ក្រសួងទេសចរណ៍ ផ្តើមដំណើរការជាផ្លូវការ កម្មវិធីអភិវឌ្ឍន៍ជំនាញ ក្នុងខេត្តពោធិ៍សាត់

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានសហការជាមួយនឹងកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) និងគាំទ្រដោយអង្គការស្វីសខន់ថាក់ បានប្រកាសឱ្យដំណើរការជាផ្លូវការកម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme) ក្នុងខេត្តពោធិ៍សាត់ សម្រាប់ឆ្នាំ២០២១-២០២៤ ដោយមានសមាសភាពចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត ប្រតិបត្តិករទេសចរណ៍ និងអ្នកជំនាញទេសចរណ៍សរុបប្រមាណ ៧០រូប។

ថ្លែងនៅក្នុងពិធីបើដំណើរការកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) នេះនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន យុវនារី និងអ្នកជំនាញកម្រិតទាបក្នុងខេត្ត។

លោកថា ការផ្តល់នេះដើម្បីទទួលបាលឱកាសការងារនិងបង្កើនប្រាក់ចំណូលសមរម្យ ក៏ដូចជាចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញមន្ទីរទេសចរណ៍ ដើម្បីមានមូលដ្ឋានធនធានគ្រូបង្គោលសម្រាប់និរន្តភាពការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចក្នុងខេត្តពោធិ៍សាត់ផងដែរ។

លោក ជួប រតនា បានថ្លែងថា ៖ «ការដាក់បញ្ចូលខេត្តពោធិ៍សាត់ទៅក្នុងគោលដៅគម្រោងសម្រាប់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនេះ គឺជាយុទ្ធសាស្ត្រមួយរបស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ដើម្បីជំរុញលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្តឲ្យបានកាន់ល្អប្រសើរ តាមរយៈការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិក»។

លោកបានបន្តទៀតថា ខណៈខេត្តពោធិ៍សាត់កំពុងក្លាយជាគោលដៅទាក់ទាញថ្មីសម្រាប់ទេសចរ តាមរយៈការអភិវឌ្ឍន៍គោលដៅទេសចរណ៍ថ្មីៗជាពិសេសនៅជុំវិញខេត្ត តំបន់វាលវែង និងតំបន់ថ្មដាផងដែរ។

ចំណែកប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ ស្វីសខនថាក់ លោក Christain Volker Ide ក៏បានលើកឡើងដែរថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា នៅក្នុងខេត្តពោធិ៍សាត់នេះ ជាគោលដៅថ្មីរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញដែលអង្គការស្វីសខន់ថាក់ កំពុងយកចិត្តទុកដាក់។ ក្នុងនោះរួមមានខេត្ត ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ ដែលកន្លងមកគម្រោងបានគាំទ្រតែខេត្តចំនួន ៥ប៉ុណ្ណោះនៅភូមិភាគឥសាន្តរួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងខេត្តមណ្ឌលគិរី។

លោកបានបន្តទៀតថា ៖ «អង្គការស្វីសខន់ថាក់ នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិជាមួយដៃគូរអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដើម្បីគៀងគរប្រភពធនធាននិងបច្ចេកទេស សំដៅគាំទ្រការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា នេះឲ្យបានកាន់តែច្រើនបន្ថែមទៀត ជាពិសេសការពង្រីកវិសាលភាពទៅកាន់ខេត្តផ្សេងៗទូទាំងប្រទេស»។

កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ជាសមាសធាតុមួយរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដែលទទួលបានការគាំទ្រថវិកាពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) អនុវត្តគម្រោងដោយអង្គការ ស្វីសខន់ថាក់ ដោយគាំទ្រក្រសួងទេសចរណ៍តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដើម្បីធ្វើការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់យុវជន យុវនារី អ្នកជំនាញកម្រិតទាប ម្ចាស់អាជីវកម្ម និងសហគមន៍ទេសចរណ៍ នៅខេត្តចំនួន ៥នៅភូមិភាគឥសាន្ត និងបានពង្រីកវិសាលភាពការបណ្តុះបណ្តាលដល់ខេត្តចំនួន ៥ទៀតនៅជុំវិញបឹងទន្លេសាប។

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានធ្វើការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍សរុបចំនួន ១.១២៣នាក់ (ស្រី៧៤៥នាក់) លើជំនាញគេហកិច្ច ការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ចុងភៅ និងជំនាញឆុងកាហ្វេ ដោយសហការយ៉ាងជិតស្និតជាមួយអង្គការ ស្វីសខន់ថាក់ មន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោង និងបានពង្រីកទំនាក់ទំនងជាមួយដៃគូរចម្បងៗ ដូចជា មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) អង្គការអន្តរជាតិខាងការងារ (ILO) អង្គការ UNIDO ជាដើម៕
ដោយ៖យុទ្ធ វីរៈ

ads banner