ប្រជាជនអ៊ុយក្រែន រាប់លាននាក់ប្រឈមនឹងហានិភ័យនៅរដូវរងានេះ

អន្តរជាតិ៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានកាលពីថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ថា ប្រជាជនអ៊ុយក្រែនរាប់លាននាក់ នឹងប្រឈមមុខនឹងហានិភ័យផ្សេងៗក្នុងរដូវរងានេះ ខណៈការផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេសនេះជួបការលំបាកដោយសារតែការវាយប្រហាររបស់រុស្ស៊ី។

នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុប លោក Hans Kluge បានប្រាប់អ្នកយកព័ត៌មានថា ការខូចខាតពីការវាយប្រហាររបស់រុស្ស៊ីកំពុងមានផលប៉ះពាល់ជាខ្លាំង លើប្រព័ន្ធសុខភាពរបស់ប្រទេសអ៊ុយក្រែន។ លោកបានព្រមានយ៉ាងដូច្នេះថា៖ «ការស៊ូដើម្បីរស់រានមានជីវិតនឹងក្លាយជាប្រធានបទក្នុងរដូវរងានេះ» ហើយនឹងមាន «ការគំរាមកំហែងអាយុជីវិតសម្រាប់មនុស្សរាប់លាននាក់នៅអ៊ុយក្រែន»។

លោក Kluge បានគូសបញ្ជាក់ថា ប្រជាជនអ៊ុយក្រែនរហូតដល់ទៅ៣លាននាក់ អាចចាកចេញពីផ្ទះរបស់ខ្លួនដើម្បីស្វែងរកភ្លើងប្រើប្រាស់ និងសុវត្តិភាព។ លោកបន្ថែមថា ពួកគេនឹងប្រឈមមុខនឹងបញ្ហាសុខភាពពិសេស រួមទាំងការឆ្លងជំងឺឆ្លងតាមផ្លូវដង្ហើមដូចជា កូវីដ-១៩ ជំងឺរលាកសួត គ្រុនផ្តាសាយ និងហានិភ័យធ្ងន់ធ្ងរនៃជំងឺខាន់ស្លាក់ និងកញ្ជ្រឹល នៅក្នុងចំណោមប្រជាជនដែលមិនទាន់ទទួលថ្នាំបង្ការ។

ការព្រមានរបស់មន្រ្តី WHO ធ្វើឡើងទន្ទឹមនឹងការបន្តកំណត់គោលដៅវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនរបស់រុស្ស៊ី ដែលធ្វើឱ្យមានការខ្វះខាតអគ្គីសនីប្រើប្រាស់ ខណៈរដូវរងាក៏ខិតឈានជិតមកដល់។

កាលពីថ្ងៃចន្ទនេះ លោកប្រធានាធិបតី វ៉្លូឌីមៀរ ហ្សេលេនស្គី បានជំរុញឱ្យប្រជាជនក្នុងតំបន់កៀវ និងតំបន់មួយចំនួនទៀត កំណត់ការប្រើប្រាស់អគ្គិសនីដើម្បីសន្សំសំចៃ ខណៈពេលដែល «ភេរវករុស្ស៊ី» បន្តការវាយប្រហារ ដែលធ្វើឱ្យពាក់កណ្ដាលនៃសមត្ថភាពថាមពលរបស់អ៊ុយក្រែនត្រូវកាត់ផ្ដាច់។

នៅថ្ងៃចន្ទដូចគ្នា ប្រធានក្រុមហ៊ុនផ្តល់ថាមពលដ៏ធំមួយរបស់អ៊ុយក្រែន បានព្រមានថា ប្រជាជនអ៊ុយក្រែនទំនងនឹងប្រឈមមុខនឹងការដាច់ភ្លើងប្រើប្រាស់ជាប្រចាំនៅទូទាំងប្រទេស យ៉ាងហោចណាស់ដល់ខែមីនា។

ជុំវិញបញ្ហានេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍កាលពីចុងសប្តាហ៍មុនថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បាននិយាយថា ការដាច់ភ្លើង និងការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពល គឺជាផលវិបាកនៃទីក្រុងកៀវ ដែលមិនមានឆន្ទៈក្នុងការចរចា។

ទោះជាយ៉ាងណាក៏ដោយកន្លងមក អ៊ុយក្រែនបានអះអាងថា ខ្លួនព្រមនឹងចរចាដើម្បីសន្តិភាព តែការព្រមព្រៀងត្រូវតែធ្វើឡើងតាមលក្ខខណ្ឌរបស់ខ្លួន ហើយថា នឹងបន្តប្រយុទ្ធរហូតទាល់តែកងទ័ពឈ្លានពានរុស្ស៊ីដកចេញពីទឹកដីរបស់ខ្លួន៕
ដោយ៖ហួន ឌីណា
ប្រភព៖ Millions of lives at risk as winter bites in war-torn Ukraine

ads banner