សម្តេចតេជោ៖ កម្ពុជា បានបញ្ជូនមន្រ្តីជំនាញបច្ចេកទេសស៊ីម៉ាក់ ៣រូប ទៅបំពេញបេសកកម្មហ្វឹកហ្វឺនជំនាញសកម្មភាពមីន នៅប្រទេសអ៊ុយក្រែន

ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសន្និបាតខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជា បានសម្រេចបញ្ជូនមន្រ្តីជំនាញបច្ចេកទេសអង្គភាពស៊ីម៉ាក់ចំនួន ៣ រូបដើម្បីបំពេញបេសកកម្មហ្វឹកហ្វឺនជំនាញសកម្មភាពមីននៅប្រទេសអ៊ុយក្រែនក្រោមការគាំទ្រនៃគម្រោងជំនួយជប៉ុន ដើម្បីជួយអ៊ុយក្រែនក្នុងការបំផ្លាញគ្រាប់មីន ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ជូនមន្រ្តីជំនាញបច្ចេកទេសអង្គភាពស៊ីម៉ាក់ចំនួន ៣ រូប ដើម្បី បំពេញបេសកកម្មហ្វឹកហ្វឺនជំនាញសកម្មភាពមីននៅប្រទេសអ៊ុយក្រែន ក្រោមការគាំទ្រនៃគម្រោងជំនួយជប៉ុន ដើម្បីជួយអ៊ុយក្រែនក្នុងការបំផ្លាញគ្រាប់មីន ។

សម្តេចតេជោ បានបន្តថា ក្នុងនាមជារដ្ឋភាគីនៅចុងឆ្នាំ ២០១១ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃរដ្ឋភាគីលើកទី ១១ ដែលត្រូវបានទទួលស្គាល់ថាជាកិច្ចប្រជុំមួយដ៏ល្អ និងប្រកបដោយជោគជ័យក្នុងប្រវត្តិនៃកិច្ចប្រជុំរបស់ចលនាហាមការប្រើប្រាស់មីនប្រឆាំងមនុស្សកន្លងមក ។

បន្ថែមលើនេះរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកសកម្ម ភាពមីនជាផ្នែកមួយដ៏សំខាន់ព្រមទាំងបានសម្រេចដាក់បញ្ចូលសកម្មភាពបោសសម្អាតមីននិងគ្រាប់មិនទាន់ផ្ទុះចូលជាគោលដៅទី៩ នៃគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ និងដាក់ចូលជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រជាតិសកម្ម ភាពមីន ២០១៨-២០២៥ “កម្ពុជាគឺជាប្រទេសដែលគ្មានមីនហើយការគំរាមដោយសារសំណល់ជាតិផ្ទុះ ត្រូវបានកាត់បន្ថយឱ្យនៅកម្រិតអប្បបរមានិងមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធានមនុស្សប្រព្រឹត្តទៅដោយសុវត្ថិភាព” ។

សម្តេចតេជោ ហ៊ុន សែន បន្តទៀតថា កិច្ចខិតខំប្រឹងប្រែងនេះរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីចំនួន ៤៣២០ នាក់ ក្នុងឆ្នាំ១៩៩៦ មកនៅក្រោមចំនួន ១០០នាក់ជាមធ្យមក្នុង១ឆ្នាំសម្រាប់រយៈពេល ១០ឆ្នាំចុងក្រោយនេះ ។

ជាមួយនឹងបទពិសោធន៍លើសកម្មភាពមីនក្នុងរយៈពេល ៣ ទសវត្សរ៍ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានខិតខំចែករំលែកកងកម្លាំងបោសសម្អាតមីនរបស់ខ្លួនដើម្បីចូលរួមចំណែកសម្រាលទុក្ខជូនដល់ប្រទេសជាច្រើនដែលកំពុងប្រឈមនិងរងគ្រោះថ្នាក់ដោយសារមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាត ម៉ាលី អាហ្វ្រិក កណ្តាល ស៊ីប លីបង់ ស៊ីរី និងយេម៉ែន ។ រយៈពេលជាង ១៦ ឆ្នាំ កន្លងទៅនេះទាហានមួកខៀវកម្ពុជា ៨ ៣០២នាក់ ក្នុងនោះ មាននារី ៥៨០នាក់បានបំពេញបេសកកម្មនិងបានក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ ដើម្បី រួមចំណែកដល់ស្ថិរភាពក្នុងពិភពលោក ។ការណ៍នេះបានធ្វើឱ្យមជ្ឈដ្ឋានជាតិ-អន្តរជាតិស្ញប់ស្ញែង នូវបេសកកម្មរបស់កម្ពុជាប្រកបដោយកិត្តិយសដ៏ឧត្តុង្គឧត្តមក្នុងពិភពលោកក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បន្ថែមថា ការរួមចំណែករបស់កម្ពុជា និងស្នាដៃរបស់វីរយុទ្ធនារីកម្ពុជានៅឆ្នាំ២០២២ នេះទទួលបានការអបអរសាទរពីអគ្គលេខាធិការរងអង្គការសហប្រជាជាតិ។ ជាមួយនេះ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ដែលសម្តេច បានផ្តួចផ្តើមគំនិតបង្កើតឡើង មានទីតាំងនៅរាជធានីភ្នំពេញ កំពុងជួយប្រទេសសមាជិកអាស៊ានដែលរងផលប៉ះពាល់ដោយសំណល់ជាតិផ្ទុះដើម្បីបង្កើនការយល់ដឹងពីគ្រោះថ្នាក់ដោយសារ សំណល់ជាតិផ្ទុះចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងសកម្មភាពមីន ពង្រីកបណ្តាញសម្របសម្រួលផ្តល់ជំនួយដល់ជនរងគ្រោះសម្រាប់តំបន់អាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការសកម្មភាពមីនក្នុងកម្រិតតំបន់ និងអន្តរជាតិ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តគោលនយោបាយនិងវិធានការមួយចំនួនសំដៅជួយទ្រទ្រង់ដល់ជន រងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះនិងលើកកម្ពស់សិទ្ធិរបស់ជនរងគ្រោះព្រមទាំងបានផ្តល់សច្ចាប័នដល់អនុសញ្ញា ស្តីពីសិទ្ធិរបស់ជនពិការ ដែលបានចូលជាធរមានតាំងពីឆ្នាំ ២០១៣ មក ។ ក្នុងឆ្នាំ ២០២៣ខាងមុខនេះរាជរដ្ឋាភិបាលបានឯកភាពឱ្យអាជ្ញាធរមីនរៀបចំ“សន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះ”នៅកម្ពុជាដែលនឹងមានប្រទេស ប្រមាណ ៣៦ ចូលរួម ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កម្ពុជា បានឱ្យដឹងថា មានពេលប្រមាណ ៣ឆ្នាំទៀត ដើម្បីបន្តការបោសសម្អាតមីនសំដៅឈានដល់ការសម្រេចបានគោ លដៅចុងក្រោយគឺកម្ពុជាមិនមានមីនប្រឆាំងមនុស្សចាប់ពីឆ្នាំ ២០២៥ជាមួយនឹងការគំរាមដោយសំណល់ជាតិផ្ទុះនឹងត្រូវបានកាត់បន្ថយដល់កម្រិតអប្បរមា ។ កម្ពុជាបានឈានទៅដល់ការប្រកាសខេត្ត-រាជធានីចំនួន ៥ គ្មានមីន រួមមានខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ និងព្រះសីហនុ ក្នុងនោះភូមិចំនួន១៧០៥ ត្រូវបានប្រកាសជាភូមិអស់ មីនផងដែរ ។ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម ”ខេត្តមួយចំនួនទៀត នឹងត្រូវប្រកាសជាខេត្តអស់មីន ៕ ដោយ ៖ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner