ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបើកនៅល្ងាចនេះ

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីប្រកាសបើកជាផ្លូវការ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅល្ងាចថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ព្រឹត្តិការណ៍បើកជាផ្លូវការនូវការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១នៅថ្ងៃនេះ មានមហាជនចូលរួមសរុបជាង ៤ម៉ឺននាក់។ ព្រឹត្តិការណ៍នេះ ក៏នឹងមានការបង្ហាញជូននូវផ្ទាំងទស្សនីយភាពសិល្បៈជាច្រើនទម្រង់ សម្តែងដោយកម្លាំងបញ្ជាការដ្ឋានអង្គរក្សជាង ១ពាន់នាក់, ការរាំចង្វាក់រាំវង់ ឡាំលាវ ដែលជាការរំាចង្វាក់ប្រជាប្រិយខ្មែរ ដោយនារីខ្មែរប្រមាណ ៥០០នាក់, សម្ដែងក្បាច់គុនល្បុក្តតោ, បាញ់កាំជ្រួចទំនើបចម្រុះពណ៌ រួមទាំងទស្សនីយភាពផ្សេងៗទៀត ដែលមានអ្នកចូលរួមសម្ដែងសរុបប្រមាណ ២,០០០នាក់។
ព្រឹត្តិការណ៍ប្រកួតកីឡាជាតិត្រូវបានរាជរដ្ឋាភិបាលកម្ពុជារៀបចំធ្វើឡើងលើកដំបូងនៅក្នុងឆ្នាំ២០១៦ ក្នុងគោលបំណងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី និងអត្តពលិក ឆ្ពោះទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេលប្រមាណ ៦៤ឆ្នាំមកហើយ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងមានលំនាំដូចនឹងការប្រកួតកីឡាស៊ីហ្គេមតែម្តង ដើម្បីពង្រឹងសមត្ថភាពគណៈកម្មការរៀបចំការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
ព្រឹត្តិការណ៍ប្រកួតកីឡាជាតិត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង។ ប៉ុន្តែឆ្នាំ២០២០ ព្រឹត្តិការណ៍នេះបានខកខានរៀបចំដោយសារតែការរាត ត្បាតជំងឺកូវីដ១៩៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner