សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ តួនាទីរបស់សមាជិកសភាស្ត្រី រួមចំណែកយ៉ាងសំខាន់ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន
ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការស្រ្តី នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានប្តូរវេនអន្តរសភាលើកទី៤៣ បានបង្ហាញនូវការជឿជាក់លើតួនាទីរបស់សមាជិកសភាស្ត្រី ដែលរួមចំណែកយ៉ាងសំខាន់ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
សម្តេចបានគូសបានបញ្ជាក់អំពីភាពចាំបាច់របស់វ៉ាយប៉ា (WAIPA) ជាផ្នែកមួយដ៏សំខាន់នៃមហាសន្និបាតអាយប៉ា ដែលបង្ហាញពីតួនាទីយ៉ាងសំខាន់របស់ស្រ្តី ក្នុងការជំរុញឱ្យអាស៊ានផ្តោតទៅលើប្រជាជន ដែលក្នុងនោះ ស្ត្រីត្រូវបានផ្ដល់ភាពអង់អាច ឱ្យក្លាយជាផ្នែកមួយក្នុងដំណើរការនៃការសម្រេចចិត្ត ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់ជាតិ តំបន់ និងអន្តរជាតិ ដែលកាន់តែមានភាពស្មុគស្មាញ។
កិច្ចប្រជុំគណៈកម្មាធិការស្រ្តី នាពេលនេះដឹកនាំកិច្ចប្រជុំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និងជាប្រធានគណៈកម្មាធិការស្រ្តី WAIPA នៃមហាសន្និបាតអន្តរសភាលើកទី៤៣។
មានគណៈប្រតិភូប្រទេសជាសមាជិកអាយប៉ាសរុប ៣៥រូប មកពី ៨ប្រទេស បានចូលរួមក្នុងកិច្ចប្រជុំនេះ។ ដោយឡែកគណៈប្រតិភូកម្ពុជាចូលរួមនាពេលនេះ មាន ឯកឧត្តម អ៊ុក ដាមរី សមាជិកគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាស្រ្តីកម្ពុជា និងលោកជំទាវ ម៉ក់ វណ្ណស៊ីថា សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា ជាអ្នករាយការណ៍។
នាឱកាសដ៏ពិសេសនេះដែរ លោកជំទាវ សាប្រ៊ីណា កាហ្វ៉ារ៉ូវ៉ា (Sabrina Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងនាមជាប្រទេសអ្នកសង្កេតការណ៍សម្រាប់កិច្ចប្រជុំនេះបានចូលរួមថ្លែងសុន្ទរកថាគន្លឹះ ដោយបានគូសបញ្ជាក់អំពីភាពចាំបាច់របស់ស្រ្តី ក្នុងការចូលរួមនៅគ្រប់វិស័យដើម្បីធានាដល់ស្ថិរភាព និងសង្គមដ៏រឹងមាំ និងការឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៥ SDG5។ លោកជំទាវក៏បានសង្កត់ធ្ងន់ទៅលើការពង្រឹងការអប់រំ និងធានានូវឱកាសស្មើគ្នាក្នុងការអប់រំដែលប្រាកដប្រជានឹង លុបបំបាត់ឧបសគ្គដល់ការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត។
កិច្ចប្រជុំគណៈកម្មាធិការស្ត្រីបានប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសមិត្តភាព ឯកភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ដោយបានអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចដូចខាងក្រោម៖
១. សេចក្តីសម្រេចស្តីពី «របាយការណ៍នៃគណៈកម្មាធិការសម្របសម្រួលសភាស្ត្រីអាយប៉ា (វ៉ាយប៉ា)» ។ របាយការណ៍នេះ បង្ហាញពីការរកឃើញសំខាន់ៗនៃការសន្ទនាពីភាគីពាក់ព័ន្ធជាច្រើនលើផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធ និងជំងឺរាតត្បាតកូវីដ-១៩ លើស្ត្រីនិងក្មេងស្រី ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ឆ្ពោះទៅរកការស្តាសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ តាមរយៈការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី និងអនុសាសន៍លើវិធានការសំខាន់ៗមួយចំនួន ដើម្បីបង្កើនការចូលរួមដោយស្មើភាពរបស់ស្ត្រីក្នុងនយោបាយ រួមទាំងលទ្ធភាពក្នុងការបង្កើនចំនួនសមាជិកសភាស្ត្រីជាអតិបរមា ដែលចូលរួមក្នុងមហាសន្និបាតអន្តរសភាអាស៊ាន។
២. សេចក្តីសម្រេចស្តីពី «សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី ដើម្បីការស្តាឡើងវិញក្រោយកូវីដ-១៩ ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់» ។ សេចក្តីសម្រេចនេះ លើកទឹកចិត្តដល់ការបង្កើតផែនការឆ្លើយតបនឹងយេនឌ័រ ដើម្បីដកចេញនូវរនាំងដែលរារាំងស្ត្រី ពីការចូលរួមយ៉ាងពេញលេញក្នុងការសម្រេចចិត្តនៅគ្រប់កម្រិត និងគ្រប់វិស័យ។ ការណ៍នេះ អំពាវនាវឱ្យសភាសមាជិកអាយប៉ា វាយតម្លៃឡើងវិញ និងបង្កើតគោលនយោបាយ និងយន្តការ ដែលមានស្រាប់ដើម្បីដោះស្រាយវិសមភាព និងគម្លាតយេនឌ័រឲ្យមានប្រសិទ្ធភាព និងឆ្ពោះទៅសម្រេចបានគោលអភិវឌ្ឍប្រកដបដោយចីរភាពទី៥ (SDG5)។
៣. សេចក្តីសម្រេចស្តីពី «ការលើកកម្ពស់តួនាទីរបស់តំណាងរាស្ត្រស្ត្រីក្នុងការនាំមកនូវវឌ្ឍនភាពរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ»។ សេចក្តីសម្រេចនេះ អំពាវនាវឱ្យសភាសមាជិកអាយប៉ា តាមដានវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចលេខ 1325 របសស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចពាក់ព័ន្ធផ្សេងៗទៀត និងថែមទាំងលើកទឹកចិត្តឱ្យសភាសមាជិកអាយប៉ា លើកកម្ពស់ការយល់ដឹងអំពីសិទ្ធមនុស្ស និងបង្កើតកម្មវិធីពង្រឹងសមត្ថភាពដែលទាក់ទងនឹងស្ត្រី សន្តិភាព និងសន្តិសុខ៕ ដោយ ហេង សម្បត្តិ+ គ្រី សម្បត្តិ