សហភាពអឺរ៉ុបនឹងដាក់ទណ្ឌកម្មជាថ្មីលើមន្ត្រីចិនដែលរងការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សស៊ីនជាំង
អឺរ៉ុប៖ សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជាថ្មីលើមន្ត្រីចិន ដែលប្លុកបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ នៅក្នុងតំបន់ភាគខាងលិចស៊ីនជាំង រយៈពេលមួយឆ្នាំទៀត។ នេះបើតាមសេចក្ដីរាយការណ៍របស់កាសែត South China Morning Post ដែលស្រង់សម្ដីមន្រ្តីការទូតជាច្រើននាក់ ដែលដឹងពីបញ្ហានេះ។
គួររំឭកថា ទណ្ឌកម្មដំបូងត្រូវបានដាក់ឡើងទៅលើបុគ្គលចំនួន ៤ រូប និងអង្គភាពចំនួន១ នៅខែមីនា ឆ្នាំ ២០២១ ហើយដោយសហភាពអឺរ៉ុបសង្កេតឃើញថាមិនមានការប្រសើរឡើងនៃលក្ខខណ្ឌសិទ្ធិមនុស្សនៅក្នុងតំបន់ ទណ្ឌកម្មទាំងនោះទំនងជាត្រូវបន្តដោយគ្មានការជជែកដេញដោលគ្នានៅខែធ្នូ។ នេះបើតាមប្រភពការទូតទាំងនោះ ដែលធ្វើការអះអាងដោយមិនបញ្ចេញឈ្មោះ។
នៅថ្ងៃទី ៣០ ចុងខែនេះ ក្រុមឯកអគ្គរដ្ឋទូតនៅក្នុងគណៈកម្មាធិការ Coreper II របស់សហភាពអឺរ៉ុប នឹងជួបពិភាក្សាអំពីការដាក់ទណ្ឌកម្ម ដែលជាផ្នែកមួយនៃទណ្ឌកម្មរបស់ប្លុកលើរដ្ឋាភិបាលចិនទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស ។ បន្ទាប់មក ការពន្យារពេលនឹងត្រូវបានអនុម័តក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីមកពីរដ្ឋសមាជិកសហភាពអឺរ៉ុបនៅថ្ងៃទី ០៥ ខែធ្នូ។ បើមែនទែនទៅ មន្រ្តីការទូតទទួលបន្ទុកបញ្ហាសិទ្ធិមនុស្ស បានយល់ព្រមលើការពន្យាពេលទណ្ឌកម្មនេះ តាំងតែពីដើមខែតុលា។
ការពន្យាពេលនេះ មានន័យថាទណ្ឌកម្មរបស់ប្លុកអឺរ៉ុប នឹងត្រូវបន្តអូសបន្លាយចាប់ពីខែមីនាឆ្នាំក្រោយ ពោលគឺ២ឆ្នាំបន្ទាប់ពីទណ្ឌកម្មដំបូងត្រូវបានដាក់ចេញនៅឆ្នាំ ២០២១ ហើយធ្វើឱ្យទំនាក់ទំនងសហភាពអឺរ៉ុប និងចិនរង្គោះរង្គើខ្លាំង រាប់តាំងចាប់តាំងពីការបង្រ្កាបក្រុមអ្នកតវ៉ានៅទីលានធានអានមេនក្នុងឆ្នាំ ១៩៨៩។
កាលពីលើកនោះ ក្រុមប៉េកាំងបានវាយបកទៅប្លុកអឺរ៉ុបវិញភ្លាមៗ ដោយដាក់ទណ្ឌកម្មលើបុគ្គលអឺរ៉ុបចំនួន ១០ រូប និងអង្គភាពចំនួន បួន រួមទាំងអ្នកការទូត មន្ត្រី អ្នកសិក្សា និងអ្នកនយោបាយ។ ប៉ុន្តែដែលទណ្ឌកម្មទាំងនោះនៅបន្តមានប្រសិទ្ធភាព លក្ខខណ្ឌផ្លូវច្បាប់លម្អិតមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ ដែលធ្វើឱ្យគេមិនច្បាស់លាស់ ថាតើទណ្ឌកម្មទាំងនោះត្រូវបានអនុវត្តតឹងរ៉ឹងបានកម្រិតណា។ មិនត្រឹមតែប៉ុណ្ណេះ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អ្នកការទូតចិនបានមានទំនាក់ទំនងជាមួយអង្គភាព ដែលរងទណ្ឌកម្មរបស់ខ្លួនមួយចំនួន រួមទាំងវិទ្យាស្ថាន Mercator for China Studies ដែលជាស្ថាប័នស្រាវជ្រាវអាល្លឺម៉ង់។
ទោះបីជាយ៉ាងណាក៏ដោយ ការពិភាក្សាអំពីការដកទណ្ឌកម្មទាំងនោះចេញក៏ទទួលបានផ្លែផ្កាតិចតួច ដោយអ្នកការទូតចិនបានទទូចឱ្យទីក្រុងប្រ៊ុចសែលចេញចំណាត់ការមុន ដែលជាការវិវត្តន៍មិនទំនង ហើយធ្វើឱ្យសហភាពអឺរ៉ុបដាក់សម្ពាធលើចិនកាន់តែខ្លាំង ដោយសារកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសនេះ។
ជុំវិញបញ្ហានេះ អ្នកការទូតសហភាពអឺរ៉ុបម្នាក់ បានចង្អុលទៅរបាយការណ៍អង្គការសហប្រជាជាតិប្រចាំខែកញ្ញា ស្តីពីលក្ខខណ្ឌសិទ្ធិមនុស្សនៅខេត្តស៊ីនជាំង ដែលថា សកម្មភាពរបស់រដ្ឋាភិបាលចិន «អាចប្រព្រឹត្តឧក្រិដ្ឋកម្មអន្តរជាតិ ជាពិសេសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។
គួរកត់សម្គាល់ថា កំណត់ត្រាសិទ្ធិមនុស្សរបស់ទីក្រុងប៉េកាំង ស្ថិតនៅក្រោមឃ្លាំមើលយ៉ាងជិតដិត ខណៈដែលសភាអឺរ៉ុបបាននឹងកំពុងជំរុញឱ្យមានការបញ្ចូលឈ្មោះមន្ត្រីចិនបន្ថែមទៀតទៅក្នុងបញ្ជីទណ្ឌកម្ម។ ការដាក់ទណ្ឌកម្មរបស់លោកខាងលិច បានធ្វើឱ្យកិច្ចព្រមព្រៀងវិនិយោគទ្វេភាគីអឺរ៉ុប-ចិន ដែលបានចរចាគ្នាជាយូរមកហើយនោះ បានដួលរលំ ស្របពេលដែលភាពជិតស្និទ្ធរបស់ចិនចំពោះរុស្ស៊ី បានធ្វើឱ្យទំនាក់ទំនងជាមួយប្លុកអឺរ៉ុបកាន់តែតានតានតឹង ជាពិសេសរាប់តាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន។
យ៉ាងណាមិញ ភាពតានតឹងការទូតទាំងនោះ ត្រូវបានគេមើលឃើញថា ហាក់បានធូរស្រាលនៅពេលមានការជួបប្រជុំរវាងមន្រ្តីៗជាន់ខ្ពស់ទាំងនៅចិន និងក្នុងកិច្ចប្រជុំកំពូលក្រៅប្រទេសជាដើម។ ភាគីទាំងសងខាង សុទ្ធតែបានបញ្ជាក់ពីបំណងចង់រក្សាទំនាក់ទំនងពាណិជ្ជកម្មឲ្យរឹងមាំ ទោះបីជាខាងមន្រ្តីអឺរ៉ុបបានប្តេជ្ញាថានឹងឱ្យចិនទទួលខុសត្រូវកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួនក្ដី។
គួរជ្រាបថា មន្រ្តីចិនទាំងបួនដែលរងទណ្ឌកម្មរបស់សហភាពអឺរ៉ុប រួមមានអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជននៃតំបន់ស្វយ័តស៊ីនជាំង-អ៊ុយហ្កួរ លោក Zhu Hailun, លេខាបក្សកុម្មុយនិស្តតំបន់ទីបេ និងជាអតីតប្រធានគណកម្មការកិច្ចការនយោបាយ និងច្បាប់នៃតំបន់ស៊ីនជាំង លោក Wang Junzheng, លេខាគណៈកម្មាធិការកិច្ចការនយោបាយ និងច្បាប់តំបន់ស្វយ័តស៊ីនជាំង-អ៊ុយហ្កួរ លោកWang Mingshan និងចុងក្រោយគឺប្រធានការិយាល័យសន្តិសុខសាធារណៈតំបន់ស៊ីនជាំង លោក Chen Mingguo។
ទីក្រុងប្រ៊ុចសែលបានអះអាងថា បុគ្គលទាំង៤រូបនេះស្ថិតនៅក្នុងចំណោមផ្ដួចផ្ដើមនៃកម្មវិធីឃ្លាំមើល ឃុំឃាំង និងដាក់មនោគមវិជ្ជាទ្រង់ទ្រាយធំ ដែលផ្តោតលើជនជាតិអ៊ុយហ្គួរ និងជនជាតិភាគតិចកាន់សាសនាអ៊ិស្លាមផ្សេងៗទៀតនៅក្នុងតំបន់ស៊ីនជាំង។ កន្លងមកក្រុមប្រទេសលោកខាងលិច និងអង្គការសិទ្ធិមនុស្ស បានចោទប្រកាន់រដ្ឋាភិបាលចិនថាបានរំលោភបំពានលើប្រជាជនទាំងនោះ រួមទាំងការប្រើប្រាស់កម្លាំងពលកម្មទាំងបង្ខំក្នុងជំរុំឃុំខ្លួន ការធ្វើទារុណកម្ម ការរើសអើង និងការរំលោភលើសិទ្ធិសាសនា និងបន្តពូជជាដើម។
យ៉ាងណាមិញ ក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់ទាំងនោះ ជំរុំទាំងនោះគឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ហើយវាជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសដែលលោកខាងលិច រួមទាំងសហភាពអឺរ៉ុបមិនត្រូវលូកដៃចូល។ ដោយ៖ ហួន ឌីណា