រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យមើលមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែសុវត្ថិភាព នៅក្រុងតាខ្មៅ ខេត្តកណ្ដាល

ខេត្តកណ្ដាល ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យមើលនៅមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែសុវត្ថិភាព ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

https://youtu.be/2Ep8cF7SYIo

ការចុះពិនិត្យរបស់ ឯកឧត្តម ឌិត ទីណា ទៅកាន់មជ្ឈមណ្ឌលនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មរបស់មជ្ឈមណ្ឌល រួមនឹងដំណើរការគាំទ្រ និងគ្រប់គ្រងបណ្ដុំអាជីវកម្មទូទាំងខេត្តដែលកម្មវិធីASPIRE បានអនុវត្តចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ នេះ ផងដែរ ។ ជាលទ្ធផលនៃដំណើរទស្សនកិច្ចនេះ រួមមាន៖

ឯកឧត្តមរដ្ឋមន្ត្រី អភិបាលខេត្ត និងប្រតិភូអមថ្នាក់ដឹកនាំ រួមនឹងអ្នកពាក់ពន្ធ័បានពិនិត្យមើលនូវខ្សែច្រវាក់ផលិតកម្ម ក្នុងមជ្ឈមណ្ឌលជាក់ស្ដែង ដែលមានការបង្ហាញពីលោកអនុប្រធានមជ្ឈមណ្ឌល លើដំណើរការកត់ត្រាចំនួន និងប្រភេទបន្លែយកចូលមណ្ឌល ការលាងសម្អាត វេចខ្ចប់ ការស្តុកទុក (ឃ្លាំងត្រជាក់ និងឃ្លាំងស្ងួត) និងការធ្វើតេស្ដរកសារធាតុពុលបន្សល់ទុកក្នុងបន្លែ ដែលក្រុមហ៊ុនមាសបៃតង, ក្រុមហ៊ុនNAV និងក្រុមហ៊ុនCSDS បានយកមកធ្វើតេស្តនាពេលនោះផងដែរ។ ហើយបន្លែទាំងនោះ គឺសុទ្ធតែបានយកមកពីបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាព និងសហគមន៍កសិកម្មក្នុងខេត្តកណ្ដាល និង ខេត្តនានា តាមរយៈកិច្ចសន្យាកសិកម្ម ។

បន្ទាប់ពីបានស្តាប់ការណែនាំ និងពិនិត្យជាក់ស្ដែងនៅនឹងមណ្ឌល ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ មួយចំនួនផងដែរ មានដូចជា៖

ការផលិតគួរមានកិច្ចសន្យាជាមួយកសិករឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីកុំឲ្យពួកគាត់ខ្វះទីផ្សារ និងបាត់បង់ទំនុកចិត្តក្នុងការផលិត។
ដៃគូសហការ និងក្រុមហ៊ុនផ្សេងៗទៀតសូមយកគំរូតាមក្រុមហ៊ុនមាសបៃតង និងក្រុមហ៊ុនNAV ដែលមានការវេចខ្ចប់បានស្អាតល្អ មានQRកូដ បញ្ជាក់ពីលើបន្លែដែលបានធ្វើតេស្ដរួច ដើម្បីឲ្យប្រាកដថា បន្លែនោះសុវត្ថិភាព ឬជាបន្លែសរីរាង្គ យកមកពីតំបន់ណា ហើយបានស្គាល់ឈ្មោះកសិករអ្នកផលិតផងដែរ ។

ក្រុមហ៊ុនអ្នកប្រមូលទិញទាំងអស់គប្បីធ្វើការវិនិយោគជាមួយកសិករ ដើម្បីកាត់បន្ថយថ្លៃដើមផលិតរបស់ពួកគាត់តាមរយៈការផ្តល់ជាផ្ទះសំណាញ់ ការស្រោចស្រប់តាមបែបទំនើបធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងធ្វើការរំលស់ជាមួយថ្លៃបន្លែដែលប្រមូលទិញទាំងនោះដោយមានការយល់ព្រម ពីភាគីទាំងសងខាង ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner