មន្រ្តី គ.ជ.ប បញ្ជាក់ថា នឹងមិនមាន​ការពន្យារពេល ឬបន្ថែម​ថ្ងៃសម្រាប់​អ្នកដែល​មិនបានចុះឈ្មោះបោះឆ្នោតទាន់​ពេលកំណត់​នោះឡើយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់​ឱ្យដឹងថា គ.ជ.បនឹងមិនមានការ​ពន្យារពេលឬបន្ថែម​ថ្ងៃសម្រាប់​ការចុះ​ឈ្មោះនិងពិនិត្យបញ្ជីឈ្មោះ​បោះ​ឆ្នោត​ ឆ្នាំ​២០២២ ឡើយ ប្រសិនបើ​មាន​ប្រជាពលរដ្ឋណាដែល​ខកខាន ឬយឺតយ៉ាវក្នុង​ការ​មកចុះឈ្មោះ​បោះឆ្នោតតាមកាលកំណត់របស់គ.ជ.ប)។

ឯកឧត្តម សោម សូរីដា អគ្គលេខា​ធិការ​រង និង​ជាអ្នក​នាំពាក្យ​គ.ជ.បបានប្រាប់​ឱ្យ​ដឹងថា ការចុះឈ្មោះនិង​ពិនិត្យ​ឈ្មោះ​បោះ​ឆ្នោត​បាននិងកំពុងប្រព្រឹត្តិទៅជាធម្មតា ហើយ​ប្រជាពលរដ្ឋ​ដែល​បានទៅចុះឈ្មោះនេះ​មាន​ចំនួន​ច្រើន​​ហួសពីការរំពឹងទុកផងដែរ។

​បើតាម​ការ​លើកឡើង​របស់អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ចំនួនអ្នកដែល​គ.ជ.ប រំពឹងថានឹង​អាចមក​ចុះឈ្មោះ​បោះឆ្នោតថ្មីនេះ មាន​ ៤០៩ ០៥៦ នាក់ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​រយៈពេល​៣៤ ថ្ងៃមកនេះ ប្រជាពលរដ្ឋមក​ចុះឈ្មោះមាន​រហូត​ដល់៤៥៣ ៩៥០ នាក់។ ដូចនេះចំនួន​ពលរដ្ឋដែល​មកចុះឈ្មោះ​មកដល់ពេលនេះគឺ​​លើស​ផែនការដែល​បានកំណត់ ជិត​ប្រាំម៉ឺននាក់​ហើយ។

លោកមានប្រសាសន៍ថា ៖ «ប្រសិនបើ​ដល់​ថ្ងៃនៃការបិទបញ្ចប់​ការចុះឈ្មោះនិង​ពិនិត្យ​ឈ្មោះបោះឆ្នោតត្រូវនឹងថ្ងៃទី៨ ខែធ្នូខាងមុខនេះ ហើយ​ប្រជាពលរដ្ឋដែល​មិនបានមកចុះឈ្មោះ​ទេនោះ គឺ​ពួកគាត់​នឹងខកខានក្នុង​ចុះឈ្មោះ​បោះ​ឆ្នោតនេះហើយ ដោយសារគ.ជ.បនឹងមិនមានការ​ពន្យារពេល​ឬបន្ថែម​ថ្ងៃសម្រាប់​ចុះឈ្មោះនេះទៀតឡើយ»។

ឯកឧត្តម សោម សូរីដា បាន​បន្ថែម​ទៀតថា គ.ជ.ប មានពេលវេលា កំណត់សម្រាប់​ការពិនិត្យ​និង​ចុះ​ឈ្មោះបោះ​ឆ្នោត ដោយសារ​គណៈកម្មាធិការនេះ​ត្រូវ​រៀប​ចំ​បញ្ជីបោះឆ្នោត​ដំបូង​ដើម្បីបិទផ្សាយ​ជូនប្រជាពលរដ្ឋ​ក្នុង​ករណីមាន​ការប្តឹង​ជំទាស់ណាមួយ​។

គោលបំណងធំនោះគឺ​ ការប្តឹងតវ៉ាចំពោះ​ការមិនមាន​ឈ្មោះ​នៅ​ក្នុង​បញ្ជីឈ្មោះបោះឆ្នោត ឬករណីឈ្មោះរបស់​ពួកគាត់ កត់ត្រា​មិនបានត្រឹមត្រូវ​តាម​អត្តសញ្ញាណបត្រសញ្ជាតិខ្មែរដែល​ពួកគាត់ប្រើ​សម្រាប់​បោះឆ្នោត ដែល​ករណីនេះពួកគាត់​មានសិទ្ធិក្នុង​ការប្តឹងតវ៉ា ដើម្បី​កែសម្រួល​ឈ្មោះ​។ នេះបើតាមការ​លើកឡើង​ពីលោក សោម សូរីដា។

លោក​បាន​បន្តថា ៖ «ក្នុង​ដំណាក់កាលនោះ គ.ជ.ប ត្រូវការពេល​វេលាដើម្បី​ដោះស្រាយបណ្តឹង ដែលបណ្តឹងនេះ​គឺដោះស្រាយ​ចប់​នៅ​​ក្រុមប្រឹក្សាធម្មនុញ្ញ ហើយបញ្ជីបោះឆ្នោត​ផ្លូវ​ការនឹងត្រូវផ្តល់សុពលភាពនៅថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៣ខាងមុខនេះ។ ដូចនេះ គ.ជ.ប មិនមានពេលវេលាបន្ថែម​សម្រាប់​ប្រជាពលរដ្ឋ​ដែលខកខាន​មិនបានមកចុះឈ្មោះបោះឆ្នោត ដែលនឹងត្រូវ​ផុតកំណត់ត្រឹមថ្ងៃទី​៨ ខែធ្នូខាងមុខនេះ​»។​

របាយការណ៍​របស់​​គ.ជ.ប នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២​ បាន​ឱ្យដឹងថា ​ចាប់ពី​ថ្ងៃទី​២០ ខែតុលា ដល់​ថ្ងៃទី​២២ ខែវិច្ឆិកា គ.ជ.ប បាន​ចុះឈ្មោះប្រជាពលរដ្ឋ​ បាន​ចំនួន​៤៥៣ ៩៥០ នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១៩៦ ៦២៧នាក់, អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៤៤ ៥៨២នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១២៧ ២១៨នាក់។​

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។​

ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ ប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក និងប្រជាពលរដ្ឋដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕

ដោយ៖នាង សុគន្ធា

ads banner