កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក ផ្ដោតសំខាន់អំពីវិធីសាស្រ្តឆ្ពោះទៅមុខរួមគ្នា ការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់

សៀមរាប៖ នារសៀលថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២២នេះ អាស៊ានការពារជាតិ បានបើកកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិកហើយ ដែលធ្វើឡើងសណ្ឋាគារសុខា ខេត្ដសៀមរាប ដែលកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំ។កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិកនេះ ផ្ដោតសំខាន់អំពីវិធីសាស្រ្តឆ្ពោះទៅមុខរួមគ្នា ការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា ថ្លែងថា ក្នុងនាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិកនេះ គឺជាឱកាសជាប្រវត្តិសាស្រ្តមួយ ដែលផ្តល់នូវសារសំខាន់ និងអត្ថន័យជ្រាលជ្រៅ ក្នុងការពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក លើវិស័យការពារជាតិ និងសន្តិសុខ។សម្ដេចបានធ្វើការកត់សម្គាល់និងគាំទ្រចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក លើកទី១០ កាលពីដើមខែវិច្ឆិកា ដែលថ្នាក់ដឹកនាំអាស៊ានបានធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទូលំទូលាយ ដើម្បី ដោះស្រាយបញ្ហាសន្តិសុខរួម ការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ការគិតគូរអំពីវិធីសាស្រ្តឆ្ពោះទៅមុខរួមគ្នា ការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ ក៏ដូចជាការរិះរកនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ឆ្លើយតបនឹងបញ្ហាប្រឈមទាំងបច្ចុប្បន្ន និងអនាគត។ ការប្តេជ្ញាចិត្តទាំងនេះ ពិតជាឆ្លុះបញ្ចាំងពីស្មារតីរួមគ្នា នៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង រវាងអាស៊ាន និងអាមេរិក។សម្ដេចសម្តែងនូវការគាំទ្រ និងអបអរ-សាទរចំពោះការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមានអត្ថន័យ ខ្លឹមសារ និងបម្រើផលប្រយោជន៍ទៅវិញទៅមក។ សម្ដេចបន្ដថា ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងកូវីដ១៩ សហរដ្ឋអាមេរិក បានផ្តល់នូវជំនួយជាថវិកា  សម្ភារៈវេជ្ជសាស្រ្តនិងវ៉ាក់សាំងជាច្រើនដល់បណ្តាប្រទេសអាស៊ាន។ ដែលក្នុងនោះអាមេរិកក៏បានផ្តល់ជំនួយប្រមាណ១៦លានដុល្លារ និងវ៉ាក់សាំងជាង៣លានដូសតាមរយៈយន្តការកូវ៉ាក់ UNICEF និងWHO ដល់ប្រជាជនកម្ពុជាផងដែរ។យើងសង្កេតឃើញថា សាមគ្គីភាពជាសកល ជាពិសេស ក្នុងការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃវិបត្តិកូវីដ១៩ ក៏ដូចជាការស្តាឡើងវិញក្រោយកូវីដ១៩ ពិតជាមានភាពចាំបាច់ខ្លាំងណាស់។ជាមួយគ្នានេះដែរ សម្ដេចក៍បានកោតសរសើរ ចំពោះតួនាទីប្រកបដោយការស្ថាបនា របស់សហរដ្ឋអាមេរិក ក្នុងការជំរុញកិច្ចសន្ទនា ដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់ តាមរយៈការចូលរួមក្នុងយន្តការសន្តិសុខដែលដឹកនាំដោយអាស៊ាន ដូចជា ARF និង ADMM បូក ក្នុងនោះសហរដ្ឋអាមេរិកបានចូលរួមធ្វើជាសហប្រធានក្រុមការងារជំនាញ ADMM បូក ជាមួយរដ្ឋជាសមាជិកអាស៊ាន ចំនួនបីលើករួចមកហើយ រួមទាំងការធ្វើជាសហប្រធានក្រុមការងារជំនាញ ADMM បូក ស្តីពីសន្តិសុខសមុទ្រ ជាមួយប្រទេសថៃ នៅក្នុងវដ្តបច្ចុប្បន្ននេះ។ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើជាសហប្រធានក្រុមការងារជំនាញរបស់សហរដ្ឋអាមេរិក ប្រកបដោយការស្ថាបនា នៅគ្រប់សកម្មភាពរបស់ក្រុមការងារនេះ ជាបន្តបន្ទាប់ទៅទៀត។ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន  និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឆ្នាំ២០២២នេះ កម្ពុជាមានសុច្ឆន្ទៈក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការការពារជាតិ មិនត្រឹមតែក្នុងរង្វង់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងអាស៊ាន និងបណ្តាដៃគូសន្ទនា ជាពិសេស សហរដ្ឋអាមេរិក ដែលជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់នៅក្នុងតំបន់។ កម្ពុជាស្វាគមន៍ ចំពោះការបន្តប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់មជ្ឈភាពភាពអាស៊ាន និងគោលការណ៍នៃទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។ យើងលើកទឹកចិត្តឱ្យសហរដ្ឋអាមេរិក បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន៤ ដែលមាននៅក្នុង AOIP ដោយអនុលោមតាមកិច្ចសហប្រតិបត្តិការក្នុងយន្តការដែលដឹកនាំដោយ ADMM ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព ភាពរឹងមាំ បរិយាប័ន្ន ភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។ខ្ញុំក៏សង្ឃឹមផងដែរថា សហរដ្ឋអាមេរិកនឹងបន្តជួយអាស៊ាន ក៏ដូចជារដ្ឋជាសមាជិកអាស៊ាន ក្នុងការកសាងសមត្ថភាព និងភាពធន់ ភាពបើកចំហរ និង   បរិយាប័ន្ន ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញ ទាំងបច្ចុប្បន្ន និងក្នុងអនាគត ក៏ដូចជាបន្តជួយដល់ដំណើការស្តារឡើងវិញរបស់តំបន់ទាំងមូល បន្ទាប់ពីជំងឺកូវីដ១៩ ផុតរលត់ទៅ៕ ដោយ ស៊ាន សុផាត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner