មហាអំណាចប៉ះគ្នាជាថ្មី លើករណីដែល​​កូរ៉េ​ខាង​ជើង​​​បាញ់ផ្លោង​​​​មីស៊ីល​​អន្តរទ្វី​ប​​

អ.ស.ប៖ក្រុមប្រទេសមហាអំណាចដែលសហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​ កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​បាញ់​សាក​ល្បង​​​​មីស៊ីល​ផ្លោង​អន្តរទ្វីប​​ Hwasong-17 របស់​កូរ៉េ​ខាង​ជើង​ ហើយ​​អំពាវ​នាវ​ឱ្យ​មាន​សកម្មភាព​កំណត់​កម្មវិធី​នុយក្លេអ៊ែរ​ និង​មីស៊ីល​របស់​ប្រទេស​នេះ​​​ ។ប៉ុន្តែ​រុស្ស៊ី ​និង​ចិន​​បាន​ជំទាស់​នឹង​សម្ពាធ​និង​​ទណ្ឌកម្ម​​​ថ្មី​​ណា​​មួយ​​​លើ​​ទីក្រុង​​ព្យុងយ៉ាង​​​។​ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ អេភី(AP) ។

​​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​លោក​ស្រី​​ Linda Thomas-Greenfield ​បាន​ប្រាប់​កិច្ច​ប្រជុំ​បន្ទាន់​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ(អ.ស.ប)​ថា​ រដ្ឋបាល​លោក​ បៃដិន​ ​នឹង​ផ្សព្វ​ផ្សាយ​សេចក្តី​ថ្លែងការ​​​របស់​ប្រធានាធិបតី​ដែល​នឹង​ថ្កោល​ទោស​កូរ៉េ​ខាង​ជើង​«​ចំពោះ​ការ​បាញ់​មីស៊ីល​ផ្លោង​ខុស​ច្បាប់​ និង​សកម្មភាព​គ្រោះ​ថ្នាក់​ និង​អស្ថិរភាព​ផ្សេង​ទៀត​»​ និង​ការ​អំពាវ​នាវ​ឱ្យ​ទីក្រុង​ព្យុងយ៉ាង​គោរព​តាម​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ ដែល​ហាម​ប្រាម​រាល់​ការ​បាញ់​សាក​​ល្បង​មីស៊ីល​ផ្លោង ​និង​នុយក្លេអ៊ែរ​។​

បើ​តាម​អេភីសេចក្ដី​ថ្លែង​ការណ៍​របស់​ប្រធានាធិបតី​​អាមេរិក​ ​​ទាមទារ​ឱ្យ​មាន​ការ​យល់​ព្រម​​​ពី​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​ ទាំង​ ១៥ ប្រទេស​​ ដើម្បី​​ទទួល​បាន​ការ​អនុម័ត​លើ​សេចក្ដី​សម្រេច​​​​នេះ​ ​​ប៉ុន្តែ​​​រុស្ស៊ី​ និង​ចិន​ ​បង្ហាញ​ពី​ការ​​ប្រឆាំង​នឹង​​ការ​ថ្កោល​ទោស​ចំពោះ​សកម្មភាព​របស់​កូរ៉េ​ខាង​ជើង​។​

​ឯកអគ្គ​រដ្ឋ​ទូត​រង​​ប្រចាំ​អ.ស.ប ​របស់​រុស្ស៊ី​ លោក​ស្រី​ Anna Evstigneeva ​បាន​ថ្លែង​ថា​ ​ហេតុផល​សម្រាប់​ស្ថានការណ៍​​កាន់​តែ​​មាន​លក្ខណៈ​បង្ក​រឿង​ និង​គ្រោះ​ថ្នាក់​​ខ្លាំង​ទៅ​ៗ ​នា​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​​​ច្បាស់​ណាស់​ថា​ វា​ជា ៖«​​បំណង​ប្រាថ្នា​របស់​ទីក្រុង​វ៉ាស៊ីនតោន​ ដើម្បី​បង្ខំ​ឱ្យ​ទីក្រុង​ព្យុងយ៉ាង​ រំសាយ​អាវុធ​ឯកតោ​ភាគី​ដោយ​ការ​អនុវត្ត​ទណ្ឌកម្ម​ និង​​កម្លាំង»​​។

លោកស្រី Evstigneeva ​បាន​​គូស​​បង្ហាញ​ពី​​កំណើនយ៉ាង​ខ្លាំង​​នៃ​ការ​ធ្វើ​​​សមយុទ្ធ​យោធា​​របស់​​​អាមេរិក​ កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន​ រួម​ទាំង​សម​យុទ្ធ​កង​ទ័ព​ជើង​ទឹក​អាមេរិក​-​កូរ៉េ​ខាង​ត្បូង​ ​នៅ​មុន​ការ​បាញ់​បង្ហោះ​​មីស៊ីល​ផ្លោង​អន្តរទ្វីប​របស់​កូរ៉េ​ខាង​ជើង​កាល​​ពី​សប្ដាហ៍​មុន។ លោក​ស្រី​បាន​​​​​លើក​ឡើង​​ពី​ការ​ព្រួយ​បារម្ភ​​​អំពី​​​សមយុទ្ធ​ថ្មី​ៗ​​របស់​បណ្ដុំ​សម្ព័ន្ធ​​​នេះ​ ​ដែល​រួម​បញ្ជូល​ទាំង​ការ​ប្រើ​​​​យន្តហោះ​ទម្លាក់​គ្រាប់​បែក​យុទ្ធសាស្ត្រ ​និង​​ការ​ហ្វឹកហាត់​លើ​ការ​វាយ​ប្រហារ​កន្លែង​ដំឡើង​មីស៊ីល​ផ្លោង​​របស់​កូរ៉េ​ខាង​ជើង​​។

មន្រ្តី​ការទូត​របស់​រុស្ស៊ី​ ដដែល​​បាន​អះ​អាង​ទៀត​ថា​ ​​សកម្មភាព​​យោធា​​ថ្មី​ៗ​​​​ និង​ការ​ដាក់​ទណ្ឌកម្ម​​ថ្មី ​​អាច​គំរាម​កំហែង​​ និង​បង្ក​ឱ្យ​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​​នៅ​លើ​ឧបទ្វីប​កូរ៉េ​ «​ដែល​អាច​នាំ​ឱ្យ​មាន​ផល​វិបាក​​​មិន​អាច​ទាយ​ទុក​ជាមុន​បាន​ និង​គ្រោះថ្នាក់​សម្រាប់​តំបន់​អាស៊ី​ភាគ​ឦសាន​ទាំង​មូល​»​។ លោក​ស្រី​បន្ត​ថា​ ​​អ្វី​​ដែល​​ក្រុម​ប្រឹក្សា​​សន្តិសុខ​​គួរ​​​ធ្វើ​​​គឺ​ «​​​គាំទ្រ​​កិច្ច​សន្ទនា​​អន្តរ​កូរ៉េ ​និង​​ការ​ចរចា​​ពហុ​ភាគី​ ​ជា​ជាង​​ក្លាយ​ជា​​ឧបសគ្គ​​សម្រាប់​​ពួក​គេ​»​។​

ចំណែក​​ឯ​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​អ.ស.ប.​ លោក​ ​Zhang Jun ក៏​បាន​លើក​ឡើង​​ពី​ជំហរ​​ស្រដៀង​គ្នា​នេះ​ដែរ​ ​ដោយ​លោក​បាន​អំពាវ​នាវ​ឱ្យ​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ធ្វើ​ឱ្យ​​ភាព​តាន​តឹង​ថយ​ចុះ​ ​​ចាប់​ផ្តើម​​កិច្ច​សន្ទនា​ឡើង​វិញ​ ​​និង​សម្រម​សម្រួល​គ្នា​ ដើម្បី​ការពារ​កុំ​ឱ្យ​​​ភាព​តាន​តឹង​កើន​ឡើង​ដដែល​ៗ​ ឬ​រហូត​ដល់​គ្រប់​គ្រង​លែង​បាន​។

មិន​ត្រឹម​​តែ​ប៉ុណ្ណេះ​ លោក​ Zhang ​ក៏​បាន​ជំរុញ​ឱ្យ​សហរដ្ឋ​អាមេរិក​ ទទួល​យក​គំនិត​ផ្តួច​ផ្តើម ​​​បង្ហាញ​ភាព​ស្មោះ​ត្រង់​ ដាក់​សំណើ​ជាក់​ស្តែង ​ឆ្លើយ​តប​ជា​វិជ្ជមាន​ចំពោះ​កង្វល់​ស្រប​ច្បាប់​របស់​កូរ៉េ​ខាង​ជើង​ ​បញ្ឈប់​សម​យុទ្ធ​យោធា ​និង​បន្ធូរ​បន្ថយ​ទណ្ឌកម្ម​។​ បន្ថែម​ពី​លើ​នេះ​​ លោក​ Zhang ​បាន​​និយាយ​ថា ​ក្រុម​ប្រឹក្សា​សន្តិសុខ​​គួរ​តែ​ដើរ​តួនាទី​ស្ថាបនា​លើ​បញ្ហា​នេះ​ ហើយ​មិន​គួរ​តែង​តែ​ថ្កោល​ទោស​ ឬ​ដាក់​សម្ពាធ​ លើ​​កូរ៉េខាងជើង​​នោះ​ទេ​។  ​

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ក្នុង​សុន្ទរកថា​ទៅ​កាន់​ក្រុម​​ប្រឹក្សា​សន្តិសុខ​​នៅ​ថ្ងៃ​ចន្ទ​ដដែល​ លោក​ស្រី​ Thomas-Greenfield បាន​គូស​បញ្ជាក់​ថា​ ​ក្នុង​ឆ្នាំ​ ២០២២​ នេះ​ កូរ៉េខាង​ជើង​បាន​បង្កើន​ការ​បាញ់​សាក​ល្បង​អាវុធ​របស់​ខ្លួន​ទ្រង់​ទ្រាយ​ធំ​ និង​កាន់​តែ​ញឹក​ញាប់ ដែល​​ទាម​ទារ​ឱ្យ​មាន​ការ​ជួប​ប្រជុំ​គ្នា​នៅ​ក្រុម​ប្រឹក្សា​​រហូត​ដល់​ ១០ ដង​ ប៉ុន្តែ​​គ្មាន​សកម្មភាព​ណា​មួយ​ត្រូវ​បាន​សម្រេច​ឡើង​ ដោយ​សារ​តែ​​ការ​ប្រឆាំង​របស់​ចិន​ និង​រុស្ស៊ី​។

លោក​ស្រី​បាន​បន្ត​យ៉ាង​ដូច្នេះ​ថា​៖ ​​«​យើង​ត្រៀម​ខ្លួន​ ដើម្បី​ជួប​ដោយ​គ្មាន​លក្ខខណ្ឌ​ជា​មុន​ ហើយ​ខ្ញុំ​សូម​អំពាវ​នាវ​ឱ្យ​កូរ៉េ​ខាង​ជើង​​ចូល​រួម​​ការ​ទូត​ឱ្យ​មាន​ភាព​​ច្បាស់​លាស់​​​ និង​ប្រកប​ដោយ​​និរន្តរ​ភាព​​។ ​​ប៉ុន្តែ​​កូរ៉េ​ខាង​ជើង​​​នៅ​តែ​​បន្ត​​មិន​​ឆ្លើយ​តប​ ហើយ​​ជំនួស​​មក​វិញ​​នូវ​​ការ​​បន្ត​​អាកប្ប​កិរិយា​​មិន​​ប្រុង​ប្រយ័ត្ន​​នេះ​»។​ ​

ចំណែក​ឯ​ឯក​អគ្គរដ្ឋ​ទូត​កូរ៉េ​ខាង​ត្បូង​លោក​ Joonkook Hwang ​ដែល​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​​នៅ​ថ្ងៃ​ចន្ទ​ ដូច​គ្នា​ដែរ​នោះ​បាន​លើក​ឡើង​ថា​ សេចក្តី​ថ្លែងការណ៍​របស់​ប្រធានាធិបតី​​(អាមេរិក​)​​គឺ​ជា​ «​សកម្មភាព​អប្បបរមា​ ដែល​សហគមន៍​អន្តរជាតិ​រំពឹង​ទុក​»​ ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​របស់​កូរ៉េ​ខាង​ជើង​។

​ឆ្លើយ​តប​ទៅ​​នឹង​ការ​លើក​ឡើង​របស់​ប្រេសិត​រុស្ស៊ី​ ​លោក​ Hwang ​បាន​រំឭក​ជា​ថ្មី​ឡើង​វិញ​ថា​ សមយុទ្ធ​យោធា​រួម​របស់​កូរ៉េ​ខាង​ត្បូង​ជាមួយ​សហរដ្ឋ​អាមេរិក​ ដែល​មាន​ជា​យូរ​យារ​ណាស់​មក​ហើយ​នោះ​ គឺ​ជា​ការ​ការពារ​ ​ហើយ​កូរ៉េខាង​ជើង​​មិន​អាច​​ប្រើ​ជា​លេស​ សម្រាប់​ការ​អភិវឌ្ឍន៍​នុយក្លេអ៊ែរ​ និង​មីស៊ីល​ខុស​ច្បាប់​​បាន​ឡើយ»។ ​

ជាមួយ​គ្នា​នេះ​ផង​ដែរ​ ឯកអគ្គ​រដ្ឋ​ទូត​​ជប៉ុន​ប្រចាំ​​អ.ស.ប.​ ​លោក ​Ishikane Kimihiro ​បាន​ប្រាប់​ក្រុម​ប្រឹក្សា​ថា​ ក្នុង​រយៈ​ពេល​២​ខែ​ចុង​ក្រោយ​នេះ​ ​មីស៊ីល​កូរ៉េ​ខាង​ជើង​​​១​បាន​ហោះ​រំលង​​ពី​លើ​​ប្រទេស​ជប៉ុន​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ ៥​ ឆ្នាំ​ ហើយ​ការ​បាញ់​សាក​ល្បង​មីស៊ីល Hwasong-17 កាល​ពី​សប្ដាហ៍​មុន មិន​ត្រឹម​តែ​បង្ក​ការ​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខ​ប៉ុណ្ណោះ​ទេ​​​ តែ​ក៏​​​បាន​ប៉ះ​ពាល់​ដល់​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ជប៉ុន​ ដែល​មាន​ចម្ងាយ​​​ ២០០ គីឡូម៉ែត្រ​ពី​កោះ​ហុកកៃដូ​ ផង​ដែរ​។  ​

លោក​ Ishikane ​បាន​និយាយ​ថា​ សកម្មភាព​របស់​កូរ៉េខាង​ជើង​​​​មិន​អាច​ទទួល​យក​បាន​នោះ​ទេ​ ហើយ​វា​​ក៏​ខុស​ច្បាប់​​ដែរ​ ហើយ​ថា​ ការ​គណនា​របស់​ជប៉ុន​បង្ហាញ​ថា​ Hwasong-17 ដែល​ជា​ប្រភេទ​មីស៊ីល​ផ្លោង​ថ្មី​ ​និង​​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ អាច​បាញ់​ទៅ​​គ្រប់​ទី​នៃ​​​ទ្វីប​អាស៊ី ​អឺរ៉ុប​ អាមេរិក​ខាង​ជើង​ និង​អាហ្វ្រិក​ និង​ផ្នែក​ខ្លះ​នៃ​អាមេរិក​ខាង​ត្បូង​។ លោក​​បន្ត​ថា​៖ «​​​វា​​ជា​​ការ​​ខឹង​សម្បារ​ ​ដែល​​អនុញ្ញាត​​ឱ្យ​​កូរ៉េ​​ខាង​ជើង​​ចាប់​​​សហគមន៍​​អន្តរជាតិ​​ទាំង​មូល​​ ធ្វើ​ជា​​ចំណាប់​ខ្មាំង​»​​​​។

គួរ​បញ្ជាក់​ថា  ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​​នៅ​ថ្ងៃ​ចន្ទ​ មាន​ការ​អំពាវ​នាវ​ជា​ច្រើន​ឱ្យ​ថ្កោល​ទោស​ចំពោះ​ការ​បាញ់​សាក​ល្បង​​មីស៊ីល​ផ្លោង​អន្តរទ្វីប​​ Hwasong-17 ​​របស់​កូរ៉េខាង​ជើង​​​កាល​ពី​សប្ដាហ៍​មុន​ ថ្ងៃ​ទី​ ១៧ ខែ​វិច្ឆិកា​​​។ ​​​ប្រមុខ​​នយោបាយ​អ.ស.ប.​​​ លោក​​ Rosemary DiCarlo ​​បាន​រំឭក​ឡើង​វិញ​នូវ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​របស់លោក​​អគ្គលេខាធិការ​ អង់​តូនីញូវ​ ហ្គូតទែរ៉េស​ (Antonio Guterres) ចំពោះ​ការ​បាញ់​បង្ហោះ​នេះ​ថា​ជា​ «​ការ​រំលោភ​យ៉ាង​ធ្ងន់​ធ្ងរ​»​ ​នៃ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​។​

បន្ទាប់​ពី​កិច្ច​ប្រជុំ​ ​ប្រេសិត​​​អាមេរិក​ លោក​ស្រី​ Thomas-Greenfield ​បាន​អាន​សេចក្តី​ថ្លែងការណ៍​មួយ​ក្នុង​នាម​សមាជិក​ក្រុម​ប្រឹក្សា​ចំនួន​ប្រាំបី ដូច​ជា​ អាល់បានី ​បារាំង ​អៀរឡង់ ​ឥណ្ឌា ​ន័រវេស ​អារ៉ាប់​រួម​ ​ចក្រភព​អង់គ្លេស​និង​សហរដ្ឋ​អាមេរិក​ ​ដែល​​គាំទ្រ​ការ​ថ្កោល​ទោស​ចំពោះ​ការ​បាញ់​បង្ហោះ ​និង​សកម្មភាព​​​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប​របស់​​ក្រុង​ព្យុងយ៉ាង​ ​ដើម្បី​កំណត់​ការ​រីកចម្រើន​​របស់​​កូរ៉េ​​ខាង​​ជើង​​លើ​អាវុធ​ប្រល័យ​លោក​ និង​មីស៊ីល​ផ្លោង​។​

​សេចក្តី​ថ្លែងការណ៍​នោះ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «​​​យើង​សូម​អញ្ជើញ​រដ្ឋ​ជា​សមាជិក​ទាំង​អស់​ ឱ្យ​ចូល​រួម​ជាមួយ​យើង​ក្នុង​ការ​ថ្កោល​ទោស​ការ​បាញ់​មីស៊ីល​ផ្លោង​ខុស​ច្បាប់​របស់​កូរ៉េ​ខាង​ជើង​ និង​អំពាវ​នាវ​ឱ្យ​អនុវត្ត​ពេញ​លេញ​នូវ​​​សេចក្ដី​សម្រេច​​​​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ដែល​មាន​ស្រាប់​»​។ សេចក្ដី​ថ្លែង​ការណ៍​បន្ត​ថា​៖ «​​​យើង​នៅ​តែ​ប្តេជ្ញា​ចិត្ត​ចំពោះ​ផ្នែក​ការ​ទូត​​ ហើយ​នឹង​បន្ត​​លើក​ទឹក​ចិត្ត​កូរ៉េ​ខាង​ជើង​ ឱ្យ​បញ្ឈប់​អាកប្បកិរិយា​គំរាម​កំហែង​របស់​ខ្លួន​ ក្នុង​ការ​រំលោភ​លើ​​សេចក្ដី​សម្រេច​ជា​ច្រើន​​​​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ និង​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​សន្ទនា​ប្រកប​ដោយ​អត្ថន័យ ​ឆ្ពោះ​ទៅ​រក​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​»​។

គួរ​រំឭក​វិញ​ផង​ដែរ​ថា​ ​ក្រុម​ប្រឹក្សា​សន្តិសុខអ.ស.ប.​ ​បានចាប់​ផ្ដើម​​​ដាក់​​ទណ្ឌកម្មសេដ្ឋកិច្ច​​​ក្រុង​ព្យុងយ៉ាង​ ​បន្ទាប់​ពី​កូរ៉េខាង​ជើង​​​​​សាក​ល្បង​នុយក្លេអ៊ែរ​លើក​ដំបូង​របស់​ខ្លួន​ក្នុង​ឆ្នាំ​ ២០០៦​ ​និង​បាន​រឹត​បន្តឹង​​​ទណ្ឌកម្ម​ទាំង​នោះ​អស់​​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​នេះ​​ ​ដើម្បី​ព្យាយាម​គ្រប់​គ្រង​កម្មវិធី​​នុយក្លេអ៊ែរ​​ និង​​មីស៊ីល​​​ផ្លោង​ និង​កាត់​ផ្តាច់​មូលនិធិ​​​ផ្គត់​ផ្គង់​កម្ម​វិធី​ទាំង​នោះ​របស់​កូរ៉េខាង​ជើង​​។ ​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នៅ​ក្នុង​ខែ​ឧសភា​​ឆ្នាំ​នេះ​  ប្រទេស​ចិន​ និង​រុស្ស៊ី​ បាន​រារាំង​សេចក្ដី​សម្រេច​ចិត្ត​​ថ្មី​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​​ ​លើ​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​​​តឹង​រ៉ឹង​លើ​កូរ៉េខាង​ជើង​​ចំពោះ​ការ​បាញ់​មីស៊ីល​​​​ ដែល​បង្ហាញ​ពី​ការ​ប្រេះ​ឆារ​ដ៏​​ធ្ងន់​ធ្ងរ​លើក​ដំបូង​​​នៃ​​ស្ថាប័ន​អ.ស.ប.​​មួយ​នេះ​ ​​ជុំ​​វិញ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​៕

ដោយៈហួន ឌីណា

ប្រភព៖ US, allies clash with Russia, China over North Korea tests: apnews.com

UN Security Council members condemn North Korean missile launch : www.aljazeera.com

ads banner