ចំនួនមនុស្សស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅឥណ្ឌូណេស៊ីកើនដល់ជាង ១៦០នាក់

ឥណ្ឌូនេស៊ី៖គ្រោះរញ្ជួយដីកម្រិត ៥,៦ រ៉ិចទ័រ នៅលើកោះជ្វារបស់ប្រទេសឥណ្ឌូណេស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦២ នាក់ និងជាង ៣២០នាក់រងរបួស។ នេះបើតាមតុល្យការរបស់អាជ្ញាធរឥណ្ឌូណេស៊ី គិតត្រឹមយប់ថ្ងៃចន្ទ ទី២១ វិច្ឆិកា ឆ្នាំ២០២២។

គ្រោះរញ្ជួយដីដ៏ខ្លាំងនេះ បានវាយប្រហារតំបន់ស៊ីអានជូ (Cianjur) ស្ថិតក្នុងខេត្តជ្វាខាងលិច (West Java) កាលពីរសៀលថ្ងៃចន្ទ ក្នុងជម្រៅ ១០ គីឡូម៉ែត្រ។ តំបន់ដែលមានប្រជាជនរស់នៅជាង ២,៥ លាននាក់នេះ មានចម្ងាយប្រមាណ ៧៥ គីឡូម៉ែត ភាគខាងត្បូងរដ្ឋធានីហ្សាការតា។

តាមទិន្នន័យចុងក្រោយ ក្រៅពីបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់ គ្រោះរញ្ជួយដីក៏បានធ្វើឱ្យមនុស្សជាង ១៣ ០០០ នាក់រត់ចោលផ្ទះសម្បែង។ ពួកគេទាំងអស់ នឹងត្រូវទៅស្នាក់នៅក្នុងជំរុំជនភៀសខ្លួនចំនួន ១៤។ ក្រៅពីនេះ យ៉ាងហោចណាស់មានផ្ទះជាង ២ ២០០ ខ្នងត្រូវបានបំផ្លិចបំផ្លាញ។

អាជ្ញាធរក្នុងតំបន់ស៊ីអានជូ បានឲ្យដឹងថា ភ្លើងអគ្គិសនីត្រូវបានកាត់ផ្តាច់ និងរំខានដល់ប្រតិបត្តការ សង្គ្រោះ ហើយការរអិលបាក់ដីក៏កំពុងរារាំងដល់ដំណើរការជម្លៀសប្រជាជនផងដែរ។

ក្រុមអ្នកជួយសង្គ្រោះ បានធ្វើការយ៉ាងដុតដៃដុតជើងពេញមួយយប់ថ្ងៃចន្ទ ដើម្បីជួយសង្គ្រោះមនុស្សផ្សេងទៀត ដែលអាចនៅជាប់នៅក្រោមអគារដែលដួលរលំ។
អភិបាលខេត្តជ្វាខាងលិចលោក រីដវ៉ាន់ កាមីល (Ridwan Kamil) បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ទំនងជានឹងកើនឡើងបន្ថែមទៀត។ ចំណែក អ្នករងរបួសជាច្រើននាក់ ត្រូវទទួលការព្យាបាលនៅខាងក្រៅឯចំណតរថយន្តមន្ទីរពេទ្យ បន្ទាប់ពីអគ្គិសនីនៅមន្ទីរពេទ្យដាច់អស់រយៈពេលជាច្រើនម៉ោងក្រោយហេតុការណ៍រញ្ជួយដី។

យ៉ាងណាក៏ដោយ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ី (BNBP) បាននិយាយថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្នុងកម្រិត ៥,៦ រ៉ិចទ័រ មិនបង្កឲ្យមានហានិភ័យនៃរលកយក្សស៊ូណាមិឡើយ។

គួរជ្រាបថា គ្រោះរញ្ជួយដីគឺជារឿងធម្មតាទៅហើយនៅក្នុងប្រទេសឥណ្ឌូណេស៊ីដែលស្ថិតនៅលើតំបន់ក្រវ៉ាត់ភ្នំភ្លើង (Ring of Fire) ជុំវិញគែមនៃអាងប៉ាស៊ីហ្វិក ដែលជាទីតាំងងាយរងគ្រោះពីគ្រោះរញ្ជួយដី និងការផ្ទុះភ្នំភ្លើង។

ប្រទេសដែលមានប្រជាជនចំនួនជាង ២៧០ លាននាក់នេះ មានប្រវត្តិធ្លាប់ត្រូវរងការបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ។ ជាក់ស្តែង កាលពីឆ្នាំ ២០១៨ មនុស្សជាង ២ ០០០នាក់បានស្លាប់ដោយសារការរញ្ជួយដីនៅលើកោះស៊ុឡាវ៉េស៊ី (Sulawesi)៕

ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖
Indonesia: Java quake kills 162 and injures hundreds
Governor, local official say Indonesia quake death toll jumps to 162
Magnitude 5.6 earthquake leaves at least 162 dead in Indonesia


ads banner