ស្ថាប័នពាក់ព័ន្ធ កំពុងរួមគ្នាដោះស្រាយបញ្ហាសំខាន់ៗ ដើម្បីអភិវឌ្ឍតំបន់អេកូទេសចរណ៍កម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ភាគីពាក់ព័ន្ធបានចាត់ទុកថា ការអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍មិនត្រឹមតែអាចបង្កើតឱកាសការងារនិងប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប៉ុណ្ណោះទេ វាក៏អាចរួមចំណែកជួយថែរក្សាធនធានធម្មជាតិបាន ប្រកបដោយប្រសិទ្ធភាពផងដែរ។ទន្ទឹមគ្នានេះ ភាគីពាក់ព័ន្ធ បានកំពុងរួមគ្នាដោះស្រាយបញ្ហាសំខាន់ៗ ដើម្បីអភិវឌ្ឍតំបន់អេកូទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

ការប្តេជ្ញារួមគ្នានេះ ធ្វើឡើងស្របពេលដែលកម្ពុជាប្រារព្ធវេទិកាជាតិអេកូទេសចរណ៍លើកទី៣ ឆ្នាំ២០២២ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ដែលមានការចូលរួមពី គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ,គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ រួមទាំងមានការចូលរួមពីមន្ត្រីជំនាញ និងតំណាងសហគមន៍ជាច្រើនទៀតផងដែរ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍បានឱ្យដឹងថា រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យប្រើប្រាស់ផែនទីចង្អុលផ្លូវស្តីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ កាលពី ឆ្នាំ២០២១ ដោយក្នុងនោះអនុវិស័យអេកូទេសចរណ៍ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង៤ (ទេសចរណ៍ វប្បធម៌ ទេសចរណ៍ឆ្នេរ អេកូទេសចរណ៍ និងភាពជាខ្មែរ) ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។

ទន្ទឹមគ្នានេះ លោកថា កម្ពុជាគឺសំបូរទៅដោយសក្តានុពលធម្មជាតិ និងអេកូទេសចរណ៍នៅទូទាំងប្រទេស រាប់ចាប់ពីតំបន់ឆ្នេរសមុទ្រដែលជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក តំបន់ជួរភ្នំក្រវ៉ាញ រួមបញ្ចូលទាំងតំបន់អារ៉ែង តំបន់បឹងទន្លេសាប និងតំបន់ភូមិភាគឦសាន ដែលមានសត្វផ្សោតដ៏កម្រជាដើម។ ហេតុនេះ លោកថា ការអភិវឌ្ឍជាសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលមានចរិតយុទ្ឋសាស្ត្រ និងនយោបាយ ពិតជាបានរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋានផងដែរ។

គួរបញ្ជាក់ថា ការផ្សារភ្ជាប់ជាមួយអេកូទេសចរណ៍ និងទេសចរណ៍ រដ្ឋាភិបាលកម្ពុជាបានបង្ហាញក្តីរំពឹងថា នៅឆ្នាំ២០២៣ខាងមុខ នឹងអាចទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តតាមតំបន់រមណីយដ្ឋាននានាក្នុងប្រទេសកម្ពុជាចំនួនប្រមាណ ១១លាននាក់។
ហេតុនេះ តាមរយៈវេទិកាជាតិអេកូទេសចរណ៍លើកទី៣ ឆ្នាំ២០២២នេះ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍតំបន់អេកូទេសចរណ៍ និងទេសចរណ៍សហគមន៍កម្ពុជា ភាគីពាក់ព័ន្ធក៏បានដាក់ចេញផែនការរួមគ្នាដើម្បីដោះស្រាយទៅលើបញ្ហាសំខាន់ៗក្នុងវិស័យនេះ ដូចជា៖ ការស្ថាបនាផ្លូវតភ្ជាប់ទៅតំបន់សហគមន៍ ការផ្គត់ផ្គង់អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត ការបន្តតំឡើងប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ឋអ៊ីនធឺណិត ការគ្រប់គ្រងសំរាម ការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ការព្យាបាលជំងឺគ្រុនចាញ់ និងបញ្ហាផ្សេងៗរបស់សហគមន៍។

ដំណោះស្រាយនេះ ជាពិសេសគឺដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ប្រកបដោយប្រសិទ្ធភាព ឱ្យស្របតាមយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ ដើម្បីផ្តល់បទពិសោធន៍ថ្មីជូនភ្ញៀវទេសចរ ពិសេសការវិនិយោគក្នុងតំបន់អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ជាដើម។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាធ្លាប់បានបង្ហាញការរំពឹងថា វិស័យសំខាន់ៗចំនួន៣នឹងគាំទ្រ និងរុញច្រានដល់កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ ខណៈមន្ត្រីរាជរដ្ឋាភិបាល ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់៦,៦ភាគរយ នៅឆ្នាំ២០២៣ខាងមុខ។ វិស័យសំខាន់ៗចំនួន៣ នឹងត្រូវគាំទ្រដល់កំណើនសេដ្ឋកិច្ច រួមមាន វិស័យឧស្សាហកម្ម, វិស័យកសិកម្ម និងវិស័យសេវាកកម្ម។

ក្នុងនោះវិស័យសេវាកម្ម ត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើងក្នុងអត្រា ៦,៦ភាគរយ ក្នុងឆ្នាំ២០២៣ ពីកំណើន ៤,៣ភាគរយ ក្នុងឆ្នាំ២០២២ ដោយសារការបន្តងើបឡើងនូវសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ តាមរយៈសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ផ្សេងៗទៀត៕
ដោយ៖បូរ ពេជ្រហ្សាលីន

ads banner