សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាគន្លឹះ បើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក លើកទី៩

សៀមរាប៖ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ នាព្រឹកថ្ងៃទី២៣ វិច្ឆិកានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថាគន្លឹះ ដោយរំលេចនូវទស្សនៈមួយចំនួន ទាក់ទិននឹងមូលបទ របស់កិច្ចប្រជុំនេះ ដែលផ្ដោតសំខាន់ទៅលើ «សន្តិសុខប្រកបដោយភាពសុខដុម» ។

សូមជម្រាបថា ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងការពារជាតិកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំនូវកិច្ចប្រជុំសំខាន់ៗមួយចំនួន នៅក្រុងសៀមរាប រួមមាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានចង្អៀត (ADMM Retreat), កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ (9th ADMM Plus) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ឥណ្ឌា, កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក ។

ចំពោះ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក មានការអញ្ជើញចូលរួមពី រដ្ឋមន្ត្រីការពារជាតិ មកពីប្រទេសមិនមែន សមាជិកអាស៊ាន ចំនួន ៨ផ្សេងទៀត រួមមាន៖ សហរដ្ឋអាមេរិក, ចិន, រុស្សី, ជប៉ុន, ឥណ្ឌា, កូរ៉េខាងត្បូង, អូស្ត្រាលី និងនូវែលហ្សេឡង់។

ក្នុងសុន្ទរកថាគន្លឹះ ថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩នេះ សម្ដេចតេជោ បានចាត់ទុក មូលបទរបស់កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូក លើកទី៩ ដែលផ្ដោតសំខាន់ទៅលើ «សន្តិសុខប្រកបដោយភាពសុខដុម» ថាជា គំនិតថ្មីមួយសម្រាប់តំបន់ , ហើយបើ តាមទស្សនៈ របស់សម្ដេច , ដើម្បីសម្រេចបាននូវ «សន្តិសុខប្រកបដោយភាពសុខដុម» នៅក្នុងតំបន់, គឺត្រូវការធាតុចូលយ៉ាងហោចណាស់ ប្រាំចំណុច រួមមាន៖

ទី១. លើកកម្ពស់មជ្ឈភាពអាស៊ាន ដែលជាទូទៅសំដៅទៅលើ តួនាទីប្រមូលផ្តុំ របស់ អាស៊ាន ក្នុងការដាក់ចេញនូវរបៀបវារៈ និង សមត្ថភាពក្នុងការកំណត់ និង កែប្រែលទ្ធផល ។

ទី២. លើកកម្ពស់និម្មាបនកម្មសន្តិសុខតំបន់ ដោយផ្អែកលើច្បាប់ ប្រកបដោយបរិយាបន្ន និង បើកចំហ។
ចំណុចនេះ សម្ដេចគូសបញ្ជាក់ថា ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក គឺជាយានដ៏សំខាន់មួយ ដើម្បីសម្រេច បាននូវនិម្មាបនកម្មសន្តិសុខតំបន់ ។
យើងសូមស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិក ទាំងអស់ ដរាបណាគំនិតផ្តួចផ្តើមទាំងនេះជំរុញឱ្យមានសន្តិភាព និង ការអភិវឌ្ឍ, មិនត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងប្រទេសណាមួយ និង ស្របតាមមជ្ឈភាពអាស៊ាន និង ទស្សនវិស័យអាស៊ានស្តីពី ឥណ្ឌូ-ប៉ាស៊ីហ្វិក ។

ទី៣. ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និង ការពារជាតិ ដែលផ្អែកលើការជឿទុកចិត្ត និង ប្រជាជនជាស្នូល ។ យើងបានកំណត់យកសន្តិសុខ និង សុខុមាលភាពរបស់ប្រជាជន ជាមូលដ្ឋាន នៅក្នុងគោលនយោបាយសន្តិសុខ និង កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់យើង ។ រីឯការទុកចិត្តគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ។

ទី៤. លើកកម្ពស់សន្តិសុខគ្រប់ជ្រុងជ្រោយ ។
ជំងឺរាតត្បាតកូវីដ-១៩ គឺជាសញ្ញាដាស់តឿន ឱ្យយើងយកចិត្តទុកដាក់កាន់តែខ្លាំងដល់សន្តិសុខផ្នែកសុខភាព ។ សន្តិសុខអាកាសធាតុ គឺជា បញ្ហាសំខាន់មួយទៀត ដែលយើងចាំបាច់ត្រូវប្រមូលផ្ដុំកិច្ចខិតខំប្រឹងប្រែង និង ធនធានបន្ថែម ទៀត ។ កិច្ចសហប្រតិបត្តិការរវាងស៊ីវិល និង យោធាលើសន្តិសុខគ្រប់ជ្រុងជ្រោយ គឺកាន់តែមានសារៈសំខាន់ ។

ទី៥. លើកកម្ពស់សន្តិសុខ ប្រកបដោយកិច្ចសហប្រតិបត្តិការ ។ ដោយសារមានការកើនឡើង នៃភាពស្មុគស្មាញ និង លក្ខណៈច្រើនទម្រង់ របស់សន្តិសុខ និង ការគំរាមកំហែងឆ្លងដែន, យើងត្រូវតែសហការឱ្យបានជិតស្និទ្ធបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម និង ឧបសគ្គ ទាំងនេះ ។

មុនបញ្ចប់សុន្ទរកថាគន្លឹះ សម្ដេចតេជោ សង្កត់ធ្ងន់ថា ទំនាក់ទំនង និង កិច្ចពិភាក្សាគា្ន ដោយបើកចំហ, ស្មោះត្រង់ និង ប្រកបដោយបរិយាបន្ន គឺជាមាគ៌ាឆ្ពោះទៅរកការបំបាត់ភាពតានតឹង, ការបង្ការ ជម្លោះនាពេលអនាគត និង ការកសាង «សន្តិសុខប្រកបដោយភាពសុខដុម» ដោយផ្អែកលើ ការគោរពគ្នា, ការយោគយល់គ្នា, ការជឿទុកចិត្តគ្នា និង ការគោរពប្រយោជន៍គ្នាទៅវិញទៅមក , ហើយយើងត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈម នៃសន្តិសុខជាប្រពៃណី និង មិនមែនជាប្រពៃណីរបស់យើង ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner