ប្អូនស្រីលោក គីម ជុងអ៊ុន ចេញមុខថ្កោលទោសក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ដែលបានរិះគន់ការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង

ព្យុងយ៉ាង៖ ប្អូនស្រីបង្កើតរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថ្កោលទោសសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានរិះគន់ការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបលើកចុងក្រោយរបស់ទីក្រុងព្យុងយ៉ាង។

លោកស្រី គីម យ៉ូជុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកក្រុមប្រឹក្សាសន្តិសុខមួយចំនួន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ក្រោមគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក។ លោកស្រីថា រដ្ឋាភិបាលកូរ៉េខាងជើងថ្កោលទោសយ៉ាងដាច់អហង្ការ នូវអ្វីដែលលោកស្រីហៅថា ចលនាមិនប្រុងប្រយ័ត្ន និង ការញុះញង់នយោបាយដ៏ធ្ងន់ធ្ងរ។

ទង្វើទាំងនេះ នឹងជំរុញឱ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េឈានដល់ដំណាក់កាលថ្មីនៃវិបត្តិ។ លោកស្រី គីម យ៉ូជុង បានបញ្ជាក់យ៉ាងដូច្នេះថា យើងនឹងមិនអត់ឱនឱ្យនរណាម្នាក់ ដែលបង្កាច់បង្ខូចការអនុវត្តសិទ្ធិការពារខ្លួនរបស់យើង ដើម្បីការពារសន្តិសុខរបស់រដ្ឋនោះទេ ហើយក៏នឹងចាត់វិធានការប្រឆាំងដ៏ខ្លាំងក្លាបំផុតរហូតដល់ទីបញ្ចប់ផងដែរ។ លោកស្រីក៏បានព្រមានដែរថា ប្រសិនបើសហរដ្ឋអាមេរិកប្រកាន់ខ្ជាប់នូវគោលនយោបាយប្រឆាំងនឹងកូរ៉េខាងជើង នោះទីក្រុងវ៉ាស៊ីនតោននឹងប្រឈមមុខនូវវិបត្តិសន្តិសុខកាន់តែធ្ងន់ធ្ងរ។

លោកស្រី គីម យ៉ូជុង បានចេញសេចក្តីថ្លែងការណ៍បែបនេះ ក្នុងថ្ងៃអង្គារទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីសមាជិកក្រុមប្រឹក្សាសន្តិសុខបានជួបជុំគ្នាសម្រាប់កិច្ចប្រជុំបន្ទាន់មួយក្នុងសប្តាហ៍នេះ។ សហរដ្ឋអាមេរិក និងប្រទេសសមាជិកមួយចំនួនផ្សេងទៀតបានពិភាក្សាគ្នា អំពីរបៀបឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីល Hwasong-17 របស់កូរ៉េខាងជើង កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ដោយបានហៅវាថា ជាការរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕ ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner