ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកម្ពុជា ដែលបានគាំទ្រអាស៊ែរបៃហ្សង់ ឱ្យក្លាយជាអ្នកសង្កេតការណ៍របស់អាយប៉ា

ភ្នំពេញ៖ ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំកម្ពុជា ដែលបានគាំទ្រអាហ្សែរបៃហ្សង់ ឱ្យក្លាយជាអ្នកសង្កេតការណ៍របស់អាយប៉ា។ បើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបពិភាក្សាការងាររវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវ Sahiba Ali ghizi Gafarova ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងអំពីលទ្ធផលក្រោយជំនួបថា លោកជំទាវ ហ្កាហ្វារ៉ូវ៉ា បានគោរព ថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ , សម្ដេចប្រធានព្រឹទ្ធសភា, សម្ដេចប្រធានរដ្ឋសភា ដែលបានគាំទ្រអាហ្សែរបៃហ្សង់ ឲ្យបានក្លាយជាអ្នកសង្កេតការណ៍របស់អាយប៉ា។

លោកជំទាវ ហ្កាហ្វារ៉ូវ៉ា បានគោរពជំរាបជូនសម្ដេចតេជោថា រយៈពេល ៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវ បានជួបពិភាក្សាការងារ និងបានសង្កេតឃើញសក្ដានុពលកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ ជាពិសេសរវាងយុវជន។

ជាមួយគ្នានោះដែរ លោកជំទាវ ហ្កាហ្វារ៉ូវ៉ា ក៏បានជំរាបជូនសម្ដេចតេជោនូវបំណងជំរុញទំនាក់ទំនងរវាងនីតិប្រតិបត្តិ ជំរុញការអនុវត្ត អនុស្សរណៈ ដែលបានចុះហត្ថលេខារួចហើយ និងស្វែងរកសក្ដានុពលបន្ថែមទៀត ជាមួយការជំរុញការតភ្ជាប់ទំនាក់ទំនងរវាងអាយប៉ា និងបណ្ដាញសភានៃបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយនឹងការវាយតម្លៃរបស់លោកជំទាវ ហ្កាហ្វារ៉ូវ៉ា និងបានសំដែងនូវការគាំទ្រចំពោះការលើកឡើងរបស់លោកជំទាវ ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner