ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ីកើនឡើងដល់ ២៦៨នាក់ ហើយ ១៥១នាក់នៅតែបាត់ខ្លួន

ហ្សាការតា៖ មន្ត្រីក្នុងតំបន់បាននិយាយ កាលពីថ្ងៃអង្គារទី២២ ខែវិច្ឆិកានេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី កាលពីថ្ងៃចន្ទ នៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ីបានកើនឡើងដល់ ២៦៨នាក់ហើយ និង ១៥១នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។

ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ Suharyanto បានប្រាប់សន្និសីទសារព័ត៌មានថា “ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៦៨ នាក់ហើយ” ។

លោកបាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ ដែលបានវាយប្រហារខេត្ត West Java របស់ឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ ក៏បានបណ្តាលឲ្យមនុស្សចំនួន ១០៨៣នាក់រងរបួស និងបានបង្ខំឱ្យមនុស្ស ៥៨៣៦២នាក់ផ្សេងទៀតភៀសខ្លួនចេញពីផ្ទះ ខណៈដែលការរញ្ជួយដីនេះបានបំផ្លាញផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធជាង ២១០០០ខ្នង។

លោក Suharyanto បាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះសម្រាប់ជនរងគ្រោះដោយការរញ្ជួយដីកំពុងដំណើរការនៅឡើយ។
កាលពីព្រឹកថ្ងៃអង្គារ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានស្នើឱ្យអាជ្ញាធរផ្តល់អាទិភាពដល់ប្រតិបត្តិការ និងជួយសង្គ្រោះជនរងគ្រោះជាមុនសិន។

លោកប្រធានាធិបតីបាននិយាយនៅពេលទៅទស្សនាតំបន់ដែលរងផលប៉ះពាល់ដោយរញ្ជួយដី រដ្ឋាភិបាលនឹងផ្តល់សំណងដល់ផ្ទះដែលរងការខូចខាតដោយសារការរញ្ជួយដី តែសង្កត់ធ្ងន់ថា ផ្ទះថ្មីដែលត្រូវសាងសង់ត្រូវតែអាចទប់ទល់នឹងការរញ្ជួយដី។

ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ បាននិយាយថា គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោង ១៣៖២១នាទី ម៉ោងនៅទីក្រុងហ្សាការតា កាលពីថ្ងៃចន្ទ ជាមួយនឹងចំណុចកណ្តាលនៅចម្ងាយ ១០គីឡូម៉ែត្រ ភាគនិរតីនៃស្រុក Cianjur ក្នុងខេត្ត West Java និងជម្រៅ ១០គីឡូម៉ែត្រ នេះបើតាមទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូមិសាស្ត្រ ៕ ប្រភពពី ស៊ីនហួរ, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner