មន្រ្តីក្រសួងសុខាភិបាល ក្រើនរំលឹកឱ្យប្រុងប្រយ័ត្នពីជំងឺកូវីដ ក្នុងឱកាសបុណ្យណូអែល និងចូលឆ្នាំសកល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹកជាថ្មីម្តថទៀត ទៅដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តនិងបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពេលបុណ្យណូអែល និងពេលឈប់សម្រាកក្នុងឱកាសចូលឆ្នាំសកល ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានលើកឡើងដូចនេះ តាមរយៈសារដែលបានសរសេរលើបណ្ដាញសង្គម ធ្វីតធ័រ (Twitter) របស់លោកជំទាវ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកជំទាវបានលើកឡើងថា ៖ «ប្រជាពលរដ្ឋទាំងអស់ត្រូវឱ្យបន្តការការពារ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពេលបុណ្យគ្រីស្ទម៉ាស់ និងថ្ងៃឈប់សម្រាកក្នុងឱកាសចូលឆ្នាំសកល ឆ្នាំ២០២៣ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ»។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តអនុវត្តវិធានការសុខាភិបាល ៣ការពារ ដោយធ្វើការពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង ឱ្យបានខ្ជាប់ខ្ជួន។

លោកជំទាវ ឱ វណ្ណឌីន បានបន្តថា ៖ «គ្រប់គ្នាត្រូវបន្តទៅទទួលការចាក់ វ៉ាក់សាំងកូវីដ១៩ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដែលមានដូសទី៣ ដូសទី៤ និងដូសទី៥ ដើម្បីពង្រឹងកងការពារខ្លួន និងពង្រឹងភាពស៊ាំសហគមន៍ ដើម្បីបន្ត ចៀសផុតពីគ្រោះមហន្តរាយ សុខភាពសាធារណ និងបន្តនិរន្តរន៍ភាពនៃការរស់នៅធម្មតា តាមគន្លងប្រក្រតីភាពថ្មី»។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដែលទើបជាសះស្បើយពីជំងឺកូវីដ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា កន្លងមកនេះ បានប្រកាសឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅតែបន្តការពារខ្លួនពីជំងឺកូវីដ១៩នេះឱ្យបានជាប់ជាប្រចាំ ដោយសារមេរោគនេះមិនទាន់ទៅណាឆ្ងាយនោះឡើយ។

យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២ ចំនួនករណីឆ្លងជំងឺកូវីដ ១៩ សរុបកើនដល់ចំនួន ១៣៨ ០៣៥ នាក់ ខណៈករណីជាសះស្បើយសរុបចំនួន ១៣៤ ៩៤៧នាក់ និងករណីស្លាប់សរុប ៣ ០៥៦ នាក់។

ក្រសួងបានបញ្ជាក់ថា ករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៣៥ នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍កើនដល់ ១៦ ២១៦ នាក់៕ ដោយ៖ នាង សុគន្ធា

ads banner