ក្រសួងអប់រំចេញសេចក្តីប្រកាសស្តីពីការកែសម្រួលមណ្ឌលប្រឡង បាក់ឌុប ខណៈបេក្ខជនចុះឈ្មោះប្រឡងសរុបជាង ១២ម៉ឺននាក់
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានចេញសេចក្តីប្រកាសស្តីពីការកែសម្រួលមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម័យប្រឡង ០៥ ធ្នូ ២០២២ ត្រូវបានកំណត់ចំនួន នៅ មណ្ឌល អនុវិទ្យាល័យ ចតុមុខ ថ្នាក់៖ វិទ្យាសាស្ត្រសង្គម មាន ២៧បន្ទប់ ស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបាន អនុញ្ញាតឱ្យប្តូរទៅមណ្ឌល សាកលវិទ្យាល័យជាតិគ្រប់គ្រង ថ្នាក់៖ វិទ្យាសាស្ត្រសង្គម មាន ២៧បន្ទប់ ស្ថិតនៅខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។
ក្រសួងបានបញ្ជាក់ថា៖ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងនាយកគ្រឹះស្ថានសិក្សាសាមី ដែលត្រូវយកធ្វើជាមណ្ឌល ប្រឡងមានភារកិច្ចរៀបចំមណ្ឌលប្រឡង និងសម្ភារៈចាំបាច់សម្រាប់ការប្រព្រឹត្តទៅនៃការប្រឡងឱ្យហើយស្រេចមុនបើក សម័យប្រឡង។
ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវទាក់ទងជាមួយអាជ្ញាធរដែនដី ដើម្បីរៀបចំកម្លាំងថែរក្សា សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព តាមមណ្ឌលប្រឡងឱ្យហើយស្រេចមុនបើកសម័យប្រឡង។
ក្រសួងបានឲ្យដឹងដែរថាសម្រាប់ការប្រឡងបាក់ឌុបនេះមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤ នាក់ ស្រី ៦៨ ៧៧១ នាក់។ បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំ ពិសេស។ មណ្ឌលសំណេរមានចំនួនសរុប ២២១ មណ្ឌល ត្រូវជា ៥ ១៧៤ បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល នៅរាជធានីភ្នំពេញ។
ក្រសួងបានលើកឡើងទៀតថាមណ្ឌលស្រង់ បូកពិន្ទុដោយ កុំព្យូទ័រ ត្រូវបានកំណត់នៅអគារ រដ្ឋបាល ក្រសួងអប់រំ យុវជន និងកីឡា(ជាន់ទី៥)។ មណ្ឌលផ្ទៀងផ្ទាត់ពិន្ទុ ត្រូវបាន កំណត់នៅសាលាបឋមសិក្សាចៅពញាហុក។ វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់ វិទ្យាសាស្ត្រសង្គម។ ក្នុងថ្នាក់នីមួយៗ មាន ៧មុខវិជ្ជា។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាជា សន្លឹកក្រដាសចែកជូនបេក្ខជន។ គណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរការប្រឡងសរុបចំនួន ២៧ ៧៥៣នាក់ ៕ ដោយ៖ ម៉ាដេប៉ូ