គ្រាប់បែកក្នុងរថយន្តមួយ សម្លាប់មនុស្សម្នាក់ របួសជិត ៣០នាក់ នៅភាគខាងត្បូងប្រទេសថៃ
បាងកក៖ មន្ត្រីនគរបាលម្នាក់បាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត នៅពេលដែលគ្រាប់បែកក្នុងរថយន្តមួយបានផ្ទុះនៅខាងក្នុងបរិវេណនគរបាលមួយកន្លែងនៅភាគខាងត្បូងប្រទេសថៃ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកវរសេនីយ៍ទោ Niti Suksan ស្នងការរងនគរបាលខេត្ត Narathiwat បាននិយាយថា “វាគឺជាគ្រាប់បែកក្នុងរថយន្ត។ យើងនៅតែបោសសម្អាតតំបន់នោះ ហើយចំនួនអ្នករបួសអាចនឹងកើនឡើង” ដោយបន្ថែមថា នគរបាលម្នាក់បានស្លាប់។
លោក Pornprasit Jantra ប្រធានមន្ទីរពេទ្យ Narathiwat Rajanagarindra បាននិយាយថា យ៉ាងហោចណាស់មនុស្ស២៩ នាក់ត្រូវបានព្យាបាល នៅមន្ទីរពេទ្យដោយសាររបួស ក្នុងចំណោមពួកគេទាំងមន្ត្រីនគរបាល និងជនស៊ីវិល។
រហូតមកទល់ពេលនេះ ពុំទាន់មានក្រុមណាចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ គ្រាន់តែគេដឹងថា ខេត្តនានានៅភាគខាងត្បូងប្រទេសថៃ តាមបណ្ដោយព្រំដែនជាមួយប្រទេសម៉ាឡេស៊ីបានឃើញការបះបោរកម្រិតទាប រយៈពេលជាច្រើនទស្សវត្សរ៍ ដែលរដ្ឋាភិបាលថៃបានប្រយុទ្ធជាមួយក្រុមដែលស្វែងរកឯករាជ្យសម្រាប់ខេត្តដែលកាន់សាសនាឥស្លាមច្រើនជាងគេគឺ ប៉ាតានី យ៉ាឡា ណារ៉ាធីវ៉ាត់ និងផ្នែកខ្លះនៃសុងក្លា៕ ប្រភពពី CNA, ដោយ៖ សារ៉ាត