មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាផ្ដួចផ្ដើមធ្វើយុទ្ធនាការ១៦ថ្ងៃដើម្បីលុបបំបាត់អំពើហិង្សាលើយេនឌ័រ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)បានផ្ដួចផ្ដើមធ្វើយុទ្ធនាការ១៦ថ្ងៃដើម្បីលុបបំបាត់អំពើហិង្សាលើយេនឌ័រ ក្នុងការលើកកម្ពស់ការយល់ដឹងសិទ្ធិស្ដ្រី។ យុទ្ធនាការនេះ គ្រោងនឹងចាប់ផ្ដើមឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២២ ដែលវាស្របជាមួយនឹងទិវាអន្តរជាតិដើម្បីលុបបំបាត់អំពើហឹង្សាលើស្ដ្រី ក្នុងគោលបំណងអំពាវនាវឲ្យរាជរដ្ឋាភិបាល ចាត់វិធានការជាក់លាក់ជាបន្ទាន់ ដើម្បីបញ្ចប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក លឹម បូរិន អ្នកសម្របសម្រួលគម្រោងដើម្បីសមភាពយេនឌ័ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍ថា គោលបំណងសំខាន់នៃការធ្វើយុទ្ធនាការនេះគឺការឆ្លុះបញ្ចាំងអំពីការទាមទាររបស់សកម្មជនស្ដ្រីក្នុងវិស័យនីមួយៗកន្លងមក ហើយនិងលើកឡើងអំពីការប្រឈមដែលបន្តកើតឡើងទៅលើស្ដ្រីក្នុងពេលបច្ចុប្បន្ន។ ហើយមួយទៀត គឹការជំរុញឲ្យភាគីពាក់ព័ន្ធ ដូចជា រាជរដ្ឋាភិបាលឲ្យមានយុទ្ធសាស្ត្រ ដើម្បីដោះស្រាយ និងគាំពារក្មេងស្រី និងស្ដ្រីឲ្យប្រសិទ្ធិភាពផងដែរ។

លោក លឹម បូរិន បញ្ជាក់ថា ៖ «អ៊ីចឹងជារួម យើងមានទម្រង់តាមអនឡាញ ក៏ដូចជាមានការជួបជុំផ្ទាល់ ដើម្បីធ្វើយុទ្ធនាការនិងបញ្ជូនសារនេះផងដែរ ហើយយើងឃើញថាកំឡុងពេលកូវីដ និងក្រោយពេលកូវីដនេះ អំពើហឹង្សាដែលទាក់ទងនឹងយេនឌ័រមានការកើតឡើង ជាពិសេសដៃគូ ក៏ដូចជាក្នុងគ្រួសារ ហើយបញ្ហាដែលពាក់ព័ន្ធនឹងយេនឌ័រផ្សេងទៀតបានកើតឡើងផងដែរ»។

លោកបន្ថែមថា អំពើហិង្សានេះបានកើតឡើងភាគច្រើនទៅលើស្រ្ដីដែលជាកម្មករធ្វើការងារក្នុងវិស័យមួយចំនួនដូចជា ស្ដ្រីដែលជាកម្មកររោងចក្រ ស្រ្តីដែលជាកម្មករសេវាកម្សាន្ត បង្កឱ្យស្ដ្រីទាំងនោះត្រូវបាត់បង់ការងារ និងបាត់បង់ឱកាសផ្សេងៗពីប្រព័ន្ធគាំពារសង្គមជាដើម។

លោកបន្តថា៖ «ដូច្នេះរូបភាពដែលសំខាន់ដែលទាក់ទងនឹងអំពើហិង្សាលើយេនឌ័រ នៅក្នុងវិស័យការងារមួយចំនួន ដែលទាក់ទងជាមួយស្ដ្រី ក៏ដូចជាសកម្មជនដែលជាស្ដ្រីហ្នឹង គឺត្រូវបានគេបញ្ឍប់ ក៏ដូចជាព្យួរការងារ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលគាត់ដែរ»។

អ្នកស្រី ដោក សុវណ្ណ ប្រធានគណៈកម្មាធិការស្ដ្រីប្រចាំសម្ព័ន្ធសហជីពកម្ពុជា បានប្រាប់ថាការធ្វើយុទ្ធនាការនេះឡើង គឺវាជារឿងដែលសំខាន់ណាស់ ដោយសារយុទ្ធនាការនេះ ត្រូវបានធ្វើឡើងជាសកល មិនមែនតែប្រទេសកម្ពុជានោះទេ។ អ្នកស្រីបន្ថែមថា ដោយសារមើលឃើញពីបញ្ហាប្រឈមខ្លាំងសម្រាប់ស្ដ្រី និងក្មេងស្រី ដូច្នេះហើយទើបមានយុទ្ធនាការនេះឡើង ដើម្បីបំផុសស្មារតីឬក៏គំនិតឱ្យចេះជួយការពារសម្រាប់ស្ដ្រី និងក្មេងស្រី ហើយក៏បំផុតគំនិតឱ្យស្ដ្រីមានភាពក្លាហាន ក្នុងការរកជំនួយជួយខ្លួឯងទាំងសេវាប្រឹក្សាយោបល់ និងការគាំពារ។

អ្នកស្រីនិយាយទៀតថា៖ «អ្វីដែលសំខាន់ជាងនេះ គឺយុទ្ធនាការនេះ ត្រូវធ្វើរួមគ្នាធំ ដែលមានការអញ្ជើញពីក្រសួង ស្ថាប័នជាច្រើន ដើម្បីចូលរួមក្នុងការស្វែងយល់ទាំងអស់គ្នាថា ពិភពលោក និងអង្គការដៃគូ គេកំពុងធ្វើរឿហ្នឹងដើម្បីអី? ហើយការពារដល់អ្នកណាខ្លះ?។

អ្នកស្រីបន្តថា ៖«ខ្ញុំក៏សង្ឃឹមថាយុទ្ធនាការនេះ ប្រព្រឹត្តទៅដោយរលូនដែរ ទោះបីទទួលបានលទ្ធផលតិច ឫច្រើនក្ដីក៏ដោយ»។អ្នកស្រីថា ស្ដ្រីដែលជាសហជីព តែងតែបន្តទទួលរងនូវកាគំរាមគំហែង និងការជេរប្រមាថ នៅពេលដែលពួកគាត់ធ្វើការតវ៉ានឹងរឿងអយុត្តិធម៌ណាមួយ ហើយនេះជាបញ្ហាមួយ ដែលអាចឈានឲ្យស្ដ្រីទាំងនោះ ត្រូវបាត់បង់ការងារដោយការបញ្ឈប់ពីថៅកែ និងម្ចាស់ក្រុមហ៊ុនជាដើម។

យុទ្ធនាការរបស់សង្គមស៊ីវិលដើម្បីលុបបំបាត់អំពើហិង្សាលើយេនឌ័រ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៥ខែវិច្ឆិកា រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ចំទិវាសិទ្ធិមនុស្សអន្តរជាតិ។តាមសេចក្ដីប្រកាសព័ត៌មានCCHRបានបង្ហាញពីការប៉ាន់ស្មានថាមានស្ដ្រីកម្ពុជាមួយនាក់ក្នុងចំណោម៥នាក់ទទួលរងនូវអំពើហិង្សាពីសំណាក់ដៃគូរបស់ខ្លួន ដែលតួលេខនេះចាប់ផ្ដើមកើនឡើងតាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩៕ ដោយ៖ ជា សុខនី

ads banner