សហគមន៍នេសាទមួយគ្រោងរៀបចំពិព័រណ៍បាតសមុទ្រជាលើកដំបូង
កំពត៖ សហគមន៍នេសាទត្រពាំងរពៅខេត្តកំពត នឹងរៀបចំពិព័រណ៍បាតសមុទ្រជាលើកដំបូងដើម្បីបង្ហាញពីជីវៈចម្រុះដែលសហគមន៍បានអភិរក្ស។ លោក ធុង ញ៉ិល ប្រធានសហគមន៍នេសាទត្រពាំងរពៅ បានប្រាប់ថា កម្មវិធីពិព័រណ៍បាតសមុទ្រនេះ គឺសហគមន៍ចង់បង្ហាញអ្វីដែលមាននៅក្នុងបាតសមុទ្រ ដូចជា ផ្កាថ្ម ព្រៃកោងកាង ស្មៅសមុទ្រ និងអ្វីផ្សេងៗទៀតដែលទាក់ទងនឹងជីវៈចម្រុះនៅក្នុងសហគមន៍ជាដើម។
លោកធុង ញ៉ិល បញ្ជាក់ថា៖ «ការតាំងពិព័រណ៍នេះ គឺជាសារមួយដែលធ្វើឱ្យប្រជាពលរដ្ឋចេះស្រលាញ់ធនធានធម្មជាតិ ឱ្យយល់ពីសារៈសំខាន់ជីវៈចម្រុះរបស់ធនធានធម្មជាតិ ដែលវាមាននៅក្នុងសហគមន៍យើងស្រាប់ ហើយសារៈសំខាន់មួយទៀត គឺការធ្វើឱ្យប្រជាពលរដ្ឋមានភាពធន់នឹងការបម្រែបម្រួលធាតុអាកាស ដែលយើងរក្សាដើមកោងកាង ដើម្បីទប់ទល់នឹងការបម្រែបម្រួលអាកាសធាតុបាន»។
លោកបន្តថា កម្មវិធីពិព័រណ៍នេះ ធ្វើឡើងមិនមែនសម្រាប់តែទាក់ទាញភ្ញៀវទេសចរទេ ប៉ុន្តែសារៈសំខាន់បំផុត គឺជាការផ្សព្វផ្សាយនូវព័ត៌មានផ្សេងៗដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ឱ្យពួកគាត់យល់ដឹង និងអភិរក្ស អំពីសារៈសំខាន់នៃជីវៈចម្រុះក្នុងសមុទ្រ ដូចជា ព្រៃកោងកាងជាដើម។លើសពីនេះទៀត កម្មវិធីពិព័រណ៍នេះក៏ជាការចូលរួមមួយក្នុងការអបអរទិវាអនាម័យបរិស្ថានជាតិ ក្នុងការកែច្នៃសំណល់ប្លាស្ទិចដោយសហគមន៍ និងការកាត់បន្ថយសំណល់ប្លាស្ទិចចូលសមុទ្រជាដើម។
លោក ញ៉ិល បញ្ជាក់បន្ថែមថា ដូច្នេះកម្មវិធីពិព័រណ៍នឹងបើកឱ្យភ្ញៀវទេសចរចូលទស្សនាដោយសេរី ហើយខាងសហគមន៍នឹងមានការរៀបចំកម្មវិធីដូចជា៖៖« គូសគំនូសកុមារ ប្រណាំងទូកកែច្នៃពីដបសំណល់ផ្លាស្ទិច និងជិះទូកមើលស្មៅសមុទ្រ ផ្កាថ្មជាដើម»។
ជុំវិញរឿងនេះ ឯកឧត្តម នេត ភក្ដ្រា រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់ថាការតាំងពិព័រណ៍បាតសមុទ្រនេះវាជារឿងល្អមួយ ដែលបង្ហាញអំពីសក្ដានុពលនៃធនធានជីវៈចម្រុះបាតសមុទ្ររបស់ប្រទេសកម្ពុជា ក្នុងការផ្សព្វផ្សាយឲ្យសាធារណៈជនបានដឹងថា ប្រទេសកម្ពុជាមានភាពសម្បូរបែបជីវៈចម្រុះអ្វីខ្លះហើយនឹងបង្ហាញអំពីការចូលរួមទៅលើការការពារ និងអភិរក្សនូវធនធានជីវៈចម្រុះក្នុងបាតសមុទ្ររបស់ប្រទេសកម្ពុជាផងដែរ។
ឯកឧត្តម នេត ភក្ត្រា បញ្ជាក់ថា៖ «ការតាំងពិព័រណ៍នេះ យើងរំពឹងថា វានឹងផ្ដល់នូវព័ត៌មានផ្សេងៗទៅឱ្យសាធារណៈជនបានជ្រាប ហើយជាពិសេសធនធានជីវៈចម្រុះនៅបាតសមុទ្រដែលប្រជាពលរដ្ឋមួយចំនួនគាត់មិនធ្លាប់ឃើញ ដូចជា ផ្កាថ្ម ស្មៅសមុទ្រ ហើយនិងរូបភាពដែលបង្ហាញពីសត្វនៅក្នុងសមុទ្រ»។
លោកបន្តថា ហើយក៏សង្ឃឹមថា ការតាំងពិព័រណ៍នេះ ក៏ជាផ្នែកមួយក្នុងការបង្ហាញនូវសក្ដានុពល ក៏ដូចជាធនធានជីវៈចម្រុះនៅក្នុងបាតសមុទ្រហ្នឹង ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែស្រលាញ់ ចូលចិត្ត និងចូលរួមការពារ អភិរក្សធនធានសមុទ្រដែលយើងមាន»។
លើសពីនេះទៀត ក្រសួងបរិស្ថានក៏បានផ្សព្វផ្សាយដែរ អំពីសក្ដានុពលធនធានធម្មជាតិនៅក្នុងបាតសមុទ្រ ហើយនិងការរៀបចំឧទ្យានសមុទ្រ ដូចជាមាន ឧទ្យានសមុទ្រកោះរ៉ុង និងឧទ្យានព្រះសីហនុរាមជាដើម។ជាមួយគ្នានេះ ក៏មានធនធានធម្មជាតិជាច្រើនដូចជា ដើមកោងកាងដែលមាននៅតំបន់បួនខេត្តជាប់មាត់សមុទ្រ ហើយនេះក៏ជាផ្នែកមួយសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ដែលជាកន្លែងក្នុងការផ្ដល់ជាតំបន់ចំណីអាហាររបស់ប្រភេទសត្វផ្សេងៗនៅក្នុងសមុទ្រ និងជាទីជម្រកមួយយ៉ាងសំខាន់ផងដែរ។
លោកបន្ថែមថា ដូច្នេះការផ្សព្វផ្សាយអំពីសក្ដានុពលនៃសមុទ្រ តួនាទីដើមកោងកាង និងតួនាទីជីវៈចម្រុះផ្សេងៗទៀតហ្នឹង គឺវាមានសារៈសំខាន់សម្រាប់ឲ្យប្រជាពលរដ្ឋបានយល់ដឹង ហើយនិងអ្វីដែលសំខាន់នោះ គឺត្រូវការចាំបាច់ការអភិរក្សសមុទ្រ ពីព្រោះថាប្រភពនៃចំណីអាហាររបស់ប្រជាពលរដ្ឋ មួយភាគធំ គឺមកពីសមុទ្រផងដែរ។
សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍បាតសមុទ្រនឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសហគមន៍នេសាទត្រពាំងរពៅ ភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ដោយមានការគាំទ្រពីអង្គការចំនួនប្រាំមួយនិងមានការចូលរួមពីបណ្ដាក្រសួងដែលពាក់ព័ន្ធផងដែរ៕ ដោយ៖ ជា សុខនី