អភិបាលខេត្តបាត់ដំបងគាំទ្រគម្រោងស្ដារនីតិសម្បទាជនពិការ
បាត់ដំបង៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលខេត្តបាត់ដំបងបានប្រកាសគាំទ្រគម្រោងស្ដារលទ្ធភាពពលកម្មកាយសម្បទារបស់អង្គការ ICRC ដើម្បី ជួយដល់ជនមានពិការភាពទទួលបាននូវសមត្ថភាព ក្នុងការធ្វើចលនាឡើងវិញ ដែលអាចឱ្យពួកគាត់រស់នៅក្នុងភាពថ្លៃថ្នូរ និងដើរតួនាទីយ៉ាងសកម្មក្នុងសង្គម ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងថ្លែងនៅក្នុងពិធីគម្រប់ខួប៣០ឆ្នាំ នៃគម្រោងស្ដារលទ្ធភាពពលកម្មកាយសម្បទានាថ្ងៃទី ២២ ខែវិច្ឆិកានេះ ឱ្យដឹងថា ខេត្តបាត់ដំបងជាអតីតសមរភូមិក្ដៅគគុករវាងទ័ពខ្មែរក្រហម និងទ័ពរដ្ឋាភិបាល ដែលតែងតែប្រយុទ្ធគ្នាជាញឹកញាប់ និងជាខេត្តមួយដែលត្រូវបានកងទ័ពទាំងពីរភាគីបានដាក់គ្រាប់មីនរាប់លានគ្រាប់ ក្នុងការការពារសត្រូវរៀងៗខ្លួន ។ គ្រាប់មីន និងកាកសំណល់មិនទាន់ផ្ទុះពីសង្រ្គាមទាំងនេះ បង្កឱ្យមានជនរងគ្រោះជាច្រើនបាត់បង់ជីវិត និងខ្លះទៀតបង្កទៅជាពិការភាព ដោយអ្នកខ្លះត្រូវពិការដៃ ឬជើងជាដើម ដែលធ្វើឱ្យគាត់ទាំងអស់នោះពិបាកក្នុងការធ្វើបម្លាស់ទី និងបំពេញការងារ ឬមុខរបរផ្សេងៗផងដែរ ។
បើតាម ឯកឧត្តម សុខ លូ គឺអង្គការICRC បានបង្កើតមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្ម ដើម្បីផលិតអវយវៈសិប្បនិម្មិតចែកជូនដោយឥតគិតថ្លៃដល់ជនរងគ្រោះដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្រ្គាម និងជនងាយរងគ្រោះផ្សេងទៀត ព្រមទាំងសេវាសង្គមផងដែរ ដែលជាអង្គការមួយមានវ័យចំណាស់ជាងគេ ក្នុងចំណោមអង្គការជាច្រើន ដែលបម្រើការងារក្នុងវិស័យស្ដារនេះ ដែលបានចាប់ដំណើរការតាំងពីចុងទស្សវត្សរ៍៧០ ។
ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាល និង ជានាយកមូនិធិជនពិការ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ជាពិសេសការលើកកម្ពស់សុខុមាលភាព និងសេវាស្ដារលទ្ធភាពពលកម្មជូនជនពិការ។
លោកបន្តទៀតថា នៅកម្ពុជា អង្គការ ICRC បាននឹងកំពុងជួយគាំទ្រដល់មជ្ឈមណ្ឌលស្តារចំនួន២គឺមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ស្ពឺ និង មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភូមិភាគខេត្តបាត់ដំបង។
ឯកឧត្តមបន្ថែមថា ចំពោះមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម កាយសម្បទាភូមិភាគខេត្តបាត់ដំបងនេះគឺបានគ្របដណ្តប់សេវាកម្មចំនួនប្រាំខេត្ត និងបានផ្តល់សេវាជាច្រើនដូចជា សេវាស្តារលទ្ធភាពពលកម្មជូនជនពិការ បញ្ជូនជនពិការទៅទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយរកការងារឱ្យធ្វើការចូលរួមលេងកីឡា និងជំនួយជាសាច់ប្រាក់ដើម្បីបង្កើតអាជីវកម្មខ្នាតតូចជាដើម។ នេះសរបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់អង្គការ ICRC ក្នុងការជួយដល់ជនពិការនៅក្នុងប្រទេសកម្ពុជា ៕
ដោយ៖យុទ្ធ វីរៈ