រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ កសិករកម្ពុជាបានអភិវឌ្ឍន៍ខ្លួនផុតពីការធ្វើកសិកម្មដើម្បីត្រឹមតែផ្គត់ផ្គង់សន្តិសុខស្បៀងសម្រាប់គ្រួសារ និងឈានមកដល់ដំណាក់កាលផលិតដើម្បីប្រាក់ចំណេញ និងសល់ប្រាក់ដើម្បីសន្សំទុក

ខេត្តកំពត ៖ ឯកឧត្តម ឌិត ទីណា ថ្លែងថា កសិករកម្ពុជាបានអភិវឌ្ឍន៍ខ្លួនផុតពីការធ្វើកសិកម្មដើម្បីត្រឹមតែផ្គត់ផ្គង់សន្តិសុខស្បៀងសម្រាប់គ្រួសារ និងឈានមកដល់ដំណាក់កាលផលិតដើម្បីប្រាក់ចំណេញ និងសល់ប្រាក់ដើម្បីសន្សំទុកវិញម្តងហើយ ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ៅ ធនិន្ទ គណ:អភិបាលខេត្តកំពត លើការងារអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រី បន្តថា ដើម្បីសម្រេចគោលដៅខាងលើនេះ យើងត្រូវគិតដល់វិស័យកសិកម្ម និងខ្សែច្រវ៉ាក់ផលិតកម្មទាំងមូល តាំងពីមុនពេលផលិត រហូតដល់ការលក់នៅលើទីផ្សារ ដែលជាកំណែទម្រង់ដ៏ធំស៊ីជម្រៅ ប្រើរយៈពេលយូរ និងមិនមែនពាក់ព័ន្ធត្រឹមតែក្រសួងកសិកម្មមួយនោះទេ ដែលការងារនេះទាមទារឱ្យមានការចូលរួមពីគ្រប់តួអង្គទាំងអស់ និងការប្រមូលផ្តុំកម្លាំងរួមទាំងមូលដើម្បីដោះស្រាយបញ្ហា ដូចដែល សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី តែងដឹកនាំអនុវត្តដោយជោគជ័យជារៀងរហូតមក ។

ទន្ទឹមនេះ តាមរយៈការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសទ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហព័ន្ធស្រូវអង្ករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ អាជ្ញាធរមូលដ្ឋាន មន្ទីរកសិកម្ម បងប្អូនប្រជាកសិករ និងកងកម្លាំងយោធាផងដែរ។ ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ យើងបានរួមគ្នាដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃបានយ៉ាងមានប្រសិទ្ធភាព និងសម្រេចបានស្ថិរភាពថ្លៃស្រូវក្នុងរយៈពេលដ៏ខ្លីជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ជាដើម ។

តមក ឯកឧត្តម ឌិត ទីណា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនម្ចាស់ចម្ការទុរេន នៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ។ ឯកឧត្តមបានពន្យល់ប្រាប់បងប្អូនអំពីអត្ថប្រយោជន៍នៃការចងក្រងជាសហគមន៍កសិកម្ម ដើម្បីបង្កើតបាននូវតម្លៃបន្ថែម និងការពារកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ទុរេនកំពត ។

ឯកឧត្តម ក៍បានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្មចុះមកសិក្សាអំពីដំណាំទុរេនកំពត ជួយបងប្អូនរៀបចំឯកសារបង្កើតជាសហគមន៍ និងគ្រោងផលិតស្ទីកឃ័រទំនើបមាន បារកូដ (barcode) សម្រាប់បិទលើផ្លែទុរេនជូនបងប្អូន ។ ស្ទីកឃ័រពិសេស នេះ បញ្ជាក់ពីទីតាំងចម្ការ និងអត្តសញ្ញាណម្ចាស់ចម្ការទុរេន ដែលនឹងផ្តល់ជម្រើស និងភាពងាយស្រួលដល់អ្នកទទួលទាន ក្នុងការសម្គាល់ចំណាំ ការរក្សាទំនុកចិត្ត និងការផ្តល់ការគាំទ្រកាន់តែទូលំទូលាយដល់បងប្អូន ដោយមិនបារម្ភពីការក្លែងបន្លំឈ្មោះ និងគុណភាព៕សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner