ការប្រកួតប្រជែងស្នាដៃរបស់យុវជនមកពី២៥ខេត្តក្រុង ក្រោមប្រធានបទ “STEM និងការប្រើប្រាស់ក្នុងវិស័យបរិស្ថាន”

សៀមរាប៖ អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីពិព័រណ៍ប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការប្រើប្រាស់ក្នុងវិស័យបរិស្ថាន” ដោយមានយុវជនជាច្រើននាក់មកពីបណ្តា ២៥រាជធានី-ខេត្តទូទាំងប្រទេសបានចូលរួម នឹងនាំយកនូវស្នាដៃច្នៃប្រឌិតរបស់ពយកគេមកធ្វើការតាំងបង្ហាញ និងប្រកួតប្រជែង។ ពិធីនេះរៀបចំឡើងនៅក្នុងបរិវេនអគារមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានយុវជន បានឲ្យដឹងថា ការរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃយុវជននេះឡើង ក្នុងគោលបំណងធ្វើយ៉ាងណាដើម្បីឲ្យយុវជនមានការច្នៃប្រឌិត និងចូលរួមចំណែកអភិវឌ្ឍន៍វិស័យបរិស្ថានតាមបែបទំនើប ដើម្បីធ្វើយ៉ាងឲ្យវិស័យបរិស្ថាននៅកម្ពុជាមានភាពរីកចម្រើនជឿនលឿនដូចបណ្ដាប្រទេសមួយចំនួនទៀត។ ជាងនេះទៅទៀតកម្មវិធីនេះដែរ ក៏ជាការជំរុញយុវសិស្ស រួមទាំងលោកគ្រូអ្នកគ្រូឲ្យផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងក្នុងការសិក្សាស្រាវជ្រាវលើមុខវិជ្ជាដែលទាក់ទងនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលជាមុខជំនាញមានសក្តានុពលសម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្តល់ឱកាសឱ្យយុវជនបានបង្ហាញនូវសមត្ថភាព និងស្នាដៃបង្កើតថ្មីរបស់ក្រុមខ្លួន។

ឯកឧត្តម បណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកយុវជន គឺជាធនធានដ៏មានតម្លៃបំផុតសម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងជាកម្លាំងចលករដ៏សំខាន់ ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិទាំងពេលបច្ចុប្បន្ន និងអនាគត។ ជាមួយគ្នានោះរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ បានអនុម័តលើ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” សម្រាប់ដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការធើ្វបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ដោយផ្អែកលើគន្លង “ប្រក្រតីភាពថ្មី” ។

ឯកឧត្តម បណ្ឌិត មានប្រសាសន៍ទៀតថា ដើម្បីចូលរួមគាំទ្រក្របខណ្ឌគោលនយោបាយនេះ យុវជនកម្ពុជាគប្បីត្រូវមានបំណិនសតវត្សទី២១ គឺ៖ “បំណិនឌីជីថល បំណិននិវានុវត្តន៍ និងគំនិតផ្តួចផ្តើមថ្មីៗ” និងរួមផ្សំជាមួយ “បំណិន ប្រពៃណី” មួយចំនួនដែលរក្សាបាននូវអត្តសញ្ញាណជាតិ និងការរីកចម្រើនសង្គមប្រកបដោយ បរិយាបន្ន។ បន្ថែមលើសនេះ កម្ពុជា និងសាកលទាំងមូលក៏កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅ លើការធ្វើបរិវត្តកម្មការអប់រំ (Transforming Education) ដើម្បីធ្វើយ៉ាងឱ្យសេវាអប់រំឆ្លើយតប យ៉ាងវិជ្ជមានស្របតាមបរិបទប្រក្រតីភាពថ្មី និងប្រកបដោយសមធម៌ និងបរិយាប័ន្ន។ ជាក់ស្ដែងកម្មវិធីពិព័រណ៍ប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ នាឱកាសនេះដែរ ក៏ជាការអប់រំដល់យុវជនទាំងអស់ឲ្យបានយល់ច្បាស់ពីអ្វីដែលជាបដិវត្តឧស្សាហកម្មទី៤.០ និងយុគសម័យព័ត៌មាន ដែលពេញនិយមលើផ្នែក សេដ្ឋកិច្ច និងហិរញ្ញវត្ថុឌីជីថល ដោយកម្ពុជាកំពុងតែត្រូវការយុវជន មានបំណិនសិក្សា ជំនាញត្រិះរិះ ពិចារណា ច្នៃប្រឌិត សហប្រតិបត្តិការក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឆ្លើយតបនឹងបរិបទយុគសម័យទំនើបឌីជីថលផងដែរ៕ ដោយ ស៊ាន សុផាត

ads banner