សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាម៉ារ៉ុក

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម រ៉ាឈីត តាលប៊ី អាឡាមី ប្រធានរដ្ឋសភាប្រទេសម៉ារ៉ុក នាល្ងាចថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅវិមានរដ្ឋសភា នៅក្នុងពេលដែលឯកឧត្តមប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូមកចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម រ៉ាឈីត តាលប៊ី អាឡាមី បានអបអរសាទរចំពោះ សម្តេចប្រធានរដ្ឋសភា ដែលបានដឹកនាំមហាសន្និបាតអាយប៉ាទទទួលបានជោគជ័យ។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាកម្ពុជា ដែលបានគំាទ្រដល់សភាម៉ារ៉ុក បានធ្វើជាសភាប្រទេសសង្កេតការណ៍AIPA និងបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូសភាម៉ារ៉ុក។

ឯកឧត្តម រ៉ាឈីត តាលប៊ី អាឡាមី បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរដែលមានតំាងពីយូរលុងណាស់មកហើយ។ កម្ពុជានិងម៉ារ៉ុកជាប្រទេសរាជានិយមដូចគ្នា និងបានស្គាល់សុខទុក្ខគ្នាទៅវិញទៅមក។
ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ឯកឧត្តមប្រធានរដ្ឋសភា បានគោរពអញ្ជើញ សម្តេចប្រធានរដ្ឋសភា ទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ារ៉ុក នៅពេលវេលាសមស្របណាមួយ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកការគោរពអញ្ជើញរបស់ឯកឧត្តមប្រធានរដ្ឋសភា និងបានមានប្រសាសន៍លើកឡើងថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ារ៉ុក នាពេលនេះ ពិតជាបានផ្តល់នូវកិត្តិយស សម្រាប់ប្រទេសកម្ពុជា និងឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តពង្រឹងនិងពង្រីកទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទំាងពីរ កម្ពុជា-ម៉ារ៉ុក ឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។
វត្តមានរបស់គណៈប្រតិភូសភាម៉ារ៉ុកនៅ ក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣ ក្នុងនាមជាសភាសង្កេតការណ៍ បានលើកទឹកចិត្ត និងរួមចំណែកគាំទ្រដល់សភាកម្ពុជា ក្នុងអាណត្តិជាប្រធាននៃមហាសន្និបាត ឱ្យបំពេញកាតព្វកិច្ចប្រកបដោយជោគជ័យ។

ឆ្លៀតនៅក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្ត និងគាំទ្ររាជរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ម៉ារ៉ុក ឱ្យបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ និងស៊ីជម្រៅ ជាពិសេសលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងអប់រំជាដើម ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទំាងសងខាង៕ ដោយ / គ្រី សម្បត្តិ + ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner