លោកវេជ្ជបណ្ឌិត នុត សម្បត្តិ៖ ការមិនធ្វើតេស្តរកជំងឺកូវីដ១៩មុនថ្ងៃប្រឡងបាក់ឌុបនេះ វាមិនបង្កជាហានិភ័យឡើយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា លោក នុត សម្បត្តិ បានអះអាងថា ការមិនធ្វើតេស្តរកជំងឺកូវីដ១៩ លើសិស្ស មុនថ្ងៃប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិភូមិ ឬបាក់ឌុបនាដើមខែធ្នូខាងមុខនេះ វាមិនបង្កជាហានិភ័យឡើយ ដោយសារបច្ចុប្បន្ននេះ អត្រាឆ្លងជំងឺកូវីដ ហាក់មានការថយចុះច្រើនសម្រាប់ប្រទេសកម្ពុជា។

លោក នុត សម្បត្តិ បានប្រាប់ឱ្យដឹងទៀតថា ចំពោះការបើកទូលាយដោយមិនមានការធ្វើតេស្តកូវីដ១៩ នៅមុនពេលប្រឡងនេះ គឺវាមិនបង្កជាហានិភ័យនោះ ដោយសារស្ថានភាពមានភាពធូរស្បើយច្រើន ដែលក្នុងថ្ងៃខ្លះក្រសួងបានរកករណីឆ្លងកូវីដ១៩នេះ ក្រោម១០ករណីប៉ុណ្ណោះ ក្នុងមួយថ្ងៃ។

លោកថា បើប្រៀបធៀបទៅប្រទេសជិតខាង គឺប្រទេសកម្ពុជាមានការធ្លាក់ចុះជំងឺកូវីដ១៩ ក្នុងកម្រិតដែលទាបបំផុត ពីព្រោះដោយសារការសោចស្រពនូវវ៉ាក់ស៊ាំងទៅកាន់ប្រជាជន គឺវាមានលក្ខណៈទូលំទូលាយស្ទើតែ៩៩ភាគរយទៅហើយដែលទទួលបានវ៉ាក់ស៊ាំងសព្វថ្ងៃនេះ។

លោក នុត សម្បត្តិ បញ្ជាក់ថា៖ «ដូច្នេះខ្ញុំគិតថាវាមិនសូវមានហានិភ័យអ្វីកើតឡើងទេ ទោះបីជាមិនបានធ្វើតេស្តក៏ដោយ ប៉ុន្តែបើយើងធ្វើតេស្ត គឺវាប៉ះពាល់ច្រើនដល់ថវិកាផង និងពេលវេលាផង ហើយខ្ញុំសង្ឃឹមថា មិនមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ឡើងវិញទេ ប្រសិនបើមានការរៀបចំឲ្យសិស្សអង្គុយឆ្ងាយពីគ្នា និងមានការពាក់ម៉ាស លាងដៃជាមួយសាប៊ូ ឬអាកុលជាដើម»។លោកបានបន្ថែមថា បើរក្សានូវការអនុវត្តនេះដដែល នោះវានឹងមិនមានជាហានិភ័យនៃការផ្ទុះឡើងជំងឺកូវីដ១៩ឡើងវិញឡើយ។

តាមរយៈបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ថា នៅក្នុងការប្រឡងឆ្នាំនេះ ក្រសួងនឹងអនុវត្តទៅតាមស្ដង់ដារប្រតិបត្តិការរបស់ក្រសួងក្នុងការគ្រប់គ្រដងជំងឺកូវីដ១៩ គឺមានន័យថា ក្រសួងនឹងមិនមានការធ្វើតេស្តមួយថ្ងៃមុនទេ ប៉ុន្តែអំពាវនាវសូមឲ្យបេក្ខជនទាំងអស់ ត្រូវពិនិត្យមើលសុខភាពរបស់ខ្លួន ដោយខ្លួនឯង។

លោកបន្តថា ប្រសិនបើមានអាការៈមិនស្រួលខ្លួន ដូចជាក្ដៅខ្លួន ឈឺក្បាលក្អក ដែលអាចជារោគសញ្ញានៃជំងឺកូវីដ សូមធ្វើតេស្តជាមុនដោយខ្លួនឯង ហើយជូនដំណឹងដល់មណ្ឌលប្រឡង នោះនឹងមានការរៀបចំជាបន្ទប់ជាពិសេសមួយ សម្រាប់ឲ្យបេក្ខជនអាចចូលរួមប្រឡងបាន ដោយមិនបង្កើតជាហានិភ័យដល់បេក្ខជនផ្សេងទៀតឡើយ។

បណ្ឌិត ហង់ជួន ណារ៉ុន បញ្ជាក់ថា ៖ «បេក្ខជនត្រូវពាក់ម៉ាសជាប្រចាំ ដើម្បីបន្តការពារសុវត្ថិភាពលោកគ្រូ អ្នកគ្រូ ដែលជាគណៈកម្មការ មេប្រយោគ និងគណៈកម្មការផ្សេងៗទៀត»។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២ ដែលមានបេក្ខជនប្រឡងសរុបចំនួន ១២៨ ១៣៤នាក់ និងមានមណ្ឌលប្រឡងចំនួន ២២១ ក្នុងនោះមានជា ៥ ២២៧បន្ទប់៕ ដោយ៖ ជា សុខនី

ads banner