រដ្ឋមន្រ្តីពាណិជ្ជកម្ម កម្ពុជា-បង់ក្លាដែស បន្តជួបពិភាក្សាគ្នាដោយផ្តោជាសំខាន់ទៅលើការពង្រឹងទំនាក់ទំនងទ្វេភាគី ការតភ្ជាប់ កិច្ចសហប្រតិបត្តិការនិងសកម្មភាពយុទ្ធសាស្រ្តអនាគតក្នុងការនាំចូលអង្ករពីប្រទេសកម្ពុជាទៅក្នុងទីផ្សារបង់ក្លាដែស

ភំ្នពេញ៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Sadhan Chandra Majumder រដ្ឋមន្រ្តីក្រសួងស្បៀងអាហារបង់ក្លាដែស និងគណៈប្រតិភូ ផ្តោតលើការងារសំខាន់ៗមួយចំនួន រួមមាន៖ ការពង្រឹងទំនាក់ទំនងទ្វេភាគី ការតភ្ជាប់ កិច្ចសហប្រតិបត្តិការនិងសកម្មភាពយុទ្ធសាស្រ្តអនាគតក្នុងការនាំចូលអង្ករពីប្រទេសកម្ពុជាទៅក្នុងទីផ្សារបង់ក្លាដែស។

ឯកឧត្តមរដ្ឋមន្រ្ដី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងស្បៀងអាហារបង់ក្លាដែស និងគណៈប្រតិភូ ក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម។

ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានសម្តែងនូវសុទិដ្ឋិនិយមចំពោះកំណើនជាវិជ្ជមាននៃពាណិជ្ជកម្មទ្វេភាគីដែលសម្រេចបានក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០២២ ដែលមានទំហំទឹកប្រាក់ប្រមាណ ២២លានដុល្លារសហរដ្ឋអាមេរិក កើនឡើងប្រមាណ ៥៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការជំរុញកំណើនពាណិជកម្មទ្វេភាគីឱ្យកាន់តែប្រសើរទ្បើងបន្ថែមទៀត។

បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានស្នើភាគីបង់ក្លាដែសដាក់ចេញនូវទិសដៅការងារមួយចំនួន ដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ស្របតាមការចង្អុលបង្ហាញពីប្រមុខដឹកនាំនៃប្រទេសទាំងពីរ រួមមាន៖ ១) ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-បង់ក្លាដែស និងការធានាបាននូវការអនុវត្តដោយពេញលេញនិងមានប្រសិទ្ធភាព, ២) ការរៀបចំកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះរវាងកម្ពុជា-បង់ក្លាដែស ដើម្បីពិនិត្យនិងតាមដានវឌ្ឍនភាពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ, ៣) ការពិនិត្យលទ្ធភាពបន្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្កររវាងកម្ពុជា-បង់ក្លាដែស ជាដើម។

ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្ពុជា បានស្នើភាគីបង់ក្លាដែសបង្កើតឱ្យមានក្រុមការងារបច្ចេកទេសរួម ដើម្បីពិនិត្យ និងរៀបចំការសិក្សាសមិទ្ធិភាពរួមគ្នា (Joint Feasibility Study) សម្រាប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-បង់ក្លាដែស ស្របតាមចុក្ខវិស័យនៃប្រទេសទាំងពីរ និងស្មារតីនៃជំនួបទ្វេភាគីរវាង ប្រមុខដឹកនាំនៃប្រទេសទាំងពីរ នាពេលកន្លងទៅថ្មីៗនេះ។

ជាការឆ្លើយតប ភាគីបង់ក្លាដែស បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសសារៈសំខាន់នៃការលើកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម។ ក្នុងនោះផងដែរ ភាគីបង់ក្លាដែស បានឯកភាពក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-បង់ក្លាដែស, ការបន្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្កររវាង កម្ពុជា-បង់ក្លាដែស និងការរៀបចំកិច្ចប្រជុំលើកទី១នៃក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះរវាងកម្ពុជា-បង់ក្លាដែស។ លើសពីនេះភាគីទាំងពីរ បានឯកភាពគ្នាចាត់តាំងមន្រ្តីបង្គោល ដើម្បីបន្តអនុវត្តទិសដៅការងារដែលជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សាថ្ងៃនេះ រួមទាំងការពិនិត្យលទ្ធភាពរៀបចំការសិក្សាសមិទ្ធិភាពរួមគ្នា (Joint Feasibility Study) សម្រាប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ផងដែរ។

ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធិ សំដៅជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner