ខេត្តបាត់ដំបង ក្រោយពីមានការអន្តរាគមន៍ ពីក្រសួងកសិកម្ម និងក្រុមហ៊ុនបៃតងកម្ពុជា តម្លៃប្រមូលទិញស្រូវកំពុងតែមានស្ថិរភាពប្រសើរឡើងវិញ

ខេត្តបាត់ដំបង ៖ តម្លៃប្រមូលទិញស្រូវពីប្រជាកសិករនៅក្នុងខេត្តបាត់ដំបង កំពុងតែមានភាពប្រសើវឡើងវិញក្រោយមានកិច្ចអន្តរាគមន៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល បានធ្វើឱ្យតម្លៃស្រូវនៅក្នុងខេត្ត មានសន្ទុះហក់ឡើងខ្ពស់គួរសម និងមានស្ថិរភាពឡើងវិញ ហើយប្រជាកសិករដែលកំពុងប្រមូលស្រូវ ក៏សប្បាយរីករាយ ។

ប្រជាកសិករក្នុងខេត្តបាត់ដំបង ក៏បានបង្ហាញក្ដីរំភើបសប្បាយរីករាយ ដោយបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានអន្តរាគមន៍ក្នុងការជួយទប់ស្កាត់ពីការធ្លាក់ចុះតម្លៃស្រូវ បានទាន់ពេលវេលាកាលពីប៉ុន្មានថ្ងៃមុននេះ។ ជាមួយតម្លៃស្រូវបានប្រសើរឡើងវិញនេះ បងប្អូនប្រជាកសិករក្នុងខេត្តក៏បានស្នើឱ្យក្រុមហ៊ុនដែលមកប្រមូលទិញស្រូវ សូមបន្តជួយទិញរហូតដល់បញ្ចប់ការប្រមូលផលរបស់ពួកគាត់ ។
ក្នុងការចុះពិនិត្យមើលពីស្ថានភាពប្រមូលទិញស្រូវ ពីប្រជាកសិករតាមបណ្តាស្រុកនានា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខា-ប្រមាញ់និងនេសាទខេត្ត បានបញ្ជាក់ថា៖តម្លៃស្រូវនៅក្នុងខេត្ត នាពេលបច្ចុប្បន្ននេះ កំពុងតែមានស្ថិរភាពមួយល្អ ដែលប្រជាកសិករយើងអាចទទួលយកបាន ខណៈដែលឈ្មួញកណ្ដាលបានចាប់ផ្ដើមទិញស្រូវនៅក្នុងតម្លៃមួយសមរម្យ ដោយគ្មានការទម្លាក់តម្លៃដូចកាលពីប៉ុន្មានថ្ងៃមុននោះឡើយ។

គួររំលឹកថា៖ ដើម្បីជាវិធានក្នុងការទប់ស្កាត់ពីការធ្លាក់ចុះតម្លៃស្រូវកន្លងមកថ្មីៗនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានចាត់បញ្ជូនមន្រ្តីជំនាញ ចុះពិនិត្យជាក់ស្ដែង និងស្វែងរកដំណោះស្រាយសមស្របនៅនឹងកន្លែង ដើម្បីឆ្លើយតបជូនបងប្អូនប្រជាកសិករ និងបន្ទាប់ពីបានចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង ក្នុងនោះលោកឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនបៃតងកម្ពុជា បានស្ម័គ្រចិត្តចូលរួមសហការ ជាមួយរាជរដ្ឋាភិបាលដោយបានដាក់ចេញនូវគោលការណ៍ក្នុងការរក្សាស្ថិរភាពតម្លៃស្រូវ ដោយបានកំណត់នូវថ្លៃធានាទិញគោល សម្រាប់ស្រូវ”ផ្ការំដួល”ប្រភេទលេខ១មិនឱ្យក្រោម៩បាតក្នុងមួយគីឡូក្រាមគឺស្មើ ១០៤០រៀលក្នុងគីឡូក្រាម ៕ អ៊ុក សំអាត

ads banner