ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញជាអធិបតីបើកកិច្ចប្រជុំថ្នាក់ដឹកនាំនៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក)
ភ្នំពេញ ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជា ប្រធានស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក) បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំថ្នាក់ដឹកនាំនៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក) នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh ។
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង មានប្រសាសន៍ថា ប្រធានបទនៃកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេក លើកទី១៨ នៅឆ្នាំនេះគឺ “ រួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ៖ ការពង្រឹងសមត្ថភាពរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ និងកិច្ចសហប្រតិបត្តិការនៅក្នុងប្រទេសអាស៊ាននីមួយៗ និងក្នុង ក្របខណ្ឌអាស៊ាន-ផេក”។ ប្រធានបទសម្រាប់ឆ្នាំនេះ គឺត្រូវបានលើកយកមករំលេចក្នុងបរិបទស្របគ្នាជាមួយនឹងខ្លឹមសារនៅក្នុងផ្នែកគោល បំណង និងផ្នែកនៃកិច្ចសហប្រតិបត្តិការ ដែលមានចែងក្នុងអនុស្សរណៈនៃការយោគយោល់គ្នារវាងអាស៊ាន-ជេក ឬ ASEAN-PAC MoU ដែលបានខិតខំប្រឹងប្រែងរួមគ្នាបន្តវេនពីអាណត្តិមួយទៅអាណត្តិមួយទៀត ដើម្បីធ្វើការអភិវឌ្ឍ និងកែសម្រួលលើខ្លឹមសាឡើងវិញ។
ជាមួយគ្នានោះ ឯកឧត្តមបានថ្លែងបញ្ជាក់ថា ៖
(១) ថ្លែងនូវការកោតសរសើរ និងគាំទ្រចំពោះការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្រោមការចូលរួមចំណែកពី អតីតប្រធានអាស៊ាន-ផេកក្នុងអាណត្តិមុនៗ និងក្នុងអាណត្តិនៃការិយាល័យប្រឆាំងអំពើពុករលួយនៃប្រទេស ប៊្រុយណេដារូសាឡាមជាប្រធាន ព្រមទាំងភាគីអាស៊ាន-ផេកទាំងអស់ ដើម្បីធ្វើការអភិវឌ្ឍ និងកែសម្រួលលើ ខ្លឹមសាឡើងវិញលើអនុស្សរណៈនៃការយោគយល់គ្នារបស់អាស៊ាន-ផេក ដែលឯកសារអាចនឹងឈានដល់ការចុះហត្ថលេខានៅថ្ងៃនេះ ឬ ក្នុងអាណត្តិបន្តវេនបន្តបន្ទាប់នាពេលខាងមុខ។
(២) សូមពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន-ផេក ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការកសាងសមត្ថភាពរបស់ស្ថាប័នប្រឆាំងអំពើពុករលួយនៃភាគីនីមួយៗរបស់អាស៊ាន-ផេក។
(៣) សូមពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីពហុភាគីបន្ថែមទៀតក្នុងចំណោមភាគីនៃអាស៊ាន-ផេក តាមរយៈយន្ត ការទ្វេភាគីដែលមានស្រាប់ ឬផ្អែកលើភាពចាំបាច់ដែលភាគីនីមួយៗចាប់អារម្មណ៍ ។
(៤) ក្រៅពីការអភិវឌ្ឍ និងកែសម្រួលទៅលើខ្លឹមសារ ASEAN-PAC MoU ខាងលើ អាស៊ាន-ផេកក៏នឹងត្រូវបន្ត អភិវឌ្ឍខ្លួនទៅមុខបន្តទៀត តាមរយៈការរៀបចំតាក់តែងឯកសារសំខាន់ៗទាក់ទងនឹងដំណើរការវិវត្តនិងការ ប្រព្រឹត្តិទៅរបស់អាស៊ាន-ជេក ដែលឆ្លុះបញ្ចាំងតាមរយៈការបន្តកែសម្រួលឯកសារពាក់ព័ន្ធសំខាន់ៗចំនួន ០៣ រួមមាន (១) ការកែសម្រួលឯកសារគោល (TOR) (២) ការព្រាងរៀបចំផែនការសកម្មភាពសម្រាប់រយៈ ពេល ៣ឆ្នាំ បន្ទាប់ទៀតគឺ ២០២៣-២០២៥ និង (៣) សកម្មភាពបន្ថែមថ្មីមួយរបស់អាស៊ាន-ផេកគឺការ តាក់តែងជាសេចក្តីព្រាងកូនសៀវភៅអេឡិចត្រូនិករបស់អាស៊ាន-ផេក (ASEAN-PAC E-Booklet) បញ្ចូលទៅ ក្នុងផែនការសកម្មភាពរយៈពេល ៣ ឆ្នាំ (២០២៣-២០២៥) ។ (៥) យោងតាមការសម្រេចរបស់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ នៅរាជធានីភ្នំពេញថ្មីៗកន្លងទៅនេះ ដែលបានឯកភាពជាគោលការណ៍ទទួលយក ទីម័រឡេស្ត ជាសមាជិកទី១១ របស់អាស៊ានដោយផ្ដល់ឋានៈ ជាប្រទេសសង្កេតការណ៍និងអាចចូលរួមនៅក្នុងរាល់កិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ។
សូមបញ្ជាក់ថា ៖ កិច្ចប្រជុំថ្នាក់ដឹកនាំនៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក) លើកទី១៨ រយៈពេល ២ថ្ងៃ ចាប់ពី ថ្ងៃទី ២២ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ / គ្រី សម្បត្តិ