រដ្ឋមន្ត្រីពាណិជ្ជកម្ម ថ្លែងអំណរគុណចំពោះក្រុមហ៊ុន City Rice Import Export ដែលបាននាំយក«អង្កររំដួល» កម្ពុជាទៅចូលរួមប្រកួតក្នុងវេទិកាស្រូវ-អង្ករពិភពលោក និងទទួលបានពានរង្វាន់លេខ១ ជាអង្ករល្អដាច់គេ

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអបអរសាទរ និងអំណរគុណចំពោះក្រុមហ៊ុន City Rice Import Export ដែលបាននាំយក «អង្កររំដួល» របស់កម្ពុជាទៅចូលរួមប្រកួតក្នុងវេទិកាស្រូវ-អង្ករពិភពលោក រហូតទទួលបានពានរង្វាន់លេខ១ ជា «អង្ករល្អដាច់គេ»។ ការថ្លែងបែបនេះ ធ្វើឡើងកាលពរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ក្នុងឱកាសដែល ឯកឧត្តម រដ្ឋមន្ត្រី បានអនុញ្ញាតអោយ លោកឧកញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export និងសហការី ចូលជួបសម្តែការគួរសម នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្រោមការសម្របសម្រួលពី ឯកឧត្តម ចាន់ សុខទី ប្រត្តិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្ត បានសម្តែងនូវសេចក្ដីសោមនស្សរីករាយចំពោះលទ្ធផលដែលអង្ករកម្ពុជាទទួលបាននេះ ព្រោះវាជាឧត្តមភាព និងកិត្យានុភាពនៃវិស័យស្រូវអង្ករកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយអង្ករនាំចេញរបស់ប្រទេសនានាលើពិភពលោក លើសពីនេះ ការទទួលជ័យលាភីកម្រិតពិភពលោករហូតដល់ទៅ ៥ឆ្នាំនេះ គឺពិតជាមោទនភាពដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហព័ន្ធស្រូវអង្ករកម្ពុជា សមាជិកជាដៃគូ សហគមន៍កសិកម្ម ព្រមទាំងប្រជាកសិករ ដែលបានខិតខំប្រឹងប្រែងរាប់ចាប់តាំងពីការដាំដុះ រហូតដល់ការកែច្នៃអង្ករឱ្យមានគុណភាពកម្រិតស្តង់ដា រហូតធ្វើឱ្យកេរ្តិ៍ឈ្មោះស្រូវអង្ករកម្ពុជា មានភាពល្បីល្បាញកាន់តែខ្លាំង និងទទួលបានការគាំទ្រពីគ្រប់មជ្ឍដ្ឋាន។

ជាមួយគ្នានេះ លោកឧកញ៉ា ឡាយ ឈុនហួ លើកឡើងផងដែរថា កិត្តិនាមដែលទទួលបាននេះ នឹងជួយផ្សព្វផ្សាយពីគុណភាពអង្ករកម្ពុជាកាន់តែច្រើន ពិសេសធ្វើឱ្យគេស្គាល់ពីគុណភាពអង្ករកម្ពុជា»។ លោកឧញ៉ា បញ្ជាក់ជូនថា ដើម្បីទទួលបានជយលាភីនេះ អង្ករកម្ពុជាត្រូវឆ្លងកាត់ការត្រួតពិនិត្យទៅលើចំណុចជាច្រើនដូចជា រូបរាងគ្រាប់អង្ករ, ភាពទន់, ក្លិន និងរសជាតិ ជាដើម។

សូមជម្រាបជូនថា កន្លងមកអង្ករកម្ពុជាធ្លាប់ឈ្នះពានអង្ករល្អជាងគេបំផុតក្នុងពិភពលោក ចំនួន ៤ លើករួចមកហើយ ដោយឈ្នះ ៣ ឆ្នាំជាប់ៗគ្នា គឺឆ្នាំ២០១២, ២០១៣ និង ២០១៤ និងចុងក្រោយក្នុងឆ្នាំ២០១៨ នៅប្រទេសវៀតណាម។ ក្រៅពីនោះអង្ករកម្ពុជា ក៏ធ្លាប់ទទួលបានលេខ ២ ក្នុងឆ្នាំ២០១៥, ២០១៦ និងឆ្នាំ២០១៧ ផងដែរ៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner