សម្ដេចតេជោ ហ៊ុន សែន ស្នើដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដាក់បញ្ចូលបញ្ហាបោសសម្អាតមីន ក្នុងផែនការអភិវឌ្ឍន៍

ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសន្និបាតខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គោធើរ៉េស ឱ្យពិនិត្យដាក់បញ្ចូលបញ្ហាបោសសម្អាតមីន ក្នុងផែនការអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា ក្នុងជំនួបរវាងសម្ដេចតេជោ ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ កាលសប្ដាហ៍ទី២ ខែវិច្ឆិកា ក្នុងកិច្ចប្រជុំអាស៊ាន។ សម្ដេចបានពិភាក្សាបញ្ហាមួយចំនួនដែលមានដូចជាបញ្ហាមីន ការបញ្ជូនទាហានមួកខៀវ និងបញ្ហាខ្មែរក្រហម។

សម្ដេចតេជោ បញ្ជាក់ថា ក្នុងពេលនោះសម្ដេចបានស្នើឱ្យលោក អែនតូនីញ៉ូ ដាក់បញ្ចូលបញ្ហាបោសសម្អាតមីនក្នុងផែនការអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិផងដែរ ដោយសារសម្ដេចបានមើលឃើញថាបញ្ហាមីននៅតែមានបញ្ហាប្រឈមនៅក្នុងប្រទេសជាច្រើនក្នុងពិភពលោក។

ជាការឆ្លើយតប អគ្គលេខាធិការអង្គការសហប្រជាជាតិ លើកឡើងថា លោកនឹងទទួលយកនឹងយករឿងនេះទៅជជែកជាមួយប្រទេសនានាដើម្បីដាក់បញ្ជូលផងដែរ។

សម្ដេចតេជោបញ្ជាក់ថា ក្នុងពេលប្រជុំនោះពុំមានការនិយាយពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាទេ។ គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ឬគោលដៅសកល គឺជាបណ្តុំនៃគោលដៅសកលដែលជាប់ទាក់ទងគ្នាចំនួន១៧ ដែលត្រូវបានរចនាឡើងដើម្បីជា “ប្លង់មេចែករំលែកសម្រាប់សន្តិភាព និងវិបុលភាពសម្រាប់មនុស្ស និងភពផែនដីឥឡូវនេះ និងទៅអនាគត”។ SDGs ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយមហាសន្និបាតអង្គការសហប្រជាជាតិ ហើយគ្រោងនឹងសម្រេចបាននៅឆ្នាំ២០៣០។ កម្ពុជា ក៏បានដាក់អនុវត្តន៍តាមផែនការនោះដែរ តែបានបន្ថែមការបោសសម្អាតមីនមួយទៀតដែលធ្វើឱ្យ SDGs សម្រាប់កម្ពុជាមាន១៨ ៕ ដោយ ៖ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner