នាយករដ្ឋមន្ត្រីអង់គ្លេសច្រានចោលការលើកឡើងដែលថាអង់គ្លេសចង់ចូលសហគមន៍អ៊ឺរ៉ុបវិញ
អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) បានបដិសេធចំពោះការលើកឡើងថា រដ្ឋាភិបាលរបស់លោកកំពុងស្វែងរកឱកាសច្រានចោលការសម្រេចដកខ្លួនចេញពីសហភាពអឺរ៉ុប ឬហៅកាត់ថា Brexit បើទោះបីជាមានការរិះគន់កាន់តែខ្លាំងឡើងពីសាធារណៈជនប្រឆាំងនឹង Brexit ក៏ដោយ។លោកបញ្ជាក់បែបនេះកាលពីថ្ងៃទី២១ ខែវិច្ឆិកា។
នាយករដ្ឋមន្ត្រីដែលតែងតែគាំទ្រការចាកចេញពីសហភាពអ៊ឺរ៉ុបរូបនេះ បានប្រាប់បណ្ដាអ្នកជំនួញធុរកិច្ចថា ការរស់នៅខាងក្រៅសហភាព
អ៊ឺរ៉ុប បានទទួលនូវអត្ថប្រយោជន៍ និងឱកាសយ៉ាងច្រើនរួចទៅហើយ។
លោកបានលើកឡើងអំពីយន្ដការដាក់សម្ពាធកាន់តែខ្លាំងលើការធ្វើអន្តោប្រវេសន៍ ដែលជាផែនការដ៏សំខាន់នៃកិច្ចព្រមព្រៀង Brexit និងបង្កើនទំនាក់ទំនងពាណិជ្ជកម្មកាន់តែជិតស្និទ្ធជាមួយបណ្ដាប្រទេសនៅអាស៊ី។ លោកបានបន្ថែមថា៖ «ខ្ញុំសុំនិយាយឱ្យបានច្បាស់លាស់អំពីរឿងនេះ គឺថាក្រោមការដឹកនាំរបស់ខ្ញុំ អង់គ្លេសនឹងមិនបន្តទំនាក់ទំនងណាមួយជាមួយអឺរ៉ុប ដែលពឹងផ្អែកលើការអនុលោមតាមច្បាប់របស់សហភាពអឺរ៉ុបទៀតនោះឡើយ»។
គួររម្លឹកផងដែរថា ប្រទេសអង់គ្លេសបានដកខ្លួនចេញពីសមាជិកភាពសហភាពអឺរ៉ុបនៅខែមករា ឆ្នាំ២០២១ បន្ទាប់ពីជម្លោះនយោបាយជាច្រើនឆ្នាំ ចាប់តាំងពីការធ្វើប្រជាមតិលើបញ្ហា Brexit នេះក្នុងឆ្នាំ២០១៦ ដើម្បីបំបែកខ្លួនចេញពីសហគមន៍អ៊ឺរ៉ុបមួយនេះ។
ការចាកចេញរបស់អង់គ្លេស ជាការដកខ្លួនចេញពីគោលការណ៍ទីផ្សារតែមួយ និងប្រព័ន្ធគយតែមួយនៅអឺរ៉ុប។ មិនត្រឹមតែប៉ុណ្ណោះ សេរីភាពធ្វើដំណើរចេញចូលរបស់ពលរដ្ឋអង់គ្លេសទៅកាន់រដ្ឋជាសមាជិកសហភាពអ៊ឺរ៉ុប និងយុត្តាធិការរបស់តុលាការអឺរ៉ុបលើបញ្ហាដែលជាប់ពាក់ព័ន្ធជាមួយអង់គ្លេសត្រូវបានបញ្ចប់ជាស្ថាពរ។
យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងរវាងទីក្រុងឡុងដ៍ និងទីក្រុងប្រ៊ុចសែលបានរក្សាការដោះដូរពាណិជ្ជកម្មជាមួយរដ្ឋសមាជិកទាំង ២៧ ប្រទេស ដោយមិនគិតពន្ធឱ្យនៅដដែល។
ការអត្ថាធិប្បាយរបស់លោក ស៊ូណាក់ ដែលបានធ្វើឡើងតាមរយៈរបាយការណ៍របស់កាសែត Sunday Times បានឱ្យដឹងថា ឥស្សរជនជាន់ខ្ពស់របស់រដ្ឋាភិបាល គ្រោងនឹងដឹកនាំប្រទេសអង់គ្លេសឆ្ពោះទៅរកគន្លងផ្លូវដែលដូចគ្នាទៅនឹងទំនាក់ទំនងរវាងប្រទេសស្វ៊ីសជាមួយសហភាពអឺរ៉ុប។
