អភិបាលរងខេត្តកណ្តាល បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាលស្រុកកៀនស្វាយ បន្តបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរថែមទៀត
កណ្តាល ៖ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកកៀនស្វាយ ។
អភិបាលរង នៃស្រុកកៀនស្វាយ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងរួមមាន៖
១.លោក លីវ វណ្ណថេង អភិបាលរង នៃគណៈអភិបាលស្រុកកៀនស្វាយ។
២.លោក ស៊ុម ធន អភិបាលរង នៃគណៈអភិបាលស្រុកកៀនស្វាយ។
ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត បានស្នើដល់អភិបាលរងស្រុកទើបចូលកាន់មុខតំណែងថ្មី ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាលស្រុកកៀនស្វាយទាំងមូល សូមបន្តយកចិត្តទុកដាក់ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមទាំងកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីបង្កើតឡើងនូវកាលានុវត្តភាពថ្មីៗ បន្ថែមទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ប្រកបដោយសមធម៌ និងចីរភាព។
ឯកឧត្តម ជំរុញឱ្យបន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវ បទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង ការជួញដូរមនុស្ស បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង របស់រាជរដ្ឋាភិបាលឱ្យបានល្អប្រសើរ។ បន្តទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់នូវការរំលោភ ទន្ទ្រានយកដីសាធារណៈរបស់រដ្ឋ ហើយរាល់ការចេញ លិខិតបញ្ជាក់ការផ្ទេរកម្មសិទ្ធិត្រូវគោរពទៅតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។ បន្តខិតខំយកចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈ ដោយត្រូវប្រកាន់យកនូវគោលការណ៍បី ជាសំខាន់គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព ហើយគោរពទៅតាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់ ៕ ដោយ-រ៉ាវុធ