា គ្រប់​គ្រង​ព័ត៌មាន​ ​និង​ឧបករណ៍បច្ចេក​ទេស​​ទំនើប​​ៗ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម ក៏​ដូចជា​ការ​ចូលរួម​រយៈពេលជាង ១៦ ឆ្នាំកន្លងទៅនេះ ទាហាន​មួក​ខៀវ​កម្ពុជាផងដែរ។

លោកមានប្រសាសន៍ថា ៖ «ការរក្សាទុក និងការតាំងបង្ហាញនូវប្រវត្តិសង្គ្រាម​ និងសកម្មភា​ពមី​ន ផ្តល់ប្រ​យោជ​ន៍ជាច្រើនដល់សង្គមជាតិ ដូចជា​ការស្វែងយល់​ពីប្រភពខ្លួន ជាមេរៀន និងបទពិ​សោធន៍​សម្រាប់អភិវឌ្ឍខ្លួន និងជា​មោទន​ភាពសម្រាប់សមិទ្ធផលដែលសម្រេចបាន»។

យោងតាមអាជ្ញាធរមីន បាន​ឱ្យដឹងថា ​ផ្ទៃដី ២ ៥៣១ គីឡូម៉ែត្រក្រឡា ស្មើនឹង​ ១ ៧០៣ ភូមិ​​ ត្រូវបានបោ​សស​ម្អាត និងប្រែ​ក្លាយ​ជាដីសុវត្ថិភាពសម្រាប់ប្រជាជនប្រមាណ ៩លាននាក់ ប្រើប្រាស់ និង​រាប់បញ្ចូលទាំង​កា​រសាង​សង់លំ​នៅដ្ឋា​ន សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់ និងកសិកម្ម ជា​ដើម​ ជា​ពិសេស​បាន​ប្រែក្លាយ​ដីមីន​​ ទៅ​ជាដីមា​ស។ ​

ក្នុង​រយៈពេល​នេះដែរ ប្រតិបត្តិករ​ ក៏បាន​រក​ឃើញ​ និ​ងកម្ទេច​ចោល​គ្រាប់មីន​ និង​សំណល់ជាតិផ្ទុះពីសង្រ្គាម​រាប់​លាន​​គ្រាប់ ក្នុង​នោះ​គ្រាប់មីន​ប្រឆាំងមនុស្សចំនួន ១.១៥១.២៣២ គ្រាប់, គ្រាប់មីន​ប្រឆាំង​រថក្រោះចំនួន ២៦.១១២ និង​យុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៣.០២៨.៦៥៩ គ្រាប់។

យោង​តាម​ទិន្នន័យ​របស់អាជ្ញាធរមីនដដែលនេះ ​​ប្រជាជន​រងគ្រោះ​ចំនួន​ ៦៥.០០៤ នាក់​ ក្នុង​នោះ​ស្លាប់​បាត់ប​ង់ជី​វិត​ចំនួន ១៩.៨១៨ នាក់។ ជាមួយ​គ្នានេះ​ ចំនួនជនរងគ្រោះប្រចាំឆ្នាំបានថយចុះពី ៤.៣២០នាក់ ក្នុងឆ្នាំ​១៩៩៦ ជាឆ្នាំដែលមានចំនួនជងរងគ្រោះច្រើនបំផុត មកនៅ៤៤នាក់ ក្នុងឆ្នាំ២០២១ កន្លងមកនេះ។

ឯកឧត្តម លី ធុជ បាន​ថ្លែងថា ៖ «ដោយសារផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានទំហំធំ ហើយ​ធនធានបោសសម្អាតមានកម្រិត កម្ពុជា​បាន​​រៀបចំផែនការ និងការចាត់អាទិភាព ការបោសស​ម្អាតស​ម្រាប់​តំប​ន់ដែលរងផលប៉ះពាល់ និងមានតម្រូវការខ្លាំងបំផុត។ សម្រាប់ប្រតិ​បត្តិការបោសសម្អាត ប្រតិបត្តិករបា​នប្រើគ្រប់​ល​​ទ្ធភាពនៃវិធីសាស្ត្រ ឧបករណ៍ និងបច្ចេកវិទ្យា ក្នុងការបោសសម្អាតស្របតាមស្ថានភាពចម្ការមីន»។ 

នាខួប៣០ឆ្នាំនេះដែរ លោក Daniel Craig (តួ​សម្ដែង​ James Bond 007) ជាអ្នកតស៊ូមតិសក​លរបស់​អង្គកា​រ​សហប្រជាជាតិសម្រាប់លុបបំបាត់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ​បាន​លើកឡើងដែរថា ពលរដ្ឋ​កម្ពុជា​ជាង ១​លាន​នាក់​នៅ​តែ​រស់​នៅ​កន្លែង​ដែល​ពួកគេ​ប្រឈម​នឹង​ហានិភ័យ។

លោកបាន​លើកឡើង​តាម​រយៈវិដេអូមួយថា ៖ «ជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ ក្នុង​តំបន់​ជនបទ​ត្រូវ​បាន​រឹត​ប​ន្តឹ​ង​ដោយ​ដី​មិន​មាន​សុវត្ថិភាព​សម្រាប់​ការ​ប្រើប្រាស់។ គ្រួសារជាច្រើន​នៅ​តែ​សោកស្ដាយ​ចំពោះ​អ្នក​រង​គ្រោះ​​ពី​គ្រាប់​មីន​»។

លោក Daniel Craig បាន​បន្ថែមថា នៅក្នុងការងាររបស់លោកជាមួយនឹងអង្គការសហប្រជាជាតិ លោកបាន​ឃើញ​ពីការ​ផ្លាស់ប្តូរជីវិតថ្មី​របស់​ប្រជាពលរដ្ឋ​រាប់លាននាក់​ដោយបានទទួលផលប្រយោជន៍ក្រោ​មការដឹក​នាំរបស់អា​ជ្ញាធរ​មីន​។

​​សូមបញ្ជាក់ដែរថា ពិធីបើកពិព័រណ៌ខួប៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័​រណ៍កោះពេជ្រ ដោយមានមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន តំណាងស្ថានទូត តំណាងដៃ​គូអភិ​វឌ្ឍន៍ ប្រតិបត្តិករជាតិ អន្តរជាតិ និងសិស្សានុសិស្សប្រមាណ ៣០០នាក់។

ការតាំងពិព័រណ៌នេះ នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ  ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយ​មានស្តង់​ចំនួន ៥២ តាំងបង្ហាញពាក់ព័ន្ធអំពីសមិទ្ធផលការងារបោ​សសម្អាតមីនរបស់ប្រ​តិបត្តិករបោស​សម្អា​តមីន និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ជូនដល់សាធារណៈជនចូលរួមទស្សនាដោយសេរី។

នៅ​ថ្ងៃទី២នៃពិព័រណ៌នេះផងដែរ ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចូលរួមជាកិត្តិយស​ក្នុង​ការ​បិទសន្និបាត​ជាតិនិងពិព័រណ៍នេះផងដែរ ​​ដោយលោកនឹង​ប្រកាស​ផង​ដែរ​ភូមិ​ចំនួន ១៧០៣ ជា​ភូមិ​អស់​មីន​។ នេះបើតាមការលើកឡើង​របស់ឯកឧត្តម លី ធុជ។

Dដោយ៖នាង សុគន្ធា

ads banner