​​កាណាដា​ស៊ើប​អង្កេត​​​បន្ទាប់ពីរបាយការណ៍មួយផ្សាយថាមាន​​ប៉ុស្តិ៍​ប៉ូលីស​ចិន​នៅក្នុងទឹកដីរបស់ខ្លួន

កាណាដា៖ប៉ូលីស​កាណាដា (RCMP) ​​បាន​​និយាយ​​កាល​​​ពី​​ថ្ងៃ​​អង្គារ​ទី​ ២២ ខែ​វិច្ឆិកា​ថា​​ ខ្លួន​នឹង​ស៊ើប​អង្កេត​របាយការណ៍​​ជុំវិញ​ករណី​នៃ​ការ​បើក​​​​ស្ថានីយ៍​ប៉ុស្ដិ៍​ប៉ូលីសរបស់​​​ចិន​​ នៅ​​​តំបន់​ Greater Toronto ដែល​នឹង​ពិនិត្យ​មើល​​លើ​លទ្ធភាព​នៃ​ការ​ជ្រៀត​ជ្រែក​ចូល​​ផល​ប្រយោជន៍​ផ្ទៃ​ក្នុង​ និង​​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​​កាណាដា​។ ​

ចំណាត់​ការ​របស់​កាណាដា​នា​ពេល​នេះ​ ធ្វើឡើង​ដូច​គ្នា​នឹង​​ប្រទេស​ផ្សេង​ទៀត​​​​រួម​មាន​​សហរដ្ឋ​អាមេរិក​ និង​ហូឡង់​ជា​ដើម​ បន្ទាប់​ពី​​អង្គការ​សិទ្ធិ​មនុស្ស​​មាន​មូលដ្ឋាន​នៅ​អឺរ៉ុប​ Safeguard Defenders បាន​ចេញ​របាយការណ៍​​មួយ​កាល​ពី​ខែ​កញ្ញា​ ដោយ​​​​អះ​អាង​​ថា​ ចិន​បាន​ដាក់​ប៉ុស្តិ៍​ប៉ូលីស​របស់​ខ្លួន​នៅ​រាប់​សិប​កន្លែង​នៅ​ទី​ក្រុង​ធំ​ៗ​ជុំ​វិញ​ពិភព​លោក​។

​របាយការណ៍​​នោះ​​លើក​ឡើង​​​ថា​ វត្តមាន​នៃ​ប៉ុស្តិ៍​ប៉ូលីស​ចិន​ទាំង​នោះ​ ស្ថិត​នៅ​ក្រោម​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ទី​ក្រុង​ប៉េកាំង​ ក្នុង​ការ​គ្រប់​គ្រង​​សំឡេង​ប្រឆាំង​​ក្រៅ​ប្រទេស​ ដោយ​​បញ្ចុះ​បញ្ជូល​​​​​ពួកគេ​ឱ្យ​ត្រឡប់​ទៅ​​​ចិន​វិញ​ ហើយធ្វើ​ការ​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​ឧក្រិដ្ឋ​ផ្សេង​ៗ​។ វា​ក៏​មាន​ជាប់​ទាក់​ទ​ង​ផង​ដែរ​ទៅ​នឹង​​សកម្មភាព​របស់​នាយកដ្ឋាន​រណសិរ្ស​រួប​រួម​​​​ចិន​ ដែល​​ជា​​ស្ថាប័ន​បក្ស​កុម្មុយនីស្ត​ ដែល​រង​ការ​ចោទ​ប្រកាន់​​ពី​​បទ​ផ្សព្វ​ផ្សាយ​ឥទ្ធិពល​ និង​ការ​ឃោសនា​​​បម្រើ​​ផល​ប្រយោជន៍​ឱ្យ​រដ្ឋាភិបាល​ចិន​​នៅ​ក្រៅ​ប្រទេស​។ ​​​

​​ចំពោះ​ការ​ស៊ើប​អង្កេត​​លើ​​ករណី​នេះ​ ប៉ូលីស​កាណាដា​ RCMP បាន​​លើក​ឡើង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​​កាល​ពី​ថ្ងៃ​អង្គារ​ថា​៖ «​គោល​បំណង​របស់​យើង​ គឺ​ដើម្បី​ការពារ​ការ​បំភិត​បំភ័យ ​ការ​គំរាម​កំហែង​ និង​ការ​យាយី ​​​​ដែល​ផ្តួច​ផ្តើម​ឡើង​ក្នុង​នាម​អង្គភាព​បរទេស​ ​និង​ត្រូវ​បាន​​អនុវត្ត​​ក្នុង​សហគមន៍​ណា​មួយ​នៅ​ក្នុង​ប្រទេស​កាណាដា​»​។

បើ​តាម​របាយការណ៍​ Safeguard Defenders ​មាន​​ប៉ុស្តិ៍ប៉ូលីស​​ចិន​​ចំនួន​បីនៅ​តំបន់​ Greater Toronto ដែល​រួម​បញ្ជូល​ទាំង​ក្រុង​តូរ៉ុនតូ​ ដែល​ជា​រាជ​ធានី​ហិរញ្ញ​វត្ថុ​ និង​​​មាន​ប្រជាជន​រស់​នៅ​ច្រើន​ជាង​គេ​បំផុត​របស់​កាណាដា​។ ​

ឆ្លើយ​តប​នឹង​នឹង​​ចំណាត់​ការ​របស់​ប៉ូលីស​កាណាដា​ ភាគី​ចិន​មិន​បាន​ធ្វើ​ប្រតិកម្ម​យ៉ាង​ណា​នោះ​ទេ​ ប៉ុន្តែ​កន្លង​​មក​ ចិន​បាន​ច្រាន​ចោល​រ​បាយការណ៍​របស់​ Safeguard Defenders ហើយគូស​បញ្ជាក់​​ថា​ ​​​ខ្លួន​គោរព​​ច្បាប់​អន្តរជាតិ​ និង​​អធិបតេយ្យ​ភាព​​​នៃ​ប្រព័ន្ធ​យុត្តិធម៌​​របស់​ប្រទេស​នីមួយ​។​​

គួរ​​កត់​សម្គាល់​​ផង​​ដែរ​ថា​ ចំណាត់​ការ​របស់​កាណាដា​នា​ពេល​នេះ​ ធ្វើ​​ឡើង​​ខណៈ​​ដែល​ភាព​តាន​តឹង​រវាង​ចិន​ និង​កាណាដា​ បាន​បន្ត​កើន​ឡើង​កាន់​តែ​ខ្លាំង​ក្នុង​រយៈ​​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​។ ​ភាព​តាន​តឹង​ផ្នែក​ការ​ទូត​ បាន​កើត​ឡើង​​ក្រោម​ប្រធាន​បទ​ក្ដៅ​ថ្មី​ៗ​នេះ​ នៅ​ពេល​​ប្រធានាធិបតី​ចិន​ ស៊ី​ ជិនពីង​ បាន​និយាយ​ទល់​មុខ​​​លោក​នាយករដ្ឋ​មន្រ្តី​កាណាដា​ ចាស្ទីន​ ទ្រូដូ ជុំ​វិញ​ការ​បែក​ធ្លាយ​លើ​កិច្ច​សន្ទនា​រវាង​មេដឹក​នាំ​ទាំង​២​  នៅ​ខាង​ក្រៅ​កិច្ច​​ប្រជុំ​កំពូល​G-20 កាល​ពី​សប្ដាហ៍​មុន​៕

ដោយ៖ហួន ឌីណា ប្រភព៖ Canada probes reports of Chinese ‘police service stations’ in Toronto as national security threats

ads banner