ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន

សៀមរាប៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក និងកិច្ចប្រជុំពាក់ព័ន្ធ នៅសណ្ឋាគារសុខាខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះ ដែលគូសរំលេចពីបញ្ហាសន្តិសុខនៅក្នុងតំបន់ និងពិភពលោក ក៏ដូចជាបញ្ហាប្រឈមមួយចំនួនទៀត។

សូមជម្រាបថា នៅថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងការពារជាតិកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំនូវកិច្ចប្រជុំសំខាន់ៗមួយចំនួនរួមមាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានចង្អៀត (ADMM Retreat), កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ (9th ADMM Plus) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ឥណ្ឌា, កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក។

សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិមកពីប្រទេសមិនមែនសមាជិកអាស៊ានចំនួន៨ផ្សេងទៀត រួមមាន៖ សហរដ្ឋអាមេរិក, ចិន, រុស្សី, ជប៉ុន, ឥណ្ឌា, កូរ៉េខាងត្បូង, នូវែលស៉ីឡង់ និងអូស្ត្រាលី។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នឹងស្តាប់របាយការណ៍ នៃការអភិវឌ្ឍន៍ថ្មីៗនៅក្នុងអាស៊ាន ការផ្លាស់ប្តូរទស្សនៈស្តីពីបរិយាកាសសន្តិសុខតំបន់ និងអន្តរជាតិ និងកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់។

នៅក្នុងពិធីបិទបញ្ចប់ នៃកិច្ចប្រជុំខាងលើ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏នឹងធ្វើពិធីផ្ទេរតំណែងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ជូនឯកឧត្ដម ប្រាបូវ ស៊ូប៊ីយ៉ានតូ រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលជាប្រធានប្តូរវេន សម្រាប់ឆ្នាំ២០២៣ ផងដែរ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner