កម្ពុជា៖ មនុស្សជិតពីរម៉ឺននាក់បានស្លាប់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះសល់ពីសង្រ្គាម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ចាប់ពីមានការចងក្រងទិន្នន័យមកអាជ្ញាធរកម្ពុជារកឃើញថាប្រជាពលរដ្ឋជិតពីរម៉ឺននាក់(១៩.៨១៨នាក់)បានស្លាប់ ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម។ក្នុងនោះដែរអ្នករងគ្រោះដោយផ្ទាល់ទាំងអ្នករបួសនិងស្លាប់សរុបចំនួន ៦៥.០០៤ នាក់។នេះ បើតាម ឯកឧត្តម លី ធុជ ប្រធានអាជ្ញាធរមីនកម្ពុជា។

ថ្លែងនៅក្នុងពិធីបិទអបអរសាទរខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ១៩៩២ – ២០២២ នៅថ្ងៃទី ២២ ខែវិច្ឆិកា នេះ ឯកឧត្តម លី ធុជ បានថ្លែងថា ជាមួយគ្នានឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ចំនួនជនរងគ្រោះប្រចាំឆ្នាំបានថយចុះពី ៤.៣២០នាក់ ក្នុងឆ្នាំ១៩៩៦ ជាឆ្នាំដែលមានចំនួនជងរងគ្រោះច្រើនបំផុត មកនៅ៤៤នាក់ ក្នុងឆ្នាំ២០២១ កន្លងមកនេះ។

លោកបន្តថា រយៈពេល៣០ឆ្នាំនេះ ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ ក្នុងបេសកកម្មសកម្មភាពមីនរួមគ្នា រាជរដ្ឋាភិបាលកម្ពុជា ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោក ជាប្រទេសដែលមានផ្ទៃដីបោសសម្អាតមីនរួចធំជាងគេ។

លោកបន្ថែមថា ផ្ទៃដី ២.៥៣១ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច និងប្រែក្លាយជាដីសុវត្ថិភាព និងប្រើប្រាស់ ដោយបានប្រែក្លាយ ដីមីន ទៅជា ដីមាស។ ប្រតិបត្តិករ បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់លានគ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ១.១៥១.២៣២ គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន ២៦.១១២ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៣.០២៨.៦៥៩ គ្រាប់។

ឯកឧត្តមបន្តថា៖ «សមិទ្ធផលសំខាន់ៗដែលសម្រេចបានទាំងអស់កន្លងមកនេះលើសកម្មភាពមីនមិនអាចកាត់ផ្ដាច់ចេញពីជំនួយដ៏សប្បុរសធ៌មដ៏ថ្លៃថ្លារបស់ដៃគូអភិវឌ្ឍន៍ទាំងអស់របស់យើងបានទេ។ ក្នុងនាមរាជរដ្ឋាភិបាល លោកទេសរដ្ឋមន្រ្តី បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះប្រទេសផ្ដល់ជំនួយ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្ដល់ជំនួយទាំងបច្ចេកទេស សម្ភារៈ និងហិរញ្ញវត្ថុ ក្នុងបុព្វហេតុនៃការចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា»។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវការអបអរសាទរនូវសមិទ្ធផលធំៗ របស់អាជ្ញាធរមីនកម្ពុជា និងដៃគូអភិវឌ្ឍន៍ដែលបានជួយឧបត្ថម្ភលើសកម្មភាពមីន ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ នៅកម្ពុជា សម្រាប់ការអភិវឌ្ឍជាតិ ។ សកម្មភាពមីនមនុស្សធម៌ បានចាប់ផ្តើមនៅកម្ពុជា កាលពីឆ្នាំ ១៩៩២ ដើម្បីបញ្ជៀសការគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ដោយមីន និងសំណល់ជាតិផ្ទុះពិសង្គ្រាម ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា ក្រៅពីនេះ បានសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួន ដោយសារសង្គ្រាម និង ប្រែងក្លាយដីទៅជាសកម្មភាពសេដ្ឋកិច្ច ។ ជាប្រទេសរងផលប៉ះពាល់ពីសង្គ្រាម និងប្រជាប្រទេសស្រឡាញ់សន្តិភាព ។នៅក្នុងឆ្នាំ ១៩៩២ កម្ពុជាបានក្លាយជារដ្ឋអនុសញ្ញា ស្តីពីការហាមប្រើប្រាស់ គ្រាប់មីនប្រឆាំងមនុស្ស នៃអនុញ្ញាអូតាវ៉ា នៅក្នុងឆ្នាំ ២០០០។

កាលពីឆ្នាំ ២០០១ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃរដ្ឋភាគីលើកទី ១១ ដែលត្រូវបានគេទទួលស្គាល់ថា ជាកិច្ចប្រជុំមួយដ៏ល្អនិងប្រកបដោយជោគជ័យ នៃកិច្ចប្រជុំស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្សកន្លងមក ។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យក សកម្មភាពមីន ជាផ្នែកមួយដ៏សំខាន់ ព្រមកទាំងបាន ដាក់បញ្ចូលសកម្មភាពមីន និងគ្រាប់មិនទាន់ផ្ទុះ ចូលក្នុងគោលដៅទី ៩ នៃគោលដៅសហវត្ស និងការដាក់បញ្ចូលជាគោលដៅទី ១៨ នៃ គោលដៅអភិវឌ្ឍន៍ប្រកដោយចីរភាព របស់កម្ពុជា ដើម្បីរួមចំណែកសម្រេច ឱ្យបាននូវចក្ខុវិស័យផែនការយុទ្ធជាតិ ២០១៨-២០២៥ ដើម្បីកម្ពុជា ជាប្រទេសមិនមានមីន ៕
ដោយ៖យុទ្ធ វីរៈ

ads banner