សហគមន៍មួយនៅសៀមរាប ជំរុញឱ្យកសិករគួរផលិតជីធម្មជាតិប្រើប្រាស់លើផលដំណាំ ដើម្បីកាត់បន្ថយចំណាយ

អត្ថបទដោយ៖
CPA

សៀមរាប៖ ក្រុមប្រជាកសិកររបស់សហគមន៍កសិកម្មសុវត្ថិភាពដែលមានទីតាំងភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប កំពុងប្រឹងប្រែងលើកទឹកចិត្តកសិករខ្មែរ ឱ្យងាកមកដាំបន្លែ តាមរបៀបប្រើជីសរីរាង្គធម្មជាតិ ដោយបោះបង់ចោលទម្លាប់នៃការប្រើជីគីមី។

សហគមន៍នេះ យល់ថា ការលើកជំរុញឱ្យកសិករងាកមកផលិតជីធម្មជាតិ ដើម្បីប្រើប្រាស់លើផលដំណាំរបស់ខ្លួន គឺចង់លើកកម្ពស់ជីវភាពឱ្យកាន់តែប្រសើរឡើង កាត់បន្ថយចំណាយលើការប្រើប្រាស់ជីឬថ្នាំពុលគីមីកសិកម្ម។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងកំឡុងដំណើរទស្សនកិច្ចសិក្សាកាលពេលថ្មីៗនេះ អនុប្រធានសហគមន៍កសិកម្មសុវត្ថិភាព អ្នកស្រី ថៃ សូដា បានឱ្យដឹងថា កសិករមួយចំនួនក្នុងសហគមន៍លោកស្រី បានងាកមកចាប់អារម្មណ៍ផលិតជីសរីរាង្គធម្មជាតិប្រើប្រាស់ដោយខ្លួនឯងដោយប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់នៅក្នុងសហគមន៍ និងកាកសំណល់ផ្ទះបាយជាដើម។

អ្នកស្រីបន្តថា ៖ «ការស្វះស្វែងរកមធ្យោបាយផលិតជីធម្មជាតិប្រើប្រាស់ដោយខ្លួនឯងនេះ ដោយសារពួកគាត់ខ្វះខាតថវិកាទិញជីកសិកម្មដែលដាក់លក់លើទីផ្សារ និងដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាពផង»។

ពាក់ព័ន្ធនឹងមធ្យោបាយ ឬមធ្យោបាយផលិតជីវិញសហគមន៍កសិកម្មសុវត្ថិភាពបានឱ្យដឹងថា កសិករភាគច្រើន បានព្យាយាមសិក្សាស្វែងយល់ពីការផលិតជីកសិកម្មតាមបណ្ដាញសង្គមមានដូចជា យូធូប ហ្វេសប៊ុក ជាដើមដែលមានអ្នកជំនាញផលិតជីធម្មជាតិ និងកសិករដែលមានបទពិសោធន៍ក្នុងរឿងនេះបានចែករំលែកតាមរយៈបណ្តាញសង្គមនេះ។

ការផលិតជីធម្មជាតិនេះ មានច្រើនប្រភេទ ឬច្រើនរបៀប ទៅតាមប្រភេទដំណាំ មានដូចជាជីប្រភេទជីទឹកសម្រាប់ស្រោច ជីកំប៉ុស្តិ៍ សម្រាប់ប្រើទ្រាប់បាត ឬបាចលើថ្នាលដំណាំ ជីផេះអង្កាម និងជីផលិតពីស្រកីដូងជាដើម។ នេះបើតាមការបញ្ជាក់ពីអនុប្រធានសហគមន៍កសិកម្មសុវត្ថិភាព លោកស្រី ថៃ សូដា។

ជាមួយគ្នានេះ អ្នកស្រី សួស ឡាយ ជាសមាជិករបស់សហគមន៍ បានលើកឡើងដែរថា កសិករមួយចំនួនត្អូញត្អែរថា សព្វថ្ងៃនេះរបរធ្វើស្រែចម្ការមិនសូវទួលបានផលចំណេញប៉ុន្មានឡើយដោយសារពួកគាត់ត្រូវចំណាយដើមទុនច្រើនជាពិសេសចំណាយទៅលើជី ថ្នាំកសិកម្ម និងប្រេងសាំងជាដើម ដែលបន្តឡើងថ្លៃជាបន្ទាប់ ចំណែកផលិតផលរបស់ពួកគាត់ដែលទទួលបានលក់បានថោក។

