អ.ស.ប អំពាវនាវឱ្យបញ្ចប់ការវាយប្រហារដ៏ឆ្កួតលីលានៅក្បែររោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា ជាបន្ទាន់

កៀវ៖ ប្រធានអង្គការឃ្លាំមើលបរមាណូរបស់អង្គការសហប្រជាជាតិបានថ្កោលទោសនូវអ្វីដែលលោកបានពិពណ៌នាថា ជាការវាយប្រហារកំណត់គោលដៅលើរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា ដែលគ្រប់គ្រងដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ហើយបានអំពាវនាវឱ្យបញ្ឈប់ទង្វើដ៏ឆ្កួតលីលានេះជាបន្ទាន់។

ការផ្ទុះដ៏ខ្លាំងក្លាដោយសារការបាញ់ផ្លោងបានអង្រួនតំបន់ ហ្សាប៉ូរីសហ្ស៊ីយ៉ា របស់អ៊ុយក្រែន ដែលជាទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបកាលពីចុងសប្តាហ៍មុននេះ។ ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ក្រូស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ព័ត៌មានពីក្រុមរបស់យើងកាលពីម្សិលមិញ និងព្រឹកនេះ គឺគួរឱ្យព្រួយបារម្ភខ្លាំងណាស់។

ការផ្ទុះបានកើតឡើងនៅកន្លែងនៃរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំនេះ វាជារឿងមិនអាចទទួលយកបានទេ។ លោកថា អ្នកណានៅពីក្រោយរឿងនេះ ត្រូវតែបញ្ឈប់ជាបន្ទាន់។ ដូចដែលខ្ញុំបាននិយាយជាច្រើនដងរួចមកហើយថា អ្នកកំពុងតែលេងភ្លើង។
គួរបញ្ជាក់ថា រោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា គឺជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតមួយនៅអឺរ៉ុប។

រុស្ស៊ីបានគ្រប់គ្រងរោងចក្រនេះភ្លាមៗ បន្ទាប់ពីខ្លួនបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំនេះ។ ថ្មីៗនេះ រោងចក្រថាមពលនុយក្លេអែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា ត្រូវបានបាញ់ផ្លោងជាបន្តបន្ទាប់ ហើយរុស្ស៊ី និងអ៊ុយក្រែន កំពុងស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការវាយប្រហារតំបន់រោងចក្រថាមពលនេះ៕ ប្រភព៖ Aljazeera ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner