ព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ប្រទានចង្កៀងប្រើថាមពលពន្លឺព្រះអាទិត្យជាង ៧០ ប្រអប់ដល់កាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ ចង្កៀងប្រើថាមពលពន្លឺព្រះអាទិត្យ (បន្ទះសូឡា និងអំពូលភ្លើង) ចំនួន ៧៣ ប្រអប់ ត្រូវបានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ផ្តល់ដល់កាកបាទក្រហមកម្ពុជា ជាអំណោយសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ។
ការផ្តល់នេះបានធ្វើឡើង នាថ្ងៃទី២២ ខែវិច្ឆិកាដោយឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ប្រគល់ជូនកាកបាទក្រហមកម្ពុជា តាមរយៈលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។
នាឱកាសនៃការទទួលអំណោយទាំងនេះដែរ លោកជំទាវ ពុំ ចន្ទីនី ក៏បានថ្លែងអំណរព្រះគុណដល់សម្តេចព្រះមហាក្សត្រី និងបានប្រគល់ជូនឯកឧត្តម គុយ សុផល នូវសារលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលទូលថ្វាយថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រីផងដែរ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានលើកឡើងតាមរយៈសារលិខិតនេះថា ៖ «ខ្ញុំម្ចាស់ មានសេចក្ដីសោមនស្សរីករាយក្រៃលែង ប្រកបដោយបរិយាកាសកក់ក្តៅបំផុត ដែលបានទទួលព្រះរាជទាន ពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នូវចង្កៀងប្រើថាមពលពន្លឺព្រះអាទិត្យ (បន្ទះសូឡា និង អំពូលភ្លើង) ចំនួន ៧៣ប្រអប់»។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានបន្តថា លោកស្រី និងសហការី នឹងប្រើប្រាស់ព្រះរាជទានដ៏ឧត្តុង្គឧត្តមនេះ ទៅតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះមហាក្សត្រី ក្នុងបុព្វហេតុសកម្មភាពមនុស្សធម៌ កាកបាទក្រហមកម្ពុជា។
យោងតាមរបាយការណ៍របស់កាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ ២០២១ និង ប្រាំ ខែដើមឆ្នាំ ២០២២ កន្លងទៅនេះ អង្គការមនុស្សធម៌ដ៏ធំមួយនេះ បានចូលរួមជួយជាចំណែកមួយ ជាមួយនឹងរាជរដ្ឋាភិបាល ដែលក្នុងនោះមានការទប់ស្កាត់ជំងឺកូវីដ ១៩ ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងការសាងសង់លំនៅដ្ឋានជូនអតីតយុទ្ធជនទៀតផង។
កាកបាទក្រហមកម្ពុជាក៏បានផ្តល់អំណោយដល់គ្រួសាររងគ្រោះដោយធម្មជាតិ និងមនុស្សចាស់ឥតទីពឹង កុមារកំព្រា អ្នកពិការ ស្ត្រីមេម៉ាយ ជនជាតិភាគតិច នៅជនបទដាច់ស្រយាលបានជិត ១៤ ម៉ឺនគ្រួសារ បានចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងបានអប់រំផ្សព្វផ្សាយយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន សំណល់ជាតិផ្ទុះពីសង្គ្រាម។ បើយោងតាមរបាយការណ៍ដដែលនេះ៕ ដោយ៖ នាង សុគន្ធា