យុវជនពីររូប ថតរូបយកមកផ្សព្វផ្សាយក្នុងគោលបំណងជំរុញទេសចរណ៍តាមភូមិស្រុក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រទេសកម្ពុជាជាទឹកដីនេះដែលសម្បូរសម្បត្តិធម្មជាតិ តំបន់ខ្លះមិនសូវមានអ្នកស្គាល់ និងកន្លែងខ្លះក៏មិនសូវមានភ្ញៀវទេសចរទៅដល់នៅឡើយ។ ក្រុមយុវជនដែលនិយមដើរផ្សងព្រេង និងថតរូបកម្សាន្តបានចែករំលែកនូវមាតិការដើរកម្សាន្ដជាច្រើន ដែលពីមួយថ្ងៃទៅមួយថ្ងៃ ដែលសកម្មភាពទាំងនេះបានជំរុញឱ្យអ្នកផ្សេងទៀតដែលមិនទាន់បានស្គាល់ ចាប់អារម្មណ៍ទៅកម្សាន្តនៅទីនោះ ។ បន្ទាប់ពីអ្នកទេសចរណ៍ក្នុងស្រុកជាច្រើនបានចាប់អារម្មណ៍ទៅកម្សាន្តតំបន់ព្រៃភ្នំឆ្ងាយៗ ហើយសកម្មភាពទេសចរណ៍នៅទីនោះផុលផុសរួចមក យុវជនពីររូបបានដើរថតរូប ពីទិដ្ឋភាពស្រស់ស្អាតនៅតាមភូមិស្រុកវិញម្ដង។ ពួកគេប្រាប់ថា ពួកគេថតរូបសហគមន៍នានាយកមកផ្សាយផ្សាយគឺដើម្បីជំរុញទេសចរណ៍នៅតាមសហគមន៍។

លោក គឹម បញ្ញារ័ត្ន គឺជាអ្នកថតរូបដែលមានបទពិសោធន៍ច្រើនឆ្នាំ និងមានជំនាញបង្ហោះដ្រូន (Drone)ផ្ដិតយករូបភាពពីលើអាកាស។ តាមរយៈជំនាញមួយនេះ លោកបាននាំយករូបភាពស្រស់ស្អាតជាច្រើនសន្លឹកទៅផ្សព្វផ្សាយឱ្យអ្នកលេងបណ្ដាញសង្គមបានឃើញ។ លោក គឹម បញ្ញារ័ត្ន បានចាប់ផ្ដើមដំណើរផ្សងព្រេងតាំងពីឆ្នាំ ២០១១មក។ លោកបាន ចែកចាយរូបភាពអំពីតំបន់ទេសចរណ៍ផ្សេងៗ ដោយមនុស្សជាច្រើនចាប់អារម្មណ៍ និងមានក្រុមយុវជនមួយចំនួនបានចាប់ផ្ដើមថតរូបផ្សព្វផ្សាយដូចជាលោក។

មកដល់បច្ចុប្បន្ន លោកបានបង្វែរទៅធ្វើដំណើរកម្សាន្ដតាមខេត្ត ស្រុក និងទីជនបទវិញ ដើម្បីផ្ដិតយករូបភាពពីលើអាកាសពីសក្កានុពលតាមតំបន់ៗមួយៗ ។ លោកយល់ថា ភូមិស្រុកក៏ជាចំណែកមួយសម្រាប់ការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុកដូច្នេះលោកព្យាយាមធ្វើសកម្មភាពទាំងនេះដើម្បីជួយជំរុញទេសចរណ៍ក្នុងស្រុក។

លោក គឹម បញ្ញារ័ត្ន៖ «ខ្ញុំបានប្រើប្រាស់សិល្បៈនៃការថតរូបដែលខ្ញុំមាន ទៅផ្ដិតយករូបភាពតាមភូមិស្រុកនានា…រូបភាពមួយចំនួនធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងពីអ្នករស់នៅក្នុងតំបន់នោះ ដោយពួកគាត់មិនធ្លាប់ស្មានដល់ថាតំបន់ខ្លួនស្អាតដល់ថ្នាក់នោះ»។

លោកបញ្ជាក់ថា កន្លងមកលោកបានបង្ហាញពីធនធានក្នុងស្រុក ការអភិវឌ្ឍតាមភូមិ និងសម្រស់ខេត្តខណ្ឌនានា។ លោកបានសម្គាល់ឃើញថា ភ្ញៀវទេសចរចាប់ផ្ដើមបង្វែរចំណាប់អារម្មណ៍ទៅដើរកម្សាន្ដតាមសហគមន៍បន្ថែមទៀត។
ទោះជាយ៉ាងណាក្ដីលោកក៏ជួបការលំបាកខ្លះផងដែរ ទៅលើឧបសគ្គនៃការធ្វើដំណើរ និងជាពិសេសការខូចខាតកាមេរ៉ា និងដ្រូន ដែលមានតម្លៃថ្លៃ ជាដើម។ កន្លងមកស្នាដៃរបស់លោកទទួលបានការគាំទ្រ ពីក្រសួងបរិស្ថាន និងថែមទាំងប្រគល់ប័ណ្ឌសរសើរ ដើម្បីលើកទឹកចិត្តដល់លោកនិងអ្នកនៅក្នុងវិស័យដូចលោកជាច្រើនរូបទៀតឱ្យខិតខំធ្វើការងារនេះ។

អ្នកនិយមដើរព្រៃមួយរូបទៀត គឺលោក នូ តុលា ដែលត្រូវបានគេស្គាល់តាមរយៈឈ្មោះហៅក្រៅថា ខ្លាខ្មៅនោះ កំពុងតែធ្វើសកម្មភាពផ្សព្វផ្សាយតំបន់ទេសចរណ៍ផងដែរ។ រូបថតធម្មជាតិ ដែលជាស្នាដៃរបស់លោកត្រូវបានក្រសួងទេសចរណ៍ និងក្រសួងបរិស្ថានយកទៅចែកចាយបន្តនៅក្នុងគេហទំព័រផ្លូវការ ដើម្បីជាការគាំទ្រ និងផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុកបន្ថែម។

លោក នូ តុលា បានចាប់ផ្ដើមការដើរផ្សងព្រេងតាំងពីឆ្នាំ ២០១២ ប៉ុន្តែដើរជាលក្ខណៈព្រៃសហគមន៍ជិតៗដូចជាឧទ្យានជាតិគិរីរម្យជាដើម។ ចាប់ពីឆ្នាំ ២០១៦ រហូតមកដល់ពេលនេះ លោកចែកចាយរូបភាពជាច្រើនសន្លឹកពីតំបន់ដែលលោកបានទៅកម្សាន្ដ និងមានការចែករំលែកជាច្រើននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក។

លោក នូ តុលា បានរៀបរាប់ថា៖ « ខ្ញុំពិតជាសប្បាយចិត្ត ដែលឃើញយុវជនខ្មែរយើងបង្វែមកដើរលេង ក៏ដូចជាលំហែកាយតាមតំបន់ព្រៃនានា…វាជាសញ្ញាមួយបញ្ជាក់ថាខ្មែរយើងចាប់ផ្ដើមចេះការពារធម្មជាតិ ដូចជាព្រៃឈើ សត្វព្រៃឱ្យគង់វង្ស»។

លោកបានមើលឃើញពីចំនុចមួយចំនួនដែលយុវជនខ្មែរគួរកែទម្លាប់នោះគឺការទុកដាក់សំរាមឱ្យបានល្អ ដើម្បីរក្សាសោភ័ណ្ឌភាពតំបន់នោះឱ្យនៅតែស្រស់ស្អាតជានិច្ច។

លោកបន្តថា៖ « ខ្ញុំសូមអំពាវនាវឱ្យយុវជនយើង ចូលរួមបន្ថែមទៀត ក្នុងការរុករកកន្លែងថ្មីៗ តំបន់ទេសចរណ៍ថ្មីៗ លើកកម្ពស់ជីវភាពប្រជាជនតាមសហគមន៍ បញ្ឈប់ការកាប់ព្រៃឈើ ការបរបាញ់សត្វ ហើយងាកមកបម្រើវិស័យទេសចរណ៍វិញ»

លោកក៏បានថ្លែងអំណរគុណទៅដល់ក្រសួងបរិស្ថាន ដែលបានទទួលស្គាល់លើគុណភាពរូបភាពរបស់លោក ដែលនេះគឺជារឿល្អណាស់ ក្នុងការលើកទឹកចិត្តឱ្យលោក ក៏ដូចជាយុវជនដទៃទៀតខិតខំផ្សព្វផ្សាយកម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែម៕ ដោយ៖ កែវ បុស្បា

ads banner