គួរបញ្ជាក់ថា ប្រទេសស្វ៊ីសមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហគមន៍អ៊ឺរ៉ុបតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី ដែលអនុញ្ញាតឱ្យចូលទៅកាន់ទីផ្សារតែមួយ និងការធ្វើដំណើរចេញចូលដោយសេរី ដោយគ្រាន់អនុញ្ញាតឱ្យពលរដ្ឋស្វ៊ីសធ្វើការចាយប្រាក់ចូលទៅក្នុងទីផ្សារសហភាពអឺរ៉ុបកាន់តែច្រើន។
យោងតាមរបាយការណ៍ និងការអត្ថាធិប្បាយកាលពីសប្តាហ៍មុនដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Jeremy Hunt បានឱ្យដឹងថា លោកមានគម្រោងចង់ដកចេញនូវរបាំងពាណិជ្ជកម្មរវាងអង់គ្លេសនិងសហភាពអឺរ៉ុបឱ្យបានកាន់តែច្រើន។ យ៉ាងណាក៏ដោយ លោក Jeremy Hunt គឺជាមន្ត្រីជាន់ខ្ពស់អង់គ្លេសមួយរូប ដែលតែងតែបានបោះឆ្នោតគាំទ្រឱ្យបន្តនៅក្នុងសមាជិកភាពសហភាពអឺរ៉ុបកន្លងមក។
ទន្ទឹមនឹងនេះ អតីតថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបក្នុងគណបក្សអភិរក្សនិយមលោក Lain Duncan Smith បានប្រាប់កាសែត The Sun ថា៖ «រដ្ឋាភិបាលត្រូវតែផ្តោតសំខាន់លើអ្វីដែលខ្លួនត្រូវធ្វើ ជាជាងការព្យាយាមបើកការជជែកពិភាក្សាគ្នាឡើងវិញអំពីបញ្ហាអឺរ៉ុបនេះ»។
ការប្រតិកម្មដ៏ខ្លាំងក្លានេះ បានធ្វើឱ្យមានការនឹករឭកដល់ភាពចម្រូងចម្រាសគ្នាក្រោយការបោះឆ្នោតប្រជាមតិស្ដីពីការដកខ្លួនចេញពីសហភាពអ៊ឺរ៉ុបរបស់អង់គ្លេស។
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) ដែលជាអ្នកគាំទ្រផែនការចង់បានអង់គ្លេសឱ្យដូចទៅនឹងប្រទេសស្វ៊ីសរបស់លោកស្រី ថឺរីសា ម៉េ (Theresa May) ដែលជាអ្នកកាន់តំណែងមុនរបស់លោក បានសម្រេចបាននូវគម្រោងការ និងចក្ខុវិស័យរបស់លោកជុំវិញបញ្ហា Brexit យ៉ាងជោគជ័យ។
គួររមឹ្លកថា កាលពីឆ្នាំ២០១៩ លោកបានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ហើយបានក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់មកលោកបានសន្យាថានឹងធ្វើឱ្យរឿង Brexit សម្រេចបានជោគជ័យ ខណៈដែលខ្លួនកំពុងមានរឿងក្ដីលែងលះគ្នាជាមួយប្រពន្ធក្នុងឆ្នាំដដែលនោះ។ យ៉ាងណាក៏ដោយ បីឆ្នាំក្រោយមកទៀត អង់គ្លេសបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ចំណែកឯការរិះគន់លើកិច្ចព្រមព្រៀងរបស់លោក ចនសុន និងគម្រោង Brexit ទាំងមូលកំពុងមានការកើនឡើងកាន់តែខ្លាំង។
ខណៈដែលអតិផរណាបានបន្តកើនឡើងខ្ពស់ជាច្រើនទស្សវត្ស ស្របពេលដែលការព្យាករណ៍បង្ហាញថាសេដ្ឋកិច្ចបានធ្លាក់ចុះមិនធ្លាប់មានពីមុន ការស្ទង់មតិថ្មីមួយក៏បានធ្វើឡើងនៅលើគេហទំព័រ YouGov កាលពីសប្តាហ៍មុន។ ជាលទ្ធផល ៥៦% នៃចំនួនអ្នកស្ទង់មតិ បានគិតថា ការចាកចេញពីសហភាពអឺរ៉ុបគឺជារឿងមិនត្រឹមត្រូវនោះទេ។ យ៉ាងណាក៏ដោយ ប្រមាណជា ៣២% នៅតែបន្តគាំទ្រការចាកចេញពីសហភាពអ៊ឺរ៉ុប។
ការិយាល័យឃ្លាំមើលថវិកា (OBR) បានវាយតម្លៃថា ការចាកចេញពីសហភាពអ៊ឺរ៉ុបបានផ្ដល់ផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងលើការធ្វើពាណិជ្ជកម្មអង់គ្លេស។ ការលើកឡើងនេះ ក៏ទទួលបានការគាំទ្រដោយធនាគារអង់គ្លេសផងដែរ។ ការិយាល័យឃ្លាំមើលថវិកាមួយនេះក៏បានធ្វើការស្តីបន្ទោសជុំវិញបញ្ហា Brexit ដែលបានបណ្ដាលឱ្យមានការកាត់បន្ថយទំហំពាណិជ្ជកម្មជារួម និងការធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មជាមួយសហភាពអ៊ឺរ៉ុប។
ព័ត៌មានសេដ្ឋកិច្ចបានចុះផ្សាយពាសពេញទីក្រុងឡុងដ៍ អំពីការបាត់បង់តម្លៃទីផ្សារភាគហ៊ុនអង់គ្លេសនៅទ្វីបអឺរ៉ុប ដែលជាទីផ្សារភាគហ៊ុនដ៏ធំបំផុតមួយ។ ដោយឡែក ក្រុមមេដឹកនាំដែលគាំទ្រ Brexit បានសន្យាថានឹងខិតខំបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជុំវិញពិភពលោក រួមទាំងជាមួយនឹងសហរដ្ឋអាមេរិកដែលមានទីផ្សារធំទូលាយ អាចនឹងរកប្រាក់ចំណេញបានច្រើន។ ប៉ុន្តែកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ទំនងជាមិនអាចធ្វើឡើងឆាប់ៗនាពេលខាងមុខនោះទេ។
លោកនាយករដ្ឋមន្ត្រី ស៊ូណាក់ បាននឹងកំពុងខ្នះខ្នែងបង្កើតកិច្ចព្រមព្រៀងរវាងអង់គ្លេសជាមួយបណ្តាប្រទេសផ្សេងទៀត ប៉ុន្តែក៏ត្រូវបានរងការរិះគន់យ៉ាងចាស់ដៃពីសាធារណៈជនផងដែរ។ កាលពីសប្តាហ៍មុន អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក George Eustice បានលើកឡើងថា កិច្ចព្រមព្រៀងដែលលោកបានជួយសម្របសម្រួលជាមួយអូស្ត្រាលីកាលពីជិតមួយឆ្នាំមុន គឺមិនមែនជាកិច្ចព្រមព្រៀងដ៏ល្អសម្រាប់អង់គ្លេសនោះទេ។ លោកបានប្រាប់សមាជិកសភាក្នុងសភាអង់គ្លេស ដោយលើកឡើងពីសេរីភាវូបនីយកម្មទីផ្សារសាច់គោ និងសាច់ចៀមថា «ជារួម ការពិតនៃបញ្ហានេះគឺថា អង់គ្លេសបានផ្តល់ឱ្យច្រើនពេក ប៉ុន្តែទទួលបានមកវិញតិចតួចប៉ុណ្ណោះ»។
រីឯនៅទីក្រុងប្រ៊ុចសែលវិញ គណៈកម្មការអឺរ៉ុបបានថ្លែងថា «ទំនាក់ទំនងរបស់យើងជាមួយអង់គ្លេសគឺផ្អែកលើកិច្ចព្រមព្រៀងស្ដីពីការចាកចេញរបស់អង់គ្លេសពីសហភាពអ៊ឺរ៉ុប និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ»។ យោងតាមអ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បានឱ្យដឹងថា កិច្ចព្រមព្រៀងបណ្ដោះអាសន្នពាក់ព័ន្ធនឹងម្ហូបអាហារ និងផលិតផលកសិកម្ម គឺជាកិច្ចព្រមព្រៀង ឬការផ្តល់ជូនដោយយកគំរូតាមប្រទេសស្វ៊ីស៕
ដោយ៖ធា សុខណា