ហេតុនេះ ដើម្បីដោះស្រាយបញ្ហានេះ កសិករក្នុងសហគមន៍ បានរួមគ្នា ផលិតជីធម្មជាតិពីវត្ថុដែលមានក្នុងសហគមន៍ស្រាប់ ក្នុងនោះមានដូចជា រុក្ខជាតិទន្ទ្រានខែត្រ កាកសំណល់ផ្ទះបាយ និងស្លឹករុក្ខជាតិផ្សេងទៀត លាយជាមួយលាមកសត្វ ដោយទុករយៈពេលប្រមាណមួយខែ ដើម្បីឱ្យវារលួយចូលគ្នាទើបអាចយកទៅប្រើបាន ដោយបាចទៅលើថ្នាលដំណាំមុនពេលដាំ ប្រើជាជីទ្រាប់បាតពេលដាំដំណាំបន្លែឬរុក្ខជាតិផ្សេងៗទៀត។ នេះបើតាមការបញ្ជាក់ពីអ្នកស្រី សួស ឡាយ។

ពាក់ព័ន្ធ នឹងការជំរុញឱ្យកសិករគួរផលិតជីធម្មជាតិប្រើប្រាស់លើផលដំណាំនេះដែរ លោក ប៉ាត សុវណ្ណ មន្រ្តីកសិកម្មរបស់អង្គការ Gret បានលើកឡើងដែរថា ការផលិតជីសរីរាង្គដោយប្រើវត្ថុធាតុដើមដែលមាននៅក្នុងសហគមន៍នេះ ក្រៅពីផ្តល់ឱ្យកសិករចំណេញថវិកា វាក៏បានផ្តល់នូវផលប្រយោជន៍ជាច្រើនផ្សេងទៀត។

លោកបានបញ្ជាក់ថា ៖ « ជីសរីរាង្គ ដែលកសិករផលិតដោយខ្លួនឯង ដោយប្រើប្រាស់វត្ថុធាតុដើមដែលមាននៅក្នុងសហគមន៍ពួកគាត់នោះ បានជួយកែប្រែស្ថានភាពដីឱ្យដីធូរល្អ ដីមានជីជាតិ ជួយកម្ចាត់រោគនៅលើដំណាំ ធ្វើឱ្យដំណាំមានការលូតលាស់ល្អ ជួយឲ្យសហគមន៍ និងជុំវិញផ្ទះកសិករ មានបរិស្ថានល្អ និងជួយកាត់បន្ថយផលប៉ះពាល់ដល់សុខភាពដល់អ្នកបរិភោគផងដែរ»។

សូមបញ្ជាក់ថា ក្រសួងកសិកម្មធ្លាប់បានឱ្យដឹងថា ការស្រាវជ្រាវកន្លងមកបង្ហាញថា កម្ពុជាបាននាំចូលបន្លែហូបចុកពីប្រទេសជិតខាងប្រមាណពី២០០ ដល់៤០០តោនក្នុងមួយថ្ងៃ ដែលមានតម្លៃជាទឹកប្រាក់ជាង ២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ផ្ទុយទៅវិញ បន្លែផ្លែឈើសរីរាង្គ(Organic) មានតែជាង១តោនប៉ុណ្ណោះ ដែលផលិតបាន និងផ្គត់ផ្គង់នៅលើទីផ្សារសព្វថ្ងៃ។ចំនុចនេះ ក្រសួងកំពុងខិតខំជំរុញគម្រោងលើកកម្ពស់ការអនុវត្តកសិកម្មល្អ(GAP) ដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ជាងនេះទៀត ក្រសួងកសិកម្មកាលពីពេលថ្មីៗនេះ ក៏បានចេញសេចក្ដីប្រកាសមួយស្ដីអំពីការឡើងថ្លៃនៃជីកសិកម្ម ក៏ដូចជាថ្នាំកសិកម្ម ដែលអាចប៉ះពាល់ទៅដល់បងប្អូនប្រជាកសិករដែលមានតម្រូវការប្រើប្រាស់ជីគីមីជាប្រចាំសម្រាប់ការដាំដុះ ខណៈដែលប្រជាកសិករមិនសូវមានចំណូល។ ដូច្នេះអ្វីដែលជា ជម្រើសល្អ គឺមានតែការងាកមកផលិតជីធម្មជាតិពីកាកសំណល់ផ្ទះបាយ ឬវត្ថុធាតុដើមផ្សេងៗដែលអាចរកបាននៅជុំវិញសម្រាប់ប្រើប្រាស់លើការដាំដុះ ដែលអាចចំណេញទាំងថវិកា និងមិនប៉ះពាល់ដល់សុខភាព៕ ